​​កូនធំឡើងក្លាយអាចជាមនុស្សល្អ លុះត្រាតែម្តាយមានគុណសម្បត្តិ៧ យ៉ាងនេះ​

  • 2019-06-11 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​​នាម​​ជា​​អ្នក​​ម្តាយ​​​​ដែល​ពោរពេញ​​ដោយ​​សមត្ថភាព​​និង​​​ឧត្ដមគតិ​​មួយ​​រូប ​តែង​​តែ​​បារម្ភ​​​​ពី​ការ​ចិញ្ចឹម​​​បី​​បាច់​ទុក​ដាក់​កូន​​ចៅ​។ អ្នក​​ម្តាយ​​ណា​​​ក៏​​​ស្រលាញ់ ចង់​ឲ្យ​កូន​​មាន​អត្តចរិត​ល្អ មាន​អនាគត​រុងរឿង​ អាច​លើក​មុខ​មាត់​កិត្តិយស​ខ្លួន​ឯង​​និង​គ្រួសារ​​ដែរ​។ កូន​ៗ​​​​​ប្រៀប​​បាន​នឹង​​ក្រដាស​ស​ស្អាត​មួយ​​ផ្ទាំង ​​​ពេល​ពួក​គេ​​​​ធំ​ឡើង​​​​អាច​​ក្លាយ​ជា​មនុស្ស​ល្អ​បាន ដរាប​​ណា​​​អ្នក​​ម្តាយ​មាន​គុណសម្បត្តិ ៧ យ៉ាង​​នេះ​សិន។

​១. និយាយ​ពាក្យ​ស្រលាញ់​ទៅ​កាន់​​កូនៗ​

កូន​ៗ​បើ​មិន​បាន​​ឮ​ពាក្យ​សម្តី​ចេញ​ពី​មាត់​របស់​អ្នក​ផ្ទាល់​​ទេ​នោះ ពួក​គេ​អាច​គិត​​​អន់​​ចិត្ត​​​ ឬ​យល់​ច្រឡំ​ថា​អ្នក​មិន​បាន​ស្រលាញ់​​​គេ​​​ក៏​មាន។ កុំ​បារម្ភ​ខ្លាច​ថា​​កូន​​បាន​​ចិត្ត​ ត្រូវ​ឧស្សាហ៍​​​និយាយ​ពាក្យ​​​ថា​ស្រលាញ់​ទៅ​​​ពួក​គេ​ឲ្យ​បាន​ច្រើន ព្រោះ​​វា​ជា​ការ​​បន្ថែម​ភាព​កក់​​ក្តៅ​និង​ជំនឿ​ចិត្ត​ទៅ​វិញ​ទេ​។​​​​​

​២. សុំទោស

កុំ​ភ្លេច​ថា​​យើង​សុទ្ធ​​តែ​ជា​មនុស្ស​ដូច​គ្នា​។ កុំ​យក​អំណាច​ជា​ម្តាយ​មក​សំអាង។ បើ​អ្នក​មាន​កំហុស​ គួរ​ហ៊ាន​និយាយ​​​សុំទោស​ទៅ​កាន់​កូនៗ ទើប​ជា​គំរូ​​ល្អ​។ ថ្ងៃ​ក្រោយ​ពេល​ដែល​ពួក​គេ​​ធ្វើ​ខុស ​គេ​នឹង​​​ចេះ​​សុំទោស​​អ្នក​វិញ​ម្តង។​​​

​៣. លើក​លែង​ទោស

​​​​​​​​​​​​​​​​​​កូនៗ​ណា​​ដែល​​ថា​គ្មាន​កំហុស​នោះ​? ក្មេងៗ​​តែង​តែ​​ចូល​ចិត្ត​​លេង​​ រាយប៉ាយ​ ធ្វើ​ឲ្យ​អ្នក​ឈឺ​ក្បាល ឬ​​ពេល​ខ្លះ​មិន​ស្តាប់​​បង្គាប់​​ក៏​មាន។ អ្វី​ដែល​ម្តាយ​ត្រូវ​ធ្វើ​ មិន​មែន​ជា​ការ​មួម៉ៅ​ស្រែក​ឆោឡោ​ដាក់​​​​កូន​ឡើយ ប៉ុន្តែ​ត្រូវ​​និយាយ​ណែនាំ​ដោយ​ចិត្ត​ត្រជាក់ អត់ឱន​និង​ប្រាប់​ពី​កំហុស​ដើម្បី​ឲ្យ​ពួក​គេ​កែប្រែ។

