កុំស្រលាញ់មនុស្សដែលមិនបានស្រលាញ់យើង ព្រោះគ្មានបានអ្វី ក្រៅពីឈឺចាប់
- 2019-05-21 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំស្រលាញ់មនុស្សដែលមិនបានស្រលាញ់យើង ព្រោះគ្មានបានអ្វី ក្រៅពីឈឺចាប់
បន្តស្រលាញ់មនុស្សដែលគេមិនបានស្រលាញ់យើង ប្រៀបដូចកំពុងលិចលង់ក្នុងភក់ជ្រៅយ៉ាងសន្សឹមៗ និងឈឺចាប់ខ្លាំងបំផុត។
មានពេលខ្លះ ហេតុអ្វីយើងសុខចិត្តក្លាយជាមនុស្សល្ងង់ ទាំងដឹងថាគេលែងស្រលាញ់យើងទៀតហើយ តែយើងនៅប្រាប់ខ្លួនឯងថា ខំប្រឹងធ្វើល្អដាក់គេបន្តទៀតទៅ ថ្ងៃក្រោយគេនឹងរំជួលចិត្ត ហើយគេនឹងងាកមកស្រលាញ់យើងវិញ ដូចដើមមិនខាន។ គិតទៅ យើងបានក្លាយជាមនុស្សងងឹតភ្នែកដោយអូតូម៉ាទិច ក្លាយជាមនុស្សមានការចងចាំល្អបំផុតតែរឿងអតីតកាល ហើយលែងទទួលស្គាល់ការពិតអ្វីទាំងអស់ នូវរឿងរ៉ាវបច្ចុប្បន្ន ថាគេបានផ្លាស់ប្ដូរ។
ការឈឺចាប់នេះ មើលទៅស្ងៀមស្ងាត់ណាស់ តែវាសម្លាប់បេះដូងមនុស្សស្រីដែលមានចិត្តស្មោះសន្សឹមៗ យ៉ាងព្រៃផ្សៃបំផុត។ អ្នកបារម្ភពីគេគ្រប់នាទី នឹកគេដូចមនុស្សឆ្កួត ហើយព្យាយាមតាមចិត្តគេគ្រប់យ៉ាង ទាំងដែលគេវិញបានត្រឹមទុកអ្នកចោល មិនរវល់។ អ្នកឃើញច្បាស់ថា គេលែងខ្វាយខ្វល់អ្នកដូចមុនហើយ តែហេតុអ្វីមិនព្រមចាកចេញពីគេ ឲ្យគេមានសេរីភាពទៅ ហេតុអ្វីនៅឱបក្រសោបគេទាំងដឹងថា គេគ្មានកូនចិត្តស្រលាញ់យើងទៀត។ ហេតុតែចង់បានការចាប់អារម្មណ៍ពីគេខ្លាំងពេក ជួនកាលសុខចិត្តធ្វើរឿងឆ្កួតៗ រឿងដែលខ្លួនឯងមិនគួរធ្វើ រឿងដែលខ្លួនឯងធ្វើទៅ ដឹងថាលទ្ធផលបានត្រឹមបោកបញ្ឆោតអារម្មណ៍មួយឆាវ បានត្រឹមតែទឹកភ្នែកម្នាក់ឯង។
បើចិត្តយើងឲ្យមនុស្សដែលគេលែងស្រលាញ់ចាកចេញទៅ មិនដឹងថាបានធូរស្រាលកម្រិតណាទេ ការស្តីបន្ទោសខ្លួនឯងក៏លែងមាន ការឈឺចាប់ក៏លែងកើតមាន ការស្តាយក្រោយក៏នឹងបញ្ចប់ដែរ។
មនុស្សស្រី បើដឹងថាគេឈប់ស្រលាញ់អ្នកទៀតហើយ គួរតែដោះលែងគេទៅ ព្រោះបើនៅតែឱបគេមិនលែងបែបនេះ អ្នកប្រៀបដូចកំពុងឱបដើមដំបងយក្សពេញដោយបន្លាមុតស្រួចយ៉ាងធំ កាន់តែឱបខ្លាំង ក៏កាន់តែឈឺខ្លាំងដូចគ្នា។ កុំព្យាយាមយកចិត្តមនុស្សដែលគេគ្មានចិត្តឲ្យអ្នកវិញ ព្រោះមិនត្រឹមបន្ទាបតម្លៃខ្លួនចំពោះមនុស្សគ្មានបេះដូងទេ តែក៏ដូចជាបំផ្លាញអនាគតខ្លួនឯង យ៉ាងឈាមត្រជាក់បំផុត៕
ចុចអាន៖ នាងចាកចេញមិនមែនដោយសារចិត្តដាច់ តែមកពីទង្វើឆោតល្ងង់ ១០ យ៉ាងរបស់អ្នកហ្នឹងហើយ