ភេសជ្ជៈ៣មុខ ម៉ាក់ៗគួរញ៉ាំពេលពពោះ ដើម្បីអូនៗកើតមកទ្រលុកទ្រលន់ ឆ្លាតវៃ

  • 2019-06-10 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​មាន​ផ្ទៃ​ពោះ រឿង​សំខាន់​បំផុត​គឺ​របប​អាហារ។ អ្នក​ម៉ាក់​ត្រូវ​តែ​ញ៉ាំ​អាហារ​ឱ្យ​បាន​គ្រប់​មុខ គ្រប់​ជីវជាតិ​ដើម្បី​បំប៉ន​ទាំង​ខ្លួន​ឯង និង​កូន​ក្នុង​ផ្ទៃ។ ក្រៅ​ពី​បាយ​ពេល​​ប្រចាំ​ថ្ងៃ ម៉ាក់ៗ​គួរ​ញ៉ាំ​ភេសជ្ជៈ​ទាំង​៣​មុខ​ដូច​ខាង​ក្រោម​នេះ​ដើម្បី​កាន់​តែ​មាន​កម្លាំង​រឹង​មាំ មិន​ងាយ​ចាញ់​កូន ចំណែក​កូន​ក៏​មាន​សុខ​ភាព​ល្អ​ កើត​មក​ស្បែក​ស្អាត ខួរ​ក្បាល​ក៏​ឆ្លាត​វៃ។

ចេក​និង​បឺរ​ក្រឡុក

ផ្លែ​បឺរ​មាន​ផ្ទុក​សារធាតុ​វីតាមីន​ A, B និង​C និង​ប៉ូតាស្យូម​ដែល​ដើរ​តួ​សំខាន់​បំផុត​ក្នុង​ការ​លូត​លាស់​ប្រព័ន្ធ​សរសៃ​ប្រសាទ​​របស់​គភ៌។ ជាតិ​ខ្លាញ់​ដែល​មាន​ក្នុង​ផ្លែ​បឺរ​ក៏​ជួយ​រាងកាយ​​គភ៌​ឱ្យ​លូត​លាស់​បាន​ល្អ និង​បង្កើន​សមត្ថភាព​ស្រូប​​យក​សារជាតិ​​ចិញ្ចឹម។ វិធី​ធ្វើ​ គឺ​យក​ផ្លែ​ចេក និង​បឺរ​លាង​ទឹក​ឱ្យ​ស្អាត​កាត់​ដាក់​ចូល​ម៉ាស៊ីន​ក្រឡុក​ដាក់​ទឹក​ដោះ​គោ​បន្តិច ​​និង​ទឹកកក​ក្រឡុក​ឱ្យ​​​ម៉ត់​ល្អ​ រួច​ញ៉ាំ​​ជា​ការ​ស្រេច។

ប៉ោម​និង​ចេក​ក្រឡុក

ការ​ញ៉ាំ​ផ្លែ​ចេក​ជួយ​ស្ត្រី​មាន​ផ្ទៃ​ពោះ​​ក្នុង​ការ​រំសាយ​អារម្មណ៍​រង៉ាប់រងើ​ដែល​បណ្ដាល​មក​ពី​ការ​ចាញ់​កូន។ ជាង​នេះ​ទៅ​ទៀត ​ជាតិ​ប៉ូតាស្យូម​ដែល​សម្បូរ​ក្នុង​ផ្លែ​ចេក​ជួយ​ការពារ​និង​កាត់​បន្ថយ​ការ​ហើម និង​រមួល​ក្រពើ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ចំណែក​ឯ​ផ្លែ​ប៉ោម​វិញ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​​ដែល​​អ្នក​មាន​​ផ្ទៃ​ពោះ​មិន​គួរ​រំលង។

​វិធី​ធ្វើ​គឺ​លាង​ទឹក​ផ្លែ​ឈើ​ទាំង​ពីរ​មុខ​នេះ​រួច​កាត់​កង់ ដាក់​ចូល​ម៉ាស៊ីន​ ចាក់​ទឹក​ដោះ​គោ​ស្រស់ និង​ទឹក​កក​ចូល​ក្រឡុក​ឱ្យ​ម៉ត់​ល្អ រួច​ញ៉ាំ។

ចេក​និង​គីវី​ក្រឡុក

ផ្លែ​គីវី​មាន​សារធាតុ​ចិញ្ចឹម​ដល់​ទៅ​ជាង​៨០​មុខ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​ផ្លែ​ឈើ​មាស​សម្រាប់​ស្ត្រី​មាន​​ផ្ទៃ​ពោះ។ សារធាតុ​អាស៊ីត​ហ្វូលីក​ក្នុង​ផ្លែ​គីវី​​ជួយ​ការពារ​ការ​កើត​មក​មិន​គ្រប់​លក្ខណៈ​សម្រាប់​គភ៌​នៅ​ក្នុង​ផ្ទៃ ​ថែម​ទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ កាត់​បន្ថយ​​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ហឺត​ឬ​ត្រអក​ ពេល​ទារក​កើត​មក។

អ្វី​ដែល​ត្រូវ​ការ​គឺ​ផ្លែ​គីវី​៣​ផ្លែ ចេក​ទុំ​២​ផ្លែ​ យ៉ាអួ​១​កំប៉ុង ស្ករ និង​ទឹក​ឃ្មុំ។ វិធី​ធ្វើ​គឺ​ដាក់​គ្រឿង​ផ្សំ​ទាំង​អស់​ចូល​ម៉ាស៊ីន​ និង​ដាក់​ទឹក​កក​បន្តិច​ចូល​ក្រឡុក​ឱ្យ​ម៉ត់​ជា​ការ​ស្រេច៕

ចុចអាន៖ ពពោះខែដំបូងៗ អ្នកម៉ាក់ៗហាមដាច់ខាតញ៉ាំអាហារ ៤ ប្រភេទនេះ

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម