សញ្ញាគ្រោះថ្នាក់ បង្ហាញថាស្នេហារបស់អ្នក មិនអាចឋិតថេរបានយូរឡើយ
- 2019-05-23 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាគ្រោះថ្នាក់ បង្ហាញថាស្នេហារបស់អ្នក មិនអាចឋិតថេរបានយូរឡើយ
ស្នេហាមានឥទ្ធិពលខ្លាំង រហូតអាចក្លាយជារនាំងបិទបាំងភ្នែករបស់អ្នក។ ប្រសិនបើអ្នកស្រលាញ់ ទាំងងងឹតងងុល មិនចាប់អារម្មណ៍ពីសញ្ញាគ្រោះថ្នាក់ផ្សេងៗ ទៅថ្ងៃមុខនឹងជួបតែភាពឈឺចាប់ទាំងសងខាង។ នៅពេលទំនាក់ទំនងស្នេហាជួបរឿងបែបនេះ អ្នកគួរប្រុងប្រយ័ត្ន និងភ្ញាក់រឭកឲ្យហើយទៅ ព្រោះវាបង្ហាញថា ស្នេហារបស់អ្នកមិនអាចគង់វង្សឋិតថេរបានយូរឡើយ។
អ្នកមិនស្ថិតនៅលើទំព័រដូចគ្នា
នៅពេលជួបមនុស្សម្នាក់ ដែលមានចំណង់ចំណូលចិត្ត ទម្លាប់ របៀបរស់នៅ ស្ថានភាពគ្រួសារ ឬវណ្ណៈផ្ទុយឆ្ងាយពីគ្នាខ្លាំងពេក មានន័យថាវាមិនមែនជាសញ្ញាល្អប្រសើរសម្រាប់អ្នកទេ។ ទោះបីជាមានគេនិយាយថា ស្នេហាមិនប្រកាន់រើសអើងពីរឿងទាំងនោះក៏ដោយ តែការពិតមិនមែនដូចគ្នាទាំងស្រុងឡើយ។ យ៉ាងណាមិញ វាក៏មិនមែនបញ្ជាក់ថាស្នេហានេះ មិនអាចទៅរួចគ្រាន់ដែរ តែតម្រូវឲ្យអ្នក មានចិត្តអត់ធ្មត់ ឬត្រូវត្រៀមខ្លួនឲ្យបានល្អជាមុន ដើម្បីអាចប្រឈមនឹងបញ្ហានានាដោយខ្លួនឯង។
**ដាក់កំហិតមិនឲ្យដៃគូប្រព្រឹត្តកំហុស**
គ្មាននរណាម្នាក់ល្អឥតខ្ចោះ ហើយពុំធ្លាប់សាងកំហុសនោះទេ។ បើអ្នកដាក់កំហិត ហាមផ្តាច់មិនឲ្យដៃគូសាងកំហុសទាល់តែសោះ ទោះបីជាគាត់ធ្វើខុសតិចតួចក្តី ក៏គាត់សុខចិត្តលាក់ទុក ហើយមិនហ៊ានទទួលស្គាល់កំហុស ឬនិយាយសុំទោសដែរ។ ទំនាក់ទំនងប្រភេទនេះ មិនអាចនៅជាប់យូរបានទេ។ ការសារភាពកំហុស អាចធ្វើឲ្យអ្នកទាំងពីរឈ្លោះគ្នាពិតមែន តែវាប្រសើរជាង ការលាក់ក្រោយខ្នង ដែលគ្មានថ្ងៃកែប្រែដែរ។
សង្ស័យឥតឈប់ឈរ
ធ្លាប់ឮទេ ស្នេហាគឺជាការទុកចិត្តគ្នាទៅវិញទៅមក? ចុះបើមួយថ្ងៃៗ អ្នកចេះតែរអ៊ូរករឿង សង្ស័យគ្មានហេតុផលនោះ គ្មាននរណាអាចនៅទ្រាំទ្រជាមួយទេ។ ភាពប្រចណ្ឌហួងហែង ក៏គួរមានដែនកំណត់របស់វា។ បើអ្នកគិតចង់បន្តដំណើរទៅមុខរហូតដល់ថ្ងៃអនាគត ទំនុកចិត្តនេះហើយដែលសំខាន់បំផុត។ ពិតណាស់ យើងមិនអាចជឿជាក់លើអ្វីមួយបាន១០០%ឡើយ ប៉ុន្តែក៏មិនអាចអង្គុយចាំតែចាប់កំហុស ចោទប្រកាន់គេគ្មានភស្តុតាងដែរ។
ម្តងក្តៅ ម្តងត្រជាក់
