អ្វី​​ដែល​​ខ្ញុំ​​ត្រូវ​ការ​គឺ​​​​ មនុស្ស​​​ប្រុស​​ដែល​ចេះ​​​​​​​លើក​​ទឹក​​ចិត្ត មិន​បោះបង់ពេល​មាន​ទុក្ខ

  • 2019-04-19 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​មិន​​​ត្រូវ​​ការ​​​​​​មនុស្ស​​ប្រុស​​​ដែល​​​​​ចូល​ចិត្ត​​​​បង្ខំ​​​​​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​​មួយ​​​​​​​តាម​​​តែ​​​​គេ​​នឹក​ឃើញ​។ ​​​​​​មនុស្ស​​​ដែល​​ចង់​​ផ្លាស់​ប្តូរ​​ខ្ញុំ មិន​អនុញ្ញាត​​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ជា​​ខ្លួន​ឯង​ ​ មិន​​ពេញ​​​ចិត្ត​​​​​នូវ​អ្វី​​ដែល​ជា​ខ្ញុំ។​​​

​​​​​ខ្ញុំ​​​ត្រូវ​​ការ​​មនុស្ស​​​ម្នាក់​​​​ដែល​​​ចេះ​លើក​ទឹក​ចិត្ត​ ​មើល​​ឃើញ​ពី​តម្លៃ​​ និង​​​​​ចំណុច​​​ខ្លាំង​​​ដែល​​ខ្ញុំ​​មាន​។ ម្នាក់​​នោះ​​​​ក៏​អាច​ដឹង​​ច្បាស់​​ពី​​គោលដៅ​​និង​​ក្តី​ស្រមៃ​​របស់​ខ្ញុំ​​​​​​​​​​ ហើយ​​តែង​​​តែ​នៅ​​ចាំ​​​​​​ជួយ​​ជំរុញ​​​​ខ្ញុំ​ឲ្យ​ទៅ​​ដល់​ទី​នោះ ទោះ​​បី​​​ដឹង​​​ថា​​​​​​វា​​​​​​ខ្ពស់​ពេក​​​​​​ គ្មាន​​នរណា​​​​​​​អាច​​​​​ទៅ​​​​​រួច​ក៏​ដោយ​។

​​​​​​​ខ្ញុំ​​​ត្រូវ​​ការ​​មនុស្ស​​​ម្នាក់​​ដែល​​ជឿជាក់​​លើ​​សមត្ថភាព​​​​​របស់​​​​​​​​​​ខ្ញុំ​​​​​។ គាត់​​​​​​​ជឿ​ថា​​​ខ្ញុំ​​​អាច​ធ្វើ​បាន អាច​​បំពេញ​​មហិច្ឆតា​របស់​​ខ្លួន​។

​​​​​​​ខ្ញុំ​​​ត្រូវ​​ការ​​មនុស្ស​​​ម្នាក់​​​​​​​ដែល​​​​មើល​​ឃើញ​​ខ្ញុំ​ស្អាត​​ទាំង​​​​​​​ទឹក​​ចិត្ត​​​​ខាង​ក្នុង​និង​​សម្រស់​​ខាង​ក្រៅ​។ គាត់​​​​គិត​​​ថា​​​​ខ្ញុំ​​ឆ្លាត ម៉ឺងម៉ាត់​​​តែ​​គួរ​ឲ្យ​​​ស្រលាញ់​​​។ ​គាត់​​​ដឹង​​​ថា​​​ត្រូវ​​​​​ដោះ​​​ស្រាយ​​​បែប​ណា ពេល​ខ្ញុំ​ជួប​​បញ្ហា ហើយក៏​មិន​​​បោះបង់​​ពេល​ខ្ញុំ​​​​មាន​ទុក្ខ​លំបាក​។

​​​​​ខ្ញុំ​​​ត្រូវ​​ការ​​មនុស្ស​​​ម្នាក់​​​​​​​​ដែល​ស្គាល់​​​និង​​​យល់​​​​​ពី​ខ្ញុំ​​​​​ច្បាស់​​ជាង​​នរណា​​​ទាំង​អស់​។ គាត់​​​​​​​ដឹង​​​​​ពី​​​​ចំណុច​​​​​ខ្សោយ​​ ដឹង​​ថា​ខ្ញុំ​​មិន​ល្អ​ឥត​​ខ្ចោះ ប៉ុន្តែ​​នៅ​​តែ​ស្រលាញ់​ មិន​​រិះ​​​​គន់​​មើល​​ងាយ​ ​​​មាន​តែ​​​​​​នៅ​​ជួយ​ឲ្យ​​​យោបល់​​​ល្អ​ៗ​​ដើម្បី​​កែ​​តម្រូវ។

​​​​​​ខ្ញុំ​​​ត្រូវ​​ការ​​មនុស្ស​​​ម្នាក់​ដែល​​ធ្វើ​​ឲ្យ​​ខ្ញុំ​​មាន​អារម្មណ៍​ពិសេស​​ម្យ៉ាង​​​​ គ្មាន​​នរណា​អាច​​ប្រៀប​បាន ហើយ​​​នៅ​តែ​​​​រក្សា​​​​ទឹក​ចិត្ត​​ស្មោះ​ស​ បន្ត​​​​ដំណើរ​ជាមួយ​​គ្នា​ មិន​ថា​មាន​ឧបសគ្គ​ធំ​​​​​រារាំង​​​យ៉ាង​​​​ណា​​​​ក៏​មិន​​ចុះចាញ់​។

​​​​​ខ្ញុំ​​​ត្រូវ​​ការ​​មនុស្ស​​​ម្នាក់​​ដែល​​​ចេះ​គោរព​​​​​​​នូវ​​គំនិត​​​យោបល់​​​​របស់​​​ខ្ញុំ ទោះ​បី​​​ជា​​​​វា​​​មាន​ភាព​ផ្ទុយ​គ្នា​ខ្លាំង​ពី​គំនិត​គាត់​ក៏​ដោយ​។ គាត់​​មិន​លូក​លាន់​​​ ជំទាស់​​ដាច់​​អហង្ការ​​លើ​​​ការ​​​សម្រេច​ចិត្ត​​របស់​​ខ្ញុំ​​​។

​​​​​​ខ្ញុំ​​​ត្រូវ​​ការ​​មនុស្ស​​​ម្នាក់​​​​​​​​​​​ដែល​អាច​​ការពារ​​ខ្ញុំ​ ​​​​មិន​​ឲ្យ​​​​​​​​ខ្ញុំ​មាន​អារម្មណ៍​​​ភ័យ​​​​ខ្លាច តក់​​ស្លុត​​​។ គាត់​មិន​​គំហក​​ ឬ​ស្តី​​​បន្ទោស​​ ពេល​ដែល​​​ខ្ញុំ​​ប្រចណ្ឌ​​​ព្រោះ​​ចិត្ត​​ស្រលាញ់។ មនុស្ស​​​​ម្នាក់​​ដែល​​​មិន​ធុញ​​​​នឹង​​​​ខ្ញុំ ពេល​នៅ​​ជាមួយ​គ្នា​​​យូរ​​ឆ្នាំ​​។

​​​​ខ្ញុំ​​​ត្រូវ​​ការ​​មនុស្ស​​​ម្នាក់​​​​​ដែល​​​​​​​មិន​​​​ប្រែ​​ប្រួល​ចិត្ត នៅ​ពេល​​​សម្រស់​​​ខ្ញុំ​​ផ្លាស់​​ប្តូរ​​ ​​​និង​មិន​​យក​ខ្ញុំ​ទៅ​​ប្រៀប​ធៀប​​​​​នឹង​អ្នក​​ដទៃ​​។

​​​​​ខ្ញុំ​​​ត្រូវ​​ការ​​មនុស្ស​​​ម្នាក់​ដែល​​​​ផ្តល់​​​​ស្នាម​​ញញឹម សំណើច​​ ច្រើន​ជាង​​​ទឹក​ភ្នែក​​និង​ទុក្ខ​សោក។ គាត់​​​​មិន​ធ្វើ​​បាប​​ឲ្យ​​​បេះ​​​​​ដូង​មាន​​របួស​​ បន្សល់​​ស្លាក​ស្នាម​​​​ពិបាក​​ ព្យាបាល​។

​​​​ខ្ញុំ​​​ត្រូវ​​ការ​​មនុស្ស​​​ម្នាក់​​​ដែល​​​​អាច​​រស់​​នៅ​ជាមួយ​គ្នា​​ដោយ​​​ភាព​​ចុះ​សម្រុង មាន​​​សុភមង្គល និង​មិន​ដាក់​​សម្ពាធ​​ឲ្យ​គ្នា​ទៅ​​វិញ​ទៅ​មក​។

ខ្ញុំ​​សង្ឃឹម​​ថា​​​​​​​​ ទង្វើ​​​​​​ល្អ​​​ទាំង​​អស់​​ដែល​​​​ខំ​​​សាង​​ឡើង​​​កន្លង​មក នឹង​អាច​​​​​តម្រង់​ផ្លូវ​​​ ឲ្យ​ខ្ញុំ​​ទៅ​ជួប​​បុរស​​ក្នុង​ក្តី​​​ស្រមៃ​​​ បុរស​ម្នាក់​​ដែល​​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាបក្នុងជីវិត៕​​​​​​​​​​​

ប្រភព៖ thepowerofsilence ប្រែ​សម្រួល៖ ដេត ឈុនអ៉ី