ហេតុអ្វីចូលចិត្តរត់តាមស្នេហាដែលមិនមែនជារបស់ខ្លួនឯង ហើយស្រែកថាហត់?

  • 2019-04-29 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មួយ​ចំនួន ប្រើ​ពេល​សឹង​មួយ​ជីវិត​ដើម្បី​រត់​តាម​ស្រមោល​មនុស្ស​ម្នាក់ តែ​គ្មាន​ពេល​ណា​តាម​ទាន់​ទាំង​អស់។ ហើយ​ចុង​បញ្ចប់ នៅ​ពេល​ដែល​ហួស​ពេល​អស់​ហើយ ទើប​ត្អូញ​ថា ខ្ញុំ​ហត់​ហើយ។

ក្នុង​រឿង​ស្នេហា នឹង​មាន​កាលៈទេសៈ​ខ្លះ​ដែល​នឹង​ត្រូវ​បង្ខំ​ឲ្យ​អ្នក​ឈរ​នៅ​ចន្លោះ​ជម្រើស​២​នោះ​គឺ បន្ត​មនោសញ្ចេតនា​នោះ ឬ​បញ្ចប់។ ដោយ​សារ​តែ​រវាង​អ្នក​ទាំង​២ ស្នេហា​បាន​សាប​រលាប ក៏​អាច​ដោយ​សារ​ម្នាក់ ក្នុង​ចំណោ​ម​អ្នក​ទាំង២ លែង​ស្រលាញ់​គ្នា​ដូច​មុន ដែល​ធ្វើ​ឲ្យ​ម្នាក់​ទៀត​នឿយ​ហត់។ បន្ទាប់​ពី​ដឹង​ការ​ពិត​​​នៃ​ការ​ផ្លាស់​ប្ដូរ​នេះ​ហើយ ក៏​នៅ​មិន​ហ៊ាន​ហា​មាត់​និយាយ​ដើម្បី​បញ្ចប់​ចំណង​មួយ​នេះ។

ហេតុ​អ្វី​ពួក​យើង​ចូលចិត្ត​ឱប​​ក្រសោប​ស្នេហា​មួយ​ដែល​ខ្លួន​ដឹង​ច្បាស់​ហើយ​ថា នឹង​មិន​ដើរ​ដល់​ណា​នោះ? ដោយ​សារ​តែ​ប្រាប់​ខ្លួន​ឯង​ថា ព្យាយាម​បន្តិច​ទៀត នឹង​ត្រូវ​បាន​គេ​តប​ស្នង ឬ​ស្ដាយ​​ពេលវេលា​ធ្លាប់​ចំណាយ​រួម​គ្នា ទើប​មិន​ហ៊ាន​ដោះ​ដៃ?

ចង់​បន្ត​ផង ចង់​បញ្ចប់​ផង អារម្មណ៍​មួយ​នេះ​គឺ​ពិត​ជា​ហត់​ខ្លាំង​ណាស់។ ស្នេហា​ប្រៀប​ដូច​ដើរ​ចូល​ផ្លូវ​ទាល់ ទោះ​ដើរ​យូរ​យ៉ាង​ណា​ក៏​គ្មាន​ផ្លូវ​ចេញ។ មនុស្ស​២​នាក់​ស្រលាញ់​គ្នា ត្រូវ​សម្លឹង​ទៅ​ទិស​ដៅ​តែ​មួយ តែ​ត្រូវ​ធ្វើ​​យ៉ាង​ម៉េច បើ​ម្នាក់​ទៀត លែង​មើល​ទៅ​ទិស​ដៅ​អ្នក​ទៅ​ហើយ​នោះ? ក្នុង​ស្នេហា ឬ​គ្រប់​ចំណង​អ្វី​ទាំង​អស់ បើ​មាន​អ្នក​ណា​មិន​ស្មោះ​នោះ អ្វី​គ្រប់​យ៉ាង​នឹង​ត្រូវ​រលាយ។

ការ​ពិត​ទៅ គម្លាត​របស់​ពួក​យើង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​តែ​ធំ​ឡើង តែ​យើង​នៅ​តែ​បន្លប់​ចិត្ត​ថា នឹង​មាន​ឱកាស​មួយ ដែល​គេ​នឹង​ប្រែ​ទៅ​ជា​ដូច​ដើម តែ​កាន់​តែ​រំពឹង កាន់​តែ​ឈឺ ព្រោះ​វា​មិន​អាច​ក្លាយ​ជា​ការ​ពិត។

មាន​អារម្មណ៍​ថា​ខ្លួន​ឯង ដូច​កំពុង​រត់​ប្រណាំង​នឹង​ពេល​វេលា ហើយ​គ្មាន​ថ្ងៃ​ឈ្នះ ព្រោះ​ម្នាក់​ប្រឹង​រត់ ម្នាក់​ប្រឹង​ថយ​ក្រោយ។​ នៅ​ពេល​ដែល​បេះដូង