យល់ពីខ្ញុំផងបានទេ ទោះបីមិនសូវខ្វល់ដូចមុនមិនបញ្ជាក់ថាអស់ចិត្តស្រលាញ់នោះទេ

  • 2019-05-22 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Dear my សង្សារ

​គ្មាន​ពេល​ទំនេរ​ឲ្យ ​មិន​សូវ​យក​ចិត្ត​ទុក​​ដាក់​ដូច​មុន មិន​សូវ​បាន​តេ​ទូរស័ព្ទ​​និយាយ​គ្នា​យូរ​ៗ​ដូច​មុន ​មិន​បាន​ន័យ​ថា ​​ខ្ញុំ​​លែង​ស្រលាញ់​អ្នក​ទៀត​ទេ។ ​​អ្នក​ជា​សង្សារ​ ជា​មនុស្ស​ប្រុស​ល្អ​ក្នុង​ចិត្ត​ខ្ញុំ​រហូត ​ហើយ​ខ្ញុំ​ក៏​ចង់​ឲ្យ​អ្នក​ម្នាក់ ​​ដឹង​និង​យល់​ពី​ខ្ញុំ​ច្បាស់​ជាង​គេ​ ហើយ​កុំ​​យល់​ច្រ​លំ​លើ​ស្នេហា​របស់​ពួក​យើង។

​មាន​បញ្ហា​ជា​ច្រើន​បាន​ចូល​មក​​ក្នុង​ជីវិត​ខ្ញុំ ការងារ​ផង ​ការ​សិក្សា​ផង ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ធុញ​ថប់។ ពេល​ទៅ​ដល់​ផ្ទះ ខ្ញុំ​សង្ឃឹម​ថា​បាន​សម្រាក​ឲ្យ​ពេញ​ភ្នែក ​តែ​​ជួន​កាល ​មាន​រឿង​ជា​ច្រើន​ត្រូវ​ធ្វើ​បន្ត​ទៀត។ សម្លេង​ទ្រហឹង​អឹង​កង​ពី​ផ្ទះ​អ្នក​ជិត​ខាង ​ស្រែក​ឡូឡា ​ធ្វើ​ឲ្យ​ខួរ​ក្បាល​ខ្ញុំ​ចង់​ផ្ទុះ​ទៅ​ហើយ ​ចង់​រក​កន្លែង​ស្ងប់​មួយ គ្រាន់​តែ​សម្រាក​បន្តិច​ឲ្យ​ស្រួល​ខ្លួន ​ក៏​ពិ​បាក។ ​ខ្ញុំ​គ្រាន់​តែ​ចង់​​មាន​ពេល​វេលា​ខ្លះ ​សម្រាប់​ខ្លួន​ឯង នៅ​ពេល​ខ្ញុំ​ធុញ​ថប់​ផ្លូវ​ចិត្ត​ពេក ​នៅ​ពេល​ខ្ញុំ​រង​សម្ពាធ​ការងារ​ពេក ​ដែល​អារម្មណ៍​នេះ​ ​​ពិបាក​ក្នុង​ខ្លួន​ណាស់។

​ទោះ​គ្មាន​អ្នក​ណា​យល់​ពី​ខ្ញុំ​យ៉ាង​ណា​ក៏​ខ្ញុំ​មិន​ខ្វល់​ដែរ សំខាន់​ខ្ញុំ​ចង់​ឲ្យ​​បង ដែល​ជា​សង្សារ​របស់​ខ្ញុំ​យល់​ជាង​គេ ច្បាស់​ពី​ខ្ញុំ​ជាង​គេ ហើយ​កុំ​គិត​ថា​ ខ្ញុំ​ប្រែ​ប្រួល​លើ​ស្នេហា​របស់​ពួក​យើង។ ខ្ញុំ​ប្រហែល​​បដិសេធ​ច្រើន ពេល​អ្នក​​បបួល​ខ្ញុំ​​ចេញ​ក្រៅ​ទៅ​មើល​កុន ​ញ៉ាំ​អី​ជាមួយ​គ្នា ហើយ​ខ្ញុំ​តែង​ឆ្លើយ​ថា​រវល់​ពេល​អ្នក​បបួល​​ខ្ញុំ​ទៅ​ដើរ​លេង​ជាមួយ​គ្នា ចេញ​ក្រៅ​ហាត់​ប្រាណ​ ដើរ​លេង​តាម​មាត់​ទន្លេ​មើល​គេ​មើល​ឯង។ ​ពេល​អ្នក​ឆាត​មក ​ខ្ញុំ​មិន​សូវ​តប​លឿន​ ហើយ​និយាយ​ច្រើន​ជាមួយ​​អ្នក​ដូច​មុន ហើយ​ទង្វើ​ទាំង​នេះ ​ធ្វើ​ឲ្យ​អ្នក​គិត​ថា ខ្ញុំ​ប្រែ​ប្រួល​ហើយ។

​មាន​ពេល​ខ្លះ ​ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា ​អ្នក​បាន​តេ​ទូរស័ព្ទ​មក​ខ្ញុំ​ទេ ខ្ញុំ​វីវក់​នឹង​ការងារ​ខ្លាំង រហូត​ពេល​ខ្លះ​សូម្បី​ទូរស័ព្ទ​ញ័រ​ស្ទើរ​ពេញ​បន្ទប់ Office ​ក៏​ខ្ញុំ​មិន​ដឹង​ទាល់​តែ​សោះ។ ក្ដី​ស្រលាញ់​ចំពោះ​អ្នក​ពី​ដើម​យ៉ាង​ណា ​ខ្ញុំ​ចង់​ប្រាប់​អ្នក​ណា ​មិន​បាន​ប្រែ​ប្រួល​សូម្បី​បន្តិច ហើយ​មាន​តែ​ស្រលាញ់​ខ្លាំង​ជាង​មុន។ សង្សារ​បណ្ដូល​ចិត្ត បើ​អ្នក​ពិត​ជា​ស្រលាញ់​ខ្ញុំ​មែន សូម​យល់​​ពី​គ្នា​ទៅ​វិញ​ទៅ​មក ​កុំ​អន់​ចិត្ត​ព្រោះ​រឿង​តូច​តាច ​កុំ​ស្ដាប់​អ្នក​ដទៃ​ច្រើន​ពេក​ កុំ​គិត​អី​ម្នាក់​ឯង សង្ស័យ​អី​សួរ​ខ្ញុំ​ផ្ទាល់​មក ខ្ញុំ​នឹង​ប្រាប់​អ្នក​ទាំង​អស់។ ​ស្រលាញ់​គ្នា​យូរ​ដល់​ម្លឹង​ កុំ​បោះ​បង់​ចោល​គ្នា ព្រោះ​​តែ​រឿង​យល់​ច្រ​លំ ហើយ​ធ្វើ​ឲ្យ​ម្នាក់​ៗ​កាន់​តែ​គម្លាត​ពី​គ្នា​ឆ្ងាយ​​ទៅ ដោយ​មិន​ដឹង​ខ្លួន។ ខ្ញុំ​សង្ឃឹម​ថា ​មាន​អ្នក​ម្នាក់ ​​នឹង​យល់​ពី​ខ្ញុំ​ច្បាស់​ជាង​គេ ចាំ​លើក​ទឹក​ចិត្ត និង​មិន​ដែល​ចាក​ចោល​ខ្ញុំ​ពេល​ខ្ញុំ​មាន​បញ្ហា​នោះ​ឡើយ៕

​ ចុចអាន៖ វី​​ដែល​​ខ្ញុំ​​ត្រូវ​ការ​គឺ​​​​ មនុស្ស​​​ប្រុស​​ដែល​ចេះ​​​​​​​លើក​​ទឹក​​ចិត្ត មិន​បោះបង់ពេល​មាន​ទុក្

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម