កុំឲ្យគេដៀលថាយើងជាមនុស្សល្ងង់ ហ៊ានជំទាស់ខ្លះទើបអាចទទួលបានអត្ថប្រយោជន៍ ៥យ៉ាងនេះ
- 2019-05-07 00:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យគេដៀលថាយើងជាមនុស្សល្ងង់ ហ៊ានជំទាស់ខ្លះទើបអាចទទួលបានអត្ថប្រយោជន៍ ៥យ៉ាងនេះ
មនុស្សគ្រប់គ្នាកើតមកដោយពាំនាំជំនាញមួយជាប់ខ្លួន ដែលហៅថា”ទំនាក់ទំនង”។ កាលនៅវ័យក្មេង ពេលមិនពេញចិត្តអ្វីមួយ ទោះមិនទាន់ចេះនិយាយ តែយ៉ាងហោចណាស់ក៏អាចបង្ហាញដោយការយំដែរ។ ពេលធំដឹងក្តីហើយ គ្មានមូលហេតុអ្វី ដែលអ្នកមិនហ៊ាននិយាយប្រកែកថា “ទេ” ឡើយ។ ធ្វើជាមនុស្សគ្មាននរណាចេះតែដើរតាមគេរហូតទេ ត្រូវមានគំនិតផ្ទាល់ខ្លួន ហ៊ានជំទាស់ខ្លះទើបមិនចាញ់ប្រៀបគេ ថែមទាំងអាចទទួលបានអត្ថប្រយោជន៍ ៥យ៉ាងនេះទៀតផង។
១. មិនឲ្យគេបង្វិលបានចិត្ត
រវាងបុរសនិងស្រ្តីទាំងអស់ សុទ្ធតែមានសិទ្ធិសេរីភាពស្មើៗគ្នា ប៉ុន្តែនៅមានមនុស្សមួយចំនួន នៅតែរើសអើងលើស្រ្តីភេទ។ ហេតុនេះហើយ បើអ្នកមានជំហររឹងមាំ ចេះប្រកែកតវ៉ាដោយហេតុផល គ្មាននរណាម្នាកអាចមកមើលងាយបង្វិលក្បាលតាមចិត្តចង់ឡើយ។
២. អ្នកមិនត្រូវបានគេបង្ខំ
ពាក្យថា “ទេ” មួយម៉ាត់ខ្លីពិតមែន ប៉ុន្តែវាមានឥទ្ធិលខ្លាំង ជាពិសេសប្រសិនបើអ្នកកំពុងស្ថិតក្នុងស្ថានភាពពិបាកនឹងប្រកែក។ មាត់អាចនឹងមិនចង់និយាយចេញ ព្រោះខ្លាចគេអន់ចិត្ត តែវាបានផ្ទុយពីអារម្មណ៍បាត់ទៅហើយ។ កុំខ្លាចទៀតអី ត្រូវធ្វើអ្វីដែលអាចផ្គាប់ផ្គុនបេះដូងខ្លួនឯងជាមុនសិន អ្នកដទៃចាំគិតតាមក្រោយទៀត។ ពួកគេក៏គ្មានសិទ្ធិមកបង្ខំបញ្ជា អ្នកឲ្យធ្វើរឿងដែលមិនពេញចិត្តនោះដែរ។
៣. មិនយកសម្ពាធដាក់ខ្លួនច្រើនពេក
ព្រមជួយ ព្រមធ្វើ ព្រមទៅតាមគេ គ្រប់បែបយ៉ាង ចុងក្រោយគ្មានបានអ្វីមកវិញក្រៅពីនាំទុក្ខដាក់ខ្លួន។ អ្នកក៏មានកិច្ចការចាំបាច់ត្រូវធ្វើដូចគ្នា គ្មានពេលឯណាទៅរវល់ជ្រោមជ្រែងរឿងគេរហូតទេ។ បើមិនអាចជួយបាន គួរនិយាយប្រកែកឲ្យហើយទៅ ទើបមិនឈឺក្បាលវិលមុខនឹងបញ្ហារបស់អ្នកដទៃ ព្រោះមនុស្សខ្លះ អាងតែអ្នកចិត្តល្អ តែងគិតចង់កេងផលប្រយោជន៍ក៏ថាបាន។
៤. មិនធ្វើឲ្យមិត្តភាពក្លាយជាសត្រូវ
ភាគច្រើនមនុស្សល្អត្រង់ពេក មិនហ៊ានប្រកែកទេ ឲ្យតែមិត្តហាមាត់សុំជំនួយម្តងៗ ព្រោះខ្លាចគេឈប់រាប់អាន ខឹងគុំគួនជាដើម។ កុំបារម្ភអី អ្វីៗមិនដូចអ្នកគិតទាំងស្រុងទេ។ បើការស្នើសុំពីមិត្តទាំងអស់នោះ វាលើសពីសមត្ថភាពរបស់អ្នក គួរពន្យល់ប្រាប់គេត្រង់ៗតែម្តងទៅ នោះគេនឹងយល់ពីហេតុផលរបស់អ្នក ហើយចំណងមិត្តភាពក៏នៅតែអាចដូចមុនដដែល។
៥. មិនបង្ខំខ្លួនឯង
ច្រើនលើកច្រើនសារហើយ ដែលអ្នកមានអារម្មណ៍តានតឹង ពេលធ្វើរឿងអ្វីមួយដែលខ្លួនមិនចង់ធ្វើឬមិនចូលចិត្តទាល់តែសោះ។ មិនបាច់បង្ខំខ្លួនឯងទេ ព្រោះមានតែអ្នកម្នាក់គត់ដែលអាចជ្រើសរើសនិងសម្រេចចិត្ត លើបញ្ហាគ្រប់យ៉ាង។ គំនិតអ្នកដទៃគ្រាន់តែជារបស់បន្ទាប់បន្សំ សំខាន់បំផុត អ្នកដឹងច្បាស់នូវអ្វីដែលខ្លួនចង់ធ្វើពិតប្រាកដ៕