រូបមន្តងាយៗ ធ្វើនៅផ្ទះខ្លួនឯងជួយកម្ចាត់មុនបានយ៉ាងស័ក្ដិសិទ្ធិ

  • 2019-06-15 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ ជា​បញ្ហា​ស្បែក​ទូទៅ​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​ភាគ​ច្រើន​ ប៉ុន្តែ​អ្នក​ណា​ក៏​ដូច​អ្នក​ដែរ​ តែង​តែ​ចង់​បាន​មុខ​ម៉ដ្ឋ​រលោង​ស្អាត​ ហើយ​គ្មាន​មុន​។​ អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​របស់​ធម្មជាតិ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ផ្ទះ​អ្នក​ស្រាប់​ អាច​ជួយ​ព្យាបាល​មុន​បាន​យ៉ាង​ពូកែ។​ ខាង​ក្រោម​នេះ​ជា​រូបមន្ត​ងាយៗ​ធ្វើ​នៅ​ផ្ទះ​ខ្លួន​ឯង​ ហើយ​យក​មក​អនុវត្ត​ដើម្បី​កាត់​បន្ថយ​មុន​បាន​៖

១. ទឹក​ខ្មេះ​រសជាតិ​ផ្លែ​ប៉ោម

គឺ​ជា​ប្រភេទ​ទឹក​ខ្មេះ​ម៉្យាង​ដែល​គេ​និយម​ប្រើ​ក្នុង​ការ​ថែ​រក្សា​ស្បែក​។​ សារធាតុ​ដែល​ផ្ទុក​ក្នុង​ទឹក​ខ្មេះ​មាន​តួនាទី​ថែរក្សា​តុល្យភាព​pH ប្រឆាំង​នឹង​បាក់តេរី​ និង​មេរោគ​ផ្សេង​ៗ​។​ អ្នក​អាច​លាយ​ទឹក​ខ្មេះ​ជា​មួយ​ទឹក​សិន​ ដើម្បី​កាត់​បន្ថយ​កម្រិត​អាស៊ីត​នៅ​ក្នុង​ទឹក​ខ្មេះ​ ហើយ​ជ្រលក់​ជា​មួយ​សំឡី​ រួច​បិទ​នៅ​លើ​មុខ​។​ ដើម្បី​ជៀស​វាង​ប្រតិកម្ម​មិន​ប្រក្រតី​ណា​មួយ​លើ​ស្បែក​មុខ​ អ្នក​គួរ​សាក​ល្បង​លាប​នៅ​លើ​ដៃ​ជា​មុន​សិន​។​

​​២. ប្រេង​ដូង

ប្រេង​ដូង​ត្រូវ​បាន​គេ​យក​មក​ប្រើ​ប្រាស់​ជា​ប្រចាំ​បាន​ច្រើន​របៀប​ ហើយ​វា​ក៏​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​បាក់តេរី​ ដែល​អាច​ជួយ​ព្យាបាល​មុន​ផង​ដែរ​។​ អាស៊ីត​ខ្លាញ់​នៅ​ក្នុង​ប្រេង​ដូង​ អាច​ផ្ដល់​សំណើម​ដល់​ស្បែក​មុខ​ និង​ជួយ​កម្ចាត់​បាក់​តេរី​បាន​។​ ពេល​ដែល​ផ្ទៃ​មុខ​អ្នក​កើត​មុន​ អ្នក​អាច​យក​ប្រេង​ដូង​បន្តិច​មក​លាប​លើ​មុខ​បាន​។​ អ្នក​គួរ​ទិញ​ប្រេង​ដូង​ ដែល​ចម្រាញ់​ចេញ​ដោយ​ធម្មជាតិ​ ដើម្បី​ជៀសវាង​ផល​ប៉ះ​ពាល់​លើ​ស្បែក​។​

​​​៣. ទឹកកក

ទឹកកក​ក៏​ជួយ​ព្យាបាល​មុន​បាន​ដែរ​។​ វា​អាច​ជួយ​រក្សា​សីតុណ្ហភាព​នៅ​លើ​ផ្ទៃ​មុខ​ កាត់​បន្ថយ​កុំ​ឲ្យ​មុន​ឡើង​ក្រហម​ និង​មើល​មិន​សូវ​ឃើញ​នៅ​លើ​មុខ​។​ អ្នក​អាច​យក​ក្រណាត់​រុំ​ទឹកកក​ រួច​ទុក​វា​លើ​ផ្ទៃ​មុខ​ប្រមាណ​ ៥ ទៅ ១០ នាទី​ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព​។​

​​៤. ប្រទាល​កន្ទុយ​ក្រពើ

ប្រទាល​កន្ទុយ​ក្រពើ​ គឺ​ជា​រុក្ខជាតិ​ម៉្យាង​ដែល​មាន​គុណ​ប្រយោជន៍​ច្រើន​ និង​ពេល​និយម​ខ្លាំង​ក្នុង​ការ​សម្រួល​ការ​ឈឺ​ចាប់​ កន្ទួល​ ពង​បែក​ ​ចែងថ្ងៃ​ ឬ​អាឡាក់ស៊ី​ស្បែក​ ហើយ​ព្យាបាល​មុន​បាន​ផង​ដែរ​។​ យក​សាច់​ទន់​ៗ​ ក្នុង​ប្រទាល​មក​លាប​ពេញ​ផ្ទៃ​មុខ​រួច​ទុក​ចោល​មួយ​យប់​ ដើម្បី​ជួយ​បន្ធូរ​បន្ថយ​ការ​រលាក​របស់​មុន​ និង​ផ្ដល់​សំណើម​ដល់​ស្បែក​។​

​​៥. ការ​រស់​នៅ​ប្រកប​ដោយ​សុខ​ភាព

ការ​រស់​នៅ​ប្រកប​ដោយ​សុខភាព​ ជា​រឿង​ដ៏​សំខាន់​មួយ​ដែរ​ ពេល​និយាយ​ដល់​ការ​ព្យាបាល​មុន​។​ អ្នក​ត្រូវ​រំលឹក​ខ្លួន​ឯង​ឲ្យ​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​បំប៉ន​គ្រប់​គ្រាន់​ សម្រាក​បាន​គ្រប់​គ្រាន់​ ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ជា​ប្រចាំ​ និង​ពិសារ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​តុល្យ​ភាព​ក្នុង​រាង​កាយ​ និង​ធ្វើ​ឲ្យ​សុខភាព​ល្អ​។​ អ្នក​ក៏​អាច​រក​ទិញ​ផលិត​ផល​ដែល​ផ្សំ​ពី​ធម្មជាតិ​ដែល​ណែនាំ​ដោយ​អ្នក​ជំនាញ​លើ​ស្បែក​ ក្នុង​ការ​ព្យាបាល​មុន​ដែរ​។​ ត្រូវ​ចាំ​ថា​ ការ​ព្យាបាល​មុន​ត្រូវ​ការ​ភាព​អំណត់​។​

ចុច​ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​ហ្វេស​បុក​ និង​រៀន​បន្ថែម​ទាក់​ទង​នឹង​របៀប​ព្យាបាល​មុន​ និង​ស្នាម​៕

ចុចអាន៖ មកដឹង គន្លឹះងាយៗកម្ចាត់ស្លាកស្នាមបានយ៉ាងមានប្រសិទ្ធភាព

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម
អត្ថបទថ្មី