​​៤. ស្តាប់​

ត្រូវ​និយាយ​លេង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​ ទើប​អ្នក​អាច​យល់​ពី​ចិត្ត​របស់​គេ​កាន់​តែ​ច្បាស់។ ចេះ​​ស្តាប់​ពី​គំនិត​​​យោបល់​ហេតុផល​របស់​កូន​ឲ្យ​បាន​​ត្រឹម​ត្រូវ​ ដោយ​មិន​ប្រើ​អារម្មណ៍​​ខ្លួន​ឯង ដើម្បី​ទៅ​វាយ​តម្លៃ​ផ្តេសផ្តាស​ឡើយ។ ពេល​ខ្លះ​កូនៗ​ពិត​ជា​ត្រូវ​ការ ឲ្យ​អ្នក​ស្តាប់ ឱប​​ ដើម្បី​​ផ្តល់​កម្លាំង​ចិត្ត​ដល់​ពួក​គេ។​

​​៥. ដឹង​ពី​ទេពកោសល្យ​របស់​កូន​

​ផ្តល់​ពេល​វេលា​និង​ឱកាស​ឲ្យ​បាន​គ្រប់​គ្រាន់​ អនុញ្ញាត​ឲ្យកូនៗ​ធ្វើ​អ្វី​ដែល​​​ពួក​គេ​ចូលចិត្ត​​ មិន​ថា​ជា​ការ​គូរ​រូប លេង​បាល់​ ​ផ្នែក​សិល្បៈ​ផ្សេងៗ ​យូរៗ​ទៅ​អ្នក​នឹង​​អាច​​សង្កេត​​ដឹង​ពី​​ទេពកោសល្យ​ពិត​ប្រាកដ​​ដែល​កូន​​មាន​។

​​៦. អត់​ធ្មត់​

​ធ្វើ​ជា​ម្តាយ​​​គេ​​មិន​មែន​ងាយ​ស្រួល​ទេ ប៉ុន្តែ​យ៉ាង​ណា​ក្តី​អ្នក​ត្រូវ​តែ​​​មាន​ភាព​អត់ធ្មត់​​នៅ​ក្នុង​ខ្លួន​។ មិន​ត្រូវ​ធ្វើ​អ្វី​មួយ​​​ដោយ​បង្ខំ​ទេ សុខ​ចិត្ត​​​សន្សឹម​ៗ​ រង់​ចាំ​មើល​លទ្ធផល​ដែល​កូន​ៗ​បាន​ខិត​ខំ​ព្យាយាម​។

​៧. លើក​​ទឹក​​ចិត្ត

​​​​ទោះ​​បី​ជា​ពេល​កូន​នៅ​តូច ឬ​ពេល​ធំ​ឡើង​ក៏​ដោយ ការ​លើក​ទឹក​ចិត្ត​ពី​ម្តាយ​ពិត​ជា​មិន​អាច​ខ្វះ​បាន​ទេ​។ បើ​កូនៗ​មិន​អាច​​ធ្វើ​បាន​ល្អ​​នៅ​ថ្ងៃ​នេះ ក៏​​មិន​ត្រូវ​​និយាយ​បង្អាប់​​បង្អន់​ដែរ។ បន្ត​ការ​ជឿ​ជាក់​​លើ​ពួក​គេ ទោះ​បី​ជា​​ដើរ​​​ដួល កូនៗ​នឹង​​​​នឹក​ឃើញ​ដល់​អ្នកម្តាយ​មុន​គេ ហើយ​​ក៏​ខំប្រឹង​ងើប​​​ឈរ​ មិន​ចុះ​ចាញ់​​​ងាយៗ​ឡើយ​៕​​​

ចុចអានបន្ត៖

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម