កុំទាន់អាលបោះបង់ចោលចុះចាញ់អី ត្រូវចាំឃ្លាទាំងនេះទុកក្នុងចិត្តជានិច្ច
- 2019-05-03 07:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំទាន់អាលបោះបង់ចោលចុះចាញ់អី ត្រូវចាំឃ្លាទាំងនេះទុកក្នុងចិត្តជានិច្ច
ពេលខ្លះនៅក្នុងជីវិតមនុស្សយើង តែងមានជាប់ជាមួយនឹងអារម្មណ៍ដែលគិតថាខ្លួនឯងគ្មានប្រយោជន៍ ធ្វើអ្វីក៏មិនបានជោគជ័យ។ អារម្មណ៍មួយនោះ បានធ្វើឲ្យអ្នក ហត់នឿយ គ្មានកម្លាំងចិត្ត ខឹងសម្បារនឹងភពផែនដីនេះ ហើយលែងចង់បោះជំហានទៅមុខបន្តទៀត។ ក្នុងពេលវេលាដ៏អាប់អួរបែបនេះ មិនមែនជាពេលដែលត្រូវអស់សង្ឃឹមឡើយ។ ផ្ទុយទៅវិញ វាគឺជាឱកាសដើម្បីឲ្យអ្នក ស្ទុះស្ទាដើររកពន្លឺនៅជ្រុងម្ខាងទៀត និងអាចជួយសង្គ្រោះខ្លួនឯងដោយចងចាំឃ្លាល្អៗទាំងនេះទុកក្នុងចិត្តជានិច្ច។
ត្រូវចាំថា ទោះមិនអាចទទួលអ្វីដែលអ្នកប៉ងចង់បានខ្លាំងបំផុត យ៉ាងហោចណាស់ អាចទទួលអ្វីដែលអ្នកត្រូវការក៏គ្រប់គ្រាប់ដែរ។ ថ្ងៃនេះមិនសមបំណង ប៉ុន្តែថ្ងៃក្រោយអាចឈោងដល់ចំណុចណាមួយដែលលើសពីការរំពឹងទុកទៅទៀត។
មិនថាអ្នកជានរណា មិនថាអ្នកធ្វើអ្វី មិនថាអ្នកមកពីណា អ្នកគឺជាមនុស្សដែលមានថាមពលនិងសមត្ថភាពក្នុងការសម្រេចកិច្ចការផ្សេងៗ។
កុំបណ្តោយឲ្យរឿងអាក្រក់ធ្វើឲ្យអ្នកឈឺចាប់កើតទុក្ខម្តងហើយម្តងទៀត។ ជីវិតខ្លីខ្លាំងណាស់ បើមានដង្ហើមដកហើយ ត្រូវតែរស់ឲ្យមានន័យ។
ខ្ញុំពិតជាត្រេកអរនឹងទទួលយកលទ្ធផលដែលផ្ទុយពីគម្រោងការ ព្រោះវាបាននាំខ្ញុំឲ្យដើរលើផ្លូវថ្មីមួយទៀត។
មិនបាច់ប្រៀបធៀបភាពជោគជ័យរបស់ខ្លួនឯងជាមួយនឹងអ្នកដទៃខ្លាំងពេកទេ ព្រោះអ្នកខ្លះពូកែសម្តែង ហ៊ឹកហ៊ាក់លេចលេចធ្លោតែសំបកក្រៅ ប៉ុន្តែខាងក្នុងវិញក៏មិនលើសអ្នកប៉ុន្មានដែរ។
ថាមពលនៅក្នុងរាងកាយមានច្រើនណាស់ សម្រាប់ឲ្យអ្នកបន្តដំណើរទៅមុខ មិនមែនឲ្យអ្នកចុះចាញ់ឈប់ត្រឹមហ្នឹងទេ។
កុំដេកយំក្នុងអតីតកាល កុំបៀមទុក្ខពីរឿងអនាគត ព្រោះវាមិនទាន់មកដល់ទេ។ មានថ្ងៃនេះ រស់នៅឲ្យសប្បាយសិនទៅ កុំស្មុគជ្រុលពេក។
កុំបណ្តោយឲ្យបញ្ហាមកចងជើងជាប់ទៅណាមិនរួច ព្យាយាមរកវិធីដោះស្រាយ យូរនិងឆាប់គង់តែបានសម្រេច។
កុំបោះបង់ចោលនូវក្តីស្រមៃរបស់អ្នក វាអាចនឹងពិបាកទៅដល់បន្តិចមែន ប៉ុន្តែបើចុះចាញ់អ្នកនឹងស្តាយក្រោយអស់មួយជីវិត។
រឿងល្អៗនឹងកើតមានចំពោះអ្នកបើអ្នកអាចលុបបំបាត់គំនិតអវិជ្ជមានចេញពីខ្លួនឲ្យអស់៕
ចុចអានបន្ត៖