គួរអាន! ថ្លៃបណ្ណាការនិងមាត់មនុស្ស
- 2019-05-29 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរអាន! ថ្លៃបណ្ណាការនិងមាត់មនុស្ស
ទោះក្នុងសម័យកាលណាក៏ដោយ ឲ្យតែទាក់ទងទៅនឹងរឿងរៀបការ តែងតែមានឭសំណួរផ្សេងៗចេញពីមាត់មនុស្សមិនចេះចប់មិនចេះហើយ មិនថាសួរក្នុងគោលបំណងល្អឬយ៉ាងណានោះទេ។ ឯរឿងបណ្ណាការវិញក៏មិនខុសគ្នាប៉ុន្មានដែរ អ្នកដែលដេញដោលចង់ដឹងគឺមិនខ្វះឡើយ។ ជួនកាល ពេលដឹងហើយ បែរជាបញ្ចេញមតិមិនល្អ ទើសនេះទើសនោះ ផ្គាប់ចិត្តមិនត្រូវឡើយ។
នៅពេលបានបណ្ណាការតិច
មាត់មនុស្ស៖ កូនកំលោះប្រហែលជាក្រហើយមើលទៅ ទើបបានតែប៉ុណ្ណឹង។
នៅពេលបានបណ្ណាការច្រើន
មាត់មនុស្ស៖ ហេតុអីបានបង្គាប់ថ្លៃម៉េស ចង់លក់កូនស៊ីមែន?
នៅពេលរៀបការអាយុតិច
មាត់មនុស្ស៖ ប្រញាប់រៀបការដល់ថ្នាក់នេះ សង្ស័យថាមានរឿងអីមិនស្រួលទេដឹង? នៅក្មេងសោះ ខ្លាចតែកូនមិនបានប្តី។
នៅពេលរៀបការអាយុច្រើន
មាត់មនុស្ស៖ ប្រហែលជាគ្មាននរណាចូលដណ្តឹងទេ ទើបបានជានៅយូរយ៉ាងនេះ។ រើសពេក ប្រយ័ត្ននៅព្រៅ។ មិត្តភ័ក្តិស្រករគ្នា គេមានកូនធំៗអស់ហើយ ឯងទើបតែចូលរោងការ។
នៅពេលពិធីរៀបការតូចតាច
មាត់មនុស្ស៖ ការនេះមើលទៅដូចជាកំប៉ិកកំប៉ុកដល់ហើយ ធ្វើអីក៏រិះថាំម្ល៉េះ? មួយជាតិការម្តងសោះ។
នៅពេលពិធីរៀបការធំដុំ
មាត់មនុស្ស៖ ចំជាខ្ជះខ្ជាយមែន អាងតែមានលុយ ធ្វើអធិកអធមចង់អួតគេណាស់។ បើយកថ្លៃចំណាយទាំងអស់ហ្នឹង ទៅធ្វើអ្វី ផ្សេង វាមានប្រយោជន៍ជាង។
ត្រូវចាំថា...
អ្នកមិនអាចធ្វើគ្រប់យ៉ាង តម្រូវចិត្តមនុស្សគ្រប់គ្នាបានឡើយ។
អ្នកដទៃនិយាយបែបណាក៏ដោយ អ្នកគ្មានកំហុសទេ ព្រោះវាជាជម្រើសនិងការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ។
ធ្វើអ្វីដែលអ្នកគិតថាត្រឹមត្រូវ ស័ក្តិសមសម្រាប់ខ្លួនឯង។
រៀបការក៏ដោយ ថ្លៃបណ្ណារការក៏ដោយ កុំខ្វល់ពីពាក្យសម្តីអ្នកដទៃ ត្រូវព្រមព្រៀងគ្នា តាមអ្វីដែលអ្នកយល់ថាល្អគ្រប់គ្រាន់ សមហេតុផល។
មនុស្សដែលពូកែនិយាយដើមពីអ្នកដទៃ ប្រៀបដូចជាទឹកហូរទប់មិនជាប់ ពេលខ្លះសូម្បីតែព្រះក៏មិនលើកលែងដែរ៕
ចុចអានបន្ត៖