បន្ថែមមន្តស្នេហ៍ឲ្យខ្លួនឯងរាល់ថ្ងៃ តាមគន្លឹះសំខាន់ៗទាំងនេះ
- 2019-06-07 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ថែមមន្តស្នេហ៍ឲ្យខ្លួនឯងរាល់ថ្ងៃ តាមគន្លឹះសំខាន់ៗទាំងនេះ
មិនចាំបាច់ទៅរកគ្រូស្នេហ៍ឯណាឆ្ងាយនាំពិបាកទេ មន្តស្នេហ៍ ភាពស្រស់ស្អាត ភាពទាក់ទាញទាំងឡាយ កើតចេញពីខ្លួនអ្នកហ្នឹងហើយ។ របស់អស់ទាំងនោះទៀតសោត អាចយកមកបាន មិនមែនអាស្រ័យលើរូបសម្រស់ខាងក្រៅជាចម្បងឡើយ ប៉ុន្តែត្រូវដឹងគន្លឹះសំខាន់ៗ ហើយព្យាយាមធ្វើជាប្រចាំផង ទើបមានប្រសិទ្ធភាព។
រៀបចំខ្លួនឲ្យមានរបៀបរៀបរយ
សក់៖ ជ្រើសរើសម៉ូដសក់ដែលស័ក្តិសមនឹងទម្រង់របស់អ្នក កុំឃើញគេកាត់ស្អាតទៅធ្វើតាមនោះ ត្រូវដឹងថាស្ទីលណាសមនឹងខ្លួនឯង ទើបមើលទៅមិនឆ្គង។
មុខ៖ រៀនតុបតែងខ្លះ ទោះមិនចូលចិត្តការផាត់មុខក្រាស់ៗ ក៏គួរសាកផាត់បែបធម្មជាតិដែរ ដើម្បីបង្កើនទំនុកចិត្តទ្វេដង។
ដងខ្លួន៖ ស្លៀកសម្លៀកបំពាក់ឲ្យបានសមសួន តាមកាលៈទេសៈ ជៀសវាងមើលទៅភ្លាវខុសគេ។
ស្បែក៖ ថែក្សាឲ្យមានសភាពទន់ស្អាត មានអនាម័យ ហើយកុំភ្លេចលាបឡេការពារកម្តៅថ្ងៃផង ដើម្បីជួយឲ្យស្បែកភ្លឺថ្លា មិនស្រអាប់និងមានសុខភាពល្អ។
ក្រចក៖ មិនគួរទុកវែងពេកទេ ឧស្សាហ៍តម្រឹមឲ្យស្អាតផង ដើម្បីអនាម័យ មិនឲ្យមេរោគមកទុំជាប់ក្នុងក្រចក។
ស្អាតពីខាងក្នុងចេញមកក្រៅ
ការពារកុំគេដៀលថាស្អាតតែរូបខាងក្រៅ ដូច្នេះត្រូវថែរក្សាសុខភាពឲ្យបានល្អ ដើម្បីឲ្យរាងកាយរឹងមាំ មិនងាយឈឺ។ ញ៉ាំអាហារដែលផ្តល់ប្រយោជន៍ចំពោះរាងកាយ គេងឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណទើបទទួលបានទាំងសុខភាពនិងសម្រស់ស្រស់ស្អាតចេញពីខាងក្នុង។
ញញឹមឲ្យបានច្រើន
គ្មានអ្វីអាចធ្វើឲ្យនារីស្រស់សោភាច្រើនជាងការញញឹមនោះទេ។ ខំប្រឹងធ្វើខ្លួន ផាត់ម្សៅកម្រាស់ណាក៏មើលទៅសោះកក្រោះគ្មានជាតិដែរ បើអ្នកធ្វើទឹកក្រញូវមិនស្រស់បស់។ ញញឹមឲ្យបានច្រើនទៅមិនទាស់ខុសអីទេ មានតែជួយឲ្យអ្នកសប្បាយចិត្ត និងមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។
មានទំនុកចិត្តខ្ពស់លើខ្លួនឯង
នេះជាចំណុចដែលនារីគ្រប់រូបមិនអាចខ្វះបាន។ ការមានទំនុកចិត្តចំពោះខ្លួនឯង មិនមែនមានន័យថាអ្នកត្រូវបង្ហាញពីភាពក្រអឺតក្រទមឆ្មើងឆ្មៃនោះទេ ប៉ុន្តែត្រូវបង្ហាញពីការជឿជាក់ ភាពក្លាហាន ចេះស្តាប់ពីគំនិតយោបល់អ្នកដទៃ យកចំណុចល្អទុកក្នុងចិត្ត ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យរីកចម្រើនទៅមុខ។
មានសមត្ថភាពអាចធ្វើកិច្ចការផ្សេងៗបានដោយខ្លួនឯង
ក្នុងសង្គមទំនើប មនុស្សស្រីគួរមានជំហររឹងប៉ឹង មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសម្រេចកិច្ចការតូចធំបានយ៉ាងរលូន ដោយខ្លួនឯង។ មនុស្សស្រីប្រភេទនេះហើយ ដែលមានភាពទាក់ទាញ គួរឲ្យចាប់អារម្មណ៍បំផុត។
មានទឹកចិត្តល្អ
មានទឹកចិត្តល្អ ចេះគោរពស្រលាញ់ ឲ្យតម្លៃអ្វីៗនៅជុំវិញខ្លួន។ ក្តីស្រលាញ់ បេះដូងបរិសុទ្ធ ទង្វើប្រកបដោយគុណធម៌ទាំងប៉ុន្មាន នឹងក្លាយជាទ្រព្យប្រចាំខ្លួនដ៏មានតម្លៃ និងជាគំរូល្អសម្រាប់គ្រប់គ្នាផងដែរ។
ចាំអីទៀត? ចាប់ផ្តើមពីនេះទៅ ធ្វើខ្លួនឲ្យក្លាយជាមនុស្សមានមន្តស្នេហ៍ គេឯងគោរពស្រលាញ់ ទោះជាអ្នកទៅដល់ទីណា ក៏គ្មានថ្ងៃបំភ្លេចបានដែរ៕
ចុចអានបន្ត៖