ស្រលាញ់ខ្លួនឯងឲ្យបានសិន ចាំស្រលាញ់អ្នកដទៃ
- 2019-06-17 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់ខ្លួនឯងឲ្យបានសិន ចាំស្រលាញ់អ្នកដទៃ
ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ឬក្នុងស្នេហាក៏ដោយ យើងត្រូវតែចេះស្រលាញ់ខ្លួនឯងជាមុនសិន មុនពេលស្រលាញ់គេ។ ពេលផ្ទុះរឿងប្រកែកគ្នាក៏ដូចគ្នា ត្រូវសួរថាយើងមានខុសឬអត់សិន ចាំចាប់កំហុសគេ។ អង្គុយផឹកកាហ្វេ ខ្ញុំអានបានការចែករំលែករបស់នារីម្នាក់ ត្អូញត្អែរពីមិត្តប្រុសរបស់ខ្លួនលើបណ្ដាញសង្គមថា គេគ្រាន់តែចាំនាងតែ៣០នាទីសោះ ស្រាប់តែមួម៉ៅ ទូន្មាននាងថា ធ្វើចឹងមិនល្អ ត្រូវកែតម្រូវ មិនគួរធ្វើដូចនេះជាដើម នាងថាគេបង្រៀននាងមើលតែកូនទៅហើយ។
ម៉ែព្រះ! ខ្ញុំគ្រាន់តែចង់និយាយថា ប្អូនសាកចេញក្រៅ ហើយឈប់នៅភ្លើងស្ដុបសាកមើល បើប្អូនចេញយឺតត្រឹម៣វិនាទី មានអ្នកដេញប្អូនចេញឬអត់? បើយឺតជាងនេះទៀត គេអាចនឹងអូសអូនចេញក៏ថាបាន។ មានតែអ្នកស្រលាញ់ប្អូន យកចិត្តអូន ទើបគេព្រមចាំអូន ទើបទ្រាំនឹងអូន ហើយទូន្មានអូនប៉ុណ្ណោះ មិនមែនមកពីគេធុញទ្រាន់ដោយការចាំប្អូនទេ។
ក្នុងរឿងស្នេហា សូមដាក់ខ្លួនឯងជាជម្រើសទី១ ស្រលាញ់ខ្លួនឯងសិនសឹមស្រលាញ់គេ។ ហើយពេលឈ្លោះគ្នា សូមសួរខ្លួនមុនសិនថា ខ្លួនមានខុសឬអត់ ចាំបន្តស្ដីឲ្យគេ។
កាលពីក្មេងក៏ដូចគ្នា រាល់ពេលខ្ញុំយឺតយាវ ម៉ាក់តែងស្ដីបន្ទោស ឬដល់ថ្នាក់វ៉ៃក៏មាន។ នៅពេលនោះ ខ្ញុំខឹងម៉ាក់ខ្លាំងណាស់ តែដល់ពេលនេះ ទើបខ្ញុំដឹងថា នោះសុទ្ធតែជាមេរៀនដែលមិនអាចកាត់ថ្លៃបាន ព្រោះនៅពេលចូលសង្គមហើយ បើខ្ញុំនៅតែយឺតយាវទៀត គឺគ្មានអ្នកណាស្ដីឲ្យទេ តែអាចបាត់ការងារតែម្ដងក៏មាន៕
ចុចអាន៖ តាមពិតទើបខ្ញុំដឹងថាមនុស្សគួរស្រលាញ់មិនមែនអ្នកទេ គឺខ្ញុំគួរស្រលាញ់ខ្លួនឯង