រឿងពិតនឹកស្មានមិនដល់ដែលមនុស្សស្រីហ៊ានធ្វើពេលលួចក្បត់សង្សារ

  • 2019-06-07 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​បាន​អាន​តែ​អត្ថបទ​ច្រើន​ហើយ​ ដែល​និយាយ​ពី​ទង្វើ​មនុស្ស​ប្រុស​ពេល​លួច​ក្បត់​សង្សារ​មែន​អត់​?​ តាម​ពិត​មិន​មែន​មាន​តែ​ប្រុស​ៗ​ទេ​ដែល​អាច​ធ្វើ​ទង្វើ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់​ខ្លាំង​ពេល​លួច​ក្បត់​សង្សារ​ខ្លួន​ឯង​។​ មនុស្ស​ស្រី​ក៏​ធ្វើ​រឿង​បែប​ហ្នឹង​ដែរ​ គ្រាន់​តែ​ថា​ពេល​ធ្វើ​ហើយ​តែង​តែ​ចូល​ចិត្ត​ទម្លាក់​កំហុស​ឲ្យ​មនុស្ស​ប្រុស​ហើយ​មិន​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​បាន​ធ្វើ។​ ទង្វើ​ស្មាន​មិន​ដល់​ទាំង​អស់​នេះ​ហើយ​ដែល​មនុស្ស​ស្រី​ហ៊ាន​ធ្វើ​ពេល​លួច​ក្បត់​សង្សារ​ខ្លួន​ឯង​៖

កុហក​គេ​ ពេល​គេ​ចាប់​បាន​ក៏​រក​លេស​ថា​គេ​មិន​ទុក​ចិត្ត​ហើយ​ខឹង​គេ​វិញ​

ពេល​ធ្វើ​ខុស​ហើយ​ត្រូវ​គេ​ចាប់​បាន​ មិន​សារភាព​កំហុស​ហើយ​ថែម​ទាំង​ខឹង​គេ​វិញ​ទៀត​។​ ហើយ​យក​លេស​ថា​គេ​ហ្នឹង​មិន​ទុក​ចិត្ត​​ខ្លួន​ឯង​ បោះ​ពាក្យ​មក​សុទ្ធ​តែ​ថា​ស្រលាញ់​គ្នា​ធ្វើ​អី​បើ​អត់​ទុក​ចិត្ត​គ្នា​អ៊ីចឹង​។​ ប្រាប់​ថា​ប្រុស​ម្នាក់​ហ្នឹង​គ្រាន់​តែ​ជា​មិត្ត​ធម្មតា​ គ្មាន​អី​លើស​ហ្នឹង​ទេ​ ទាំង​ការ​ពិត​កាយ​វិការ​សម្ដែង​ចេញ​មក​ស្និត​ជាង​សង្សារ​ទៀត​ពេល​នៅ​ជិត​គេ​។

មាន​ល្បិច​ច្រើន

បង្កើត​គណនី​ Facebook ផ្សេង​ទុក​លេង​ជា​មួយ​អ្នក​ដទៃ​ ព្រោះ​ខ្លាច​សង្សារ​ដឹង​។​ ព្រោះ​​គូ​ស្នេហ៍​ភាគ​ច្រើន​ពេល​ស្រលាញ់​គ្នា​ចូល​ចិត្ត​ឲ្យ​លេខ​សម្ងាត់​របស់​ គណនេយ្យ​ Facebook ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។​ បើ​មិន​អ៊ីចឹង​ក៏​លេង​ហើយ​លុប​វិញ​ដែរ​ព្រោះ​ខ្លាច​គេ​ចូល​មើល​ទៅ​ឃើញ​។​ មាន​ល្បិច​ច្រើន​រាប់​មិន​អស់​ គ្មាន​ពេល​សម្រាប់​សង្សារ​ខ្លួន​ឯង​តែ​មាន​ពេល​នៅ​ជា​មួយ​អ្នក​ផ្សេង​រហូត​ ហើយ​យក​លេស​ថា​រវល់​នេះ​រវល់​នោះ​មិន​ចេះ​អស់​។​

