៦ វិធីជួយអ្នកក្នុងការកាត់ចិត្តពីមនុស្សដែលអ្នកកំពុងស្រឡាញ់ខ្លាំង
- 2019-06-07 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ វិធីជួយអ្នកក្នុងការកាត់ចិត្តពីមនុស្សដែលអ្នកកំពុងស្រឡាញ់ខ្លាំង
បែកគ្នាទាំងចិត្តនៅស្រឡាញ់ជារឿងដែលឈឺចាប់បំផុត ហើយសឹងតែមិនអាចទទួលយកបានសម្រាប់មនុស្សម្នាក់ៗ។ យ៉ាងណាក្ដីបើអ្នកកំពុងតែមានបញ្ហានេះ អ្នកត្រូវទទួលស្គាល់ការពិត និងរៀនកាត់ចិត្ត។ ខាងក្រោមនេះជាវិធីមួយចំនួនដែលអាចឲ្យអ្នកកាត់ចិត្តដើរចេញពីមនុស្សដែលអ្នកកំពុងស្រឡាញ់បាន ៖
១. យល់ពីហេតុផលដែលអ្នកត្រូវចាកចេញ ឬគេត្រូវចាកចេញ
ពេលខ្លះទោះអ្នកស្រឡាញ់គេខ្លាំងប៉ុណ្ណាក៏មិនអាចបន្តជាមួយគេទៀតដែរ ដូច្នេះមានតែដើរចេញ។ អ្នកត្រូវយល់ពីហេតុផលទាំងនោះ ហើយគិតថាបែកគ្នាបែបនេះគឺល្អជាងនៅបន្ត ទោះពេលនេះឈឺបន្តិចមែន តែយ៉ាងណាក៏ល្អជាងពេលនៅជាមួយគ្នា។
២. ព្យាយាមគ្រប់គ្រងអារម្មណ៍ និងសម្រាលចិត្តខ្លួនឯង
រឿងនេះគឺមានតែអ្នកដែលធ្លាប់ឆ្លងកាត់ប៉ុណ្ណោះទើបយល់ថាពិបាកខ្លាំងប៉ុណ្ណា។ យ៉ាងណាក៏ដោយអ្នកក៏ត្រូវព្យាយាមទប់អារម្មណ៍ខ្លួនឯងដែរ។ កុំបណ្ដោយតាមអារម្មណ៍ហើយធ្វើអីផ្ដេសផ្ដាស។ ព្យាយាមគិតអីល្អៗ ហើយប្រាប់ខ្លួនឯងថាមិនអីទេ បន្តិចទៀតអស់អីហើយ។
៣. អភ័យទោសឲ្យរឿងគ្រប់យ៉ាងដែលបានកើតឡើងហើយ
អ្វីដែលត្រូវកើតឡើង វាបានកើតហើយ ដូច្នេះអ្វីដែលអ្នកអាចធ្វើបាននៅពេលនេះគឺអភ័យទោសឲ្យខ្លួនឯង អភ័យទោសឲ្យគេ និងរឿងដែលអ្នកបានជួប។ វិធីនេះអាចជួយសម្រួលផ្លូវចិត្តអ្នកបានមួយកម្រិតដើម្បីកុំឲ្យអ្នកបន្ទោសខ្លួនឯង ឬអ្នកណាម្នាក់ទៀត ហើយវាក៏ជួយឲ្យអ្នកមានការគិតល្អៗមកវិញខ្លះដែរ។
៤. កុំព្យាយាមរំលឹកនូវរឿងចាស់ៗទៀត
វិធីដែលល្អនោះគឺកុំព្យាយាមសើរើរឿងពីមុនៗមកទុកក្នុងខួរក្បាលទៀត។ កុំព្យាយាមឲ្យខ្លួនឯងជាន់ដានរឿងចាស់ៗទៀត ព្រោះបែបនោះមានតែធ្វើឲ្យអ្នកឈឺចាប់ ដោយសារតែការនឹកនាគេតែប៉ុណ្ណោះ។
៥. ឲ្យពេលវេលាជាអ្នកព្យាបាល និងរំសាយនូវការស្រឡាញ់នោះ
ពេលខ្លះមានតែពេលវេលាទេដែលអាចជួយអ្នកបាន ព្រោះពេលខ្លះទោះអ្នកព្យាយាមយ៉ាងណា បង្ខំខ្លួនឯងយ៉ាងណាក៏អត់បានការដែរ តែពេលវេលាកាន់តែដើរទៅមុខ អ្នកនឹងសះស្បើយទៅតាមនោះ។ បើបែបនេះកុំបង្ខំខ្លួនឯងទៀតអី គ្រប់យ៉ាងអ្នកក៏គួរតែបណ្ដោយទៅតាមពេលវេលាដែរ។
៦. ធ្វើខ្លួនឯងឲ្យរវល់ជាងមុន
វាក៏ជាវិធីមួយល្អដែរ ព្រោះពេលដែលអ្នកមានការងាររវល់ជាងមុន អ្នកក៏អាចបំភ្លេចគេបានមួយគ្រាដែរ។ យូរទៅវាអាចនឹងទៅជាទម្លាប់ដែលអ្នកអាចបន្លប់ខ្លួនឯងមិនឲ្យនឹកគេបាន។ កុំព្យាយាមឲ្យខ្លួនឯងទំនេរព្រោះពេលទំនេរ អ្នកដែលអ្នកនឹងនឹកឃើញនោះប្រាកដជាគេជាមិនខាន។
ទទួលស្គាល់ថាបញ្ហាដែលទាក់ទងជាមួយផ្លូវចិត្ត និងអារម្មណ៍គឺពិបាកនឹងដោះស្រាយណាស់ តែបើអ្នកមិនហ៊ានប្រឈមជាមួយវា វាអាចនាំអ្នកទៅកាន់ផ្លូវអវិជ្ជមានបាន៕