ពេលត្រូវរ៉ូវគ្នា ស្នេហាស្និទ្ធស្នាលផ្អែមល្ហែមមិនចាញ់ក្នុងរឿងកុន ប៉ុន្តែពេលឈ្លោះគ្នា ស្រែកគំហកដាក់ កែវភ្នែកសម្លឹងមើល ប្រៀបបាននឹងសត្រូវ។ ម្តងក្តៅ ម្តងត្រជាក់់បែបនេះ អាចហៅបានថា ជាស្នេហាហេងស៊យ។ អ្នកទាំងពីរមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការផ្លាស់ប្តូរទម្លាប់ និងអត្តចរិត ដើម្បីចងចំណងស្នេហារបស់ខ្លួន ឲ្យបានល្អរឹងមាំនៅឡើយទេ។
យកគ្នាត្រឹមកំដរអារម្មណ៍ ក្នុងពេលបច្ចុប្បន្នកាល
ប្រសិនបើអ្នកទាំងពីរ ទាក់ទងដើម្បីតែមានដៃគូទៅមើលកុនជាមួយគ្នា ចូលហាងញ៉ាំអី ឬជួបគ្នាដើម្បីបំបាត់ភាពឯកានោះ កុំអីល្អជាង។ យូរឬឆាប់ ទំនាក់ទំនងនឹងបាត់បង់ទៅដោយឯកឯង ព្រោះអ្នកទាំងពីរ មិនបានតាំងចិត្ត កាន់ដៃគ្នា កសាងអនាគតរួមគ្នាអីនោះទេ។ និយាយរួមទៅ យកឲ្យតែរួចៗត្រឹមកំដរអារម្មណ៍ ក្នុងពេលបច្ចុប្បន្នកាល ឬដើម្បីបំភ្លេចអ្នកចាស់ជាដើម។
មិនដោះស្រាយបញ្ហាឲ្យជ្រះស្រឡះជាមួយគ្នា
ពេលឈ្លោះគ្នា អ្នកទាំងពីរមិននិយាយរកគ្នា ដល់ទៅរាប់អាទិត្យឬរាប់ខែក៏មាន។ នេះបង្ហាញថា អ្នកគ្មានភាពចាស់ទុំនៅក្នុងខ្លួន គេចវេះពីបញ្ហា មិនអាចវែកញែកថាមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដ ហើយក៏គ្មានដំណោះស្រាយដែលស័ក្តិសមមួយដែរ។ បើបន្តដូច្នេះទៀត វានឹងអាចទៅជាប្រេះឆា នៅថ្ងៃណាមួយដោយមិនដឹងខ្លួន។
ពូកែរិះគន់លើចំណុចតូចតាច
មិនថាកំហុសតិចតួច ឬផ្នែកសម្រស់ក៏ដោយ អ្នកតែងឮពាក្យបង្អាប់រិះគន់ ចេញពីមាត់មនុស្សដែលខ្លួនស្រលាញ់។ ជូនកាលគាត់អះអាងថា វាជាពាក្យនិយាយលេង ប៉ុន្តែវាប៉ះពាល់យ៉ាងខ្លាំងដល់ផ្លូវចិត្តរបស់អ្នក។ អ្នកអាចគិតថាខ្លួនឯងធាត់ មិនស្អាត ហើយចាប់ផ្តើមរកឃើញចំណុចជាច្រើនដែលមិនពេញចិត្តនឹងខ្លួនឯង។
ញាតិមិត្តនិងក្រុមគ្រួសារមិនគាំទ្រស្នេហារបស់អ្នក
ពិតប្រាកដណាស់ ពាក្យស្លោកមួយឃ្លាពោលថា "នំមិនធំជាងនាឡិ” វាហាក់បីដូចជាចាស់គំរឹលពេកហើយ។ សម័យនេះ ថ្វីត្បិតតែអ្នកមានសិទ្ធសម្រេចចិត្តក្នុងការរើសគូស្រករក៏ពិតមែន ប៉ុន្តែបើក្រុមគ្រួសារប្រឆាំងដាច់អហង្ការ ទោះស្រលាញ់គ្នាខ្លាំងក៏មិនអាចសមតាមបំណងដែរ ហើយបើទោះជាបានរៀបការនឹងគ្នា ក៏មិនអាចទទួលបានសុភមង្គលពេញលេញដដែល៕
ចុចអានបន្ត៖ យល់ពីខ្ញុំផងបានទេ ទោះបីមិនសូវខ្វល់ដូចមុនមិនបញ្ជាក់ថាអស់ចិត្តស្រលាញ់នោះទេ