ចូល​ចិត្ត​និយាយ​ពាក្យ​ថា​ "ធុញ ចង់បាន​សេរី​ភាព”​ ពេល​ដែល​សង្សារ​សួរ​នាំ​ច្រើន

ឲ្យ​តែ​ពេល​គេ​សង្ស័យ​ច្រើន​ ហើយ​សួរ​នាំ​រៀង​ច្រើន​បន្តិច​ដឹង​តែ​មួម៉ៅ​ ហើយ​និយាយ​ពាក្យ​គំរោះ​គំរើយ​ដាក់​គេ​។​ អាង​អី​ដឹង​តែ​ប្រើ​ពាក្យ​បែក​ទាំង​មិន​ខ្វល់​ពី​អារម្មណ៍​មនុស្ស​ប្រុស​។​

ធ្វើ​ដូច​មិន​ពេញ​ចិត្ត​ពេល​នៅ​ជា​​មួយ​សង្សារ​ខ្លួន​ឯង​ គេ​ធ្វើ​អី​ក៏​ខុស

គេ​បារម្ភ​ក៏​ខុស​ គេ​មិន​ខ្វល់​ជា​មួយ​ក៏​ខុស​។​ បញ្ចេញ​ទឹក​មុខ​និង​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ពេល​នៅ​ជា​មួយ​សង្សារ​ខ្លួន​ឯង​។​ ទាំង​សម្ដី​និង​កាយ​វិការ​លែង​ទន់​ភ្លន់​ និង​គួរ​ឲ្យ​ស្រលាញ់​ដូច​ពេល​ស្រលាញ់​គ្នា​ដំបូង​ៗ​។

ខ្លួន​ឯង​ជា​អ្នក​ក្បត់​គេ​ តែ​ដើរ​តួ​ធ្វើ​ដូច​ជន​រង​គ្រោះ​ពេល​បែក​គ្នា

និយាយ​ពី​ថា​ខ្លួន​ឯង​ជា​អ្នក​ក្បត់​គេ​ទេ​ តែ​ផុស​លើ​បណ្ដាញ​សង្គម​ដូច​ខ្លួន​ឯង​ជន​រង​គ្រោះ​។​ ឲ្យ​គេ​មើល​មក​ថា​ខ្លួន​ឯង​ត្រូវ​បាន​គេ​ធ្វើ​បាប​ផ្លូវ​ចិត្ត​ ធ្វើ​តួ​កម្សត់​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ដើម្បី​បិត​បាំង​ទង្វើ​មិន​ល្អ​ខ្លួន​ឯង​។​ ទាំង​ដែល​អ្នក​ឈឺ​ចាប់​មិន​មែន​ជា​ខ្លួន​ឯង​ផង​ ហើយ​នៅ​ចង់​ទម្លាក់​កំហុស​ឲ្យ​ខាង​ប្រុស​ទៀត​។

ពេល​មាន​មិត្តភ័ក្ដិ​សួរ​ពី​មូលហេតុ​បែក​គ្នា​ តែង​ប្រើ​ពាក្យ​ថា​ “បើ​គេ​ជា​មនុស្ស​ល្អ​ក៏​មិន​បែក​គ្នា​ដែរ”

ជា​ធម្មតា​ទេ​ពេល​ស្រលាញ់​គ្នា​ចូល​ចិត្ត​ណាស់​ show off ពេញ​ហ្វេសប៊ុក​ អ្នក​ណា​ក៏​គេ​ដឹង​។​ ហើយ​ពេល​បែក​គ្នា​នៅ​ផុស​ drama រាប់​មិន​អស់​ទៀត​។​ មាន​មនុស្ស​មិន​តិច​ទេ​ដែល​សួរ​ថា​មូល​ហេតុ​អី​បាន​បែក​គ្នា​ ដោយ​សារ​អត់​មាន​ពាក្យ​អី​ត្រូវ​រៀប​រាប់​ប្រាប់​គេ​ទើប​ឆ្លើយ​ចម្លើយ​យ៉ាង​ខ្លី​តប​ទៅ​អ្នក​សួរ​វិញ​ថា​ “បើ​គេ​ជា​ប្រុស​ល្អ​ក៏​មិន​បែក​គ្នា​ដែរ” ទាំង​ដែល​ដឹង​ហើយ​ថា​អ្នក​ណា​ល្អ​អ្នក​ណា​អាក្រក់​ពិត​ប្រាកដ​នោះ​។

ពេល​គេ​ដឹង​ថា​មាន​សង្សារ​ថ្មី​យក​លេស​ថា​ មាន​​អ្នក​ថ្មី​ដើម្បី​បញ្ឈឺ​អ្នក​ចាស់

មិន​ទាន់​ចប់​ ដល់​ពេល​បង្ហាញ​មុខ​សង្សារ​ថ្មី​លឿន​ពេក​ ច្បាស់​ជា​មាន​អ្នក​សួរ​ថា​ "ចុម! មាន​សង្សារ​មួយ​ទៀត​ហើយ​?” គេ​នឹង​ឆ្លើយ​ថា​ព្រោះ​ត្រូវ​ការ​អ្នក​មើល​ថែ​បេះ​ដូង​ ឬ យក​ដើម្បី​បញ្ឈឺ​អ្នក​ចាស់​ទេ​។​ ដោយ​សំណាង​ល្អ​ទៀត​មនុស្ស​ប្រុស​ទោះ​បី​ជា​ឈឺ​ចាប់​ ឬ​ខឹង​គេ​ខ្លាំង​ប៉ុណ្ណា​ក៏​មិន​អាច​យក​ការ​ពិត​ទៅ​និយាយ​ប្រាប់​គេ​ឯង​ឲ្យ​ដឹង​ដែរ​ និយាយ​ឲ្យ​ចំ​គេ​មិន​ពូកែ​និយាយ​ដើម​គេ​ ឬ​ធ្វើ​ជា​ដើរ​តួ​កម្សត់​ឲ្យ​នរណា​អាណិត​ទេ​ តែ​ក៏​មាន​បុរស​មួយ​ចំនួន​ដែរ​ដែល​ហ៊ាន​យក​ការ​ពិត​ប្រាប់​ដល់​គេ​ឯង​ ហើយ​ចេះ​និយាយ​ដើម​គេ​មិន​ចាញ់​មនុស្ស​ស្រី​ដែរ​។​ គ្រាន់​តែ​ថា​មាន​ភាគ​តិច​ប៉ុណ្ណោះ​។

ទោះ​បី​ជា​បែប​ហ្នឹង​មែន​ក៏​មិន​មាន​ន័យ​ថា​មនុស្ស​ស្រី​ទាំង​អស់​សុទ្ធ​តែ​ធ្លាប់​ធ្វើ​ទង្វើ​បែប​ហ្នឹង​ពេល​លួច​មាន​ថ្មី​ទេ​។​ ពេល​ខ្លះ​នាង​ក៏​មិន​ចង់​ដែរ​តែ​មក​ពី​នាង​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មនុស្ស​ដែល​នាង​ស្រលាញ់​ ទើប​នាង​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ​។​ តែ​មិន​ថា​អ្នក​បាន​ឆ្លង​កាត់​រឿង​អ្វី​ទេ​ ទង្វើ​ទាំង​នេះ​មិន​មែន​ជា​រឿង​ល្អ​ដែល​មនុស្ស​ស្រី​គួរ​ធ្វើ​ទេ​ ព្រោះ​វា​ប៉ះ​ពាល់​ខ្លាំង​ដល់​កិត្តិយស​របស់​អ្នក​។​ អ្នក​គួរ​និយាយ​គ្នា​ត្រង់​ទៅ​ត្រង់​មក​ មាន​រឿ​ងអី​ក៏​ប្រាប់​គ្នា​តាម​ត្រង់​ទៅ​ អស់​ចិត្ត​ក៏​សុំ​បែក​ត្រង់​ៗ​ទៅ​។​ ការ​ទាក់​ទង​មនុស្ស​ប្រុស​ពីរ​បី​នាក់​ក្នុង​ពេល​តែ​មួយ​មិន​មែន​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​នោះ​ទេ​៕

ចុចអាន៖ ចង់​ស្រលាញ់ គ្នា​ដល់​ឆ្អឹង ក៏​ស្រី​ៗ​មិន​ត្រូវ​ធ្វើ​រឿង​ទាំង​នេះ​ដែរ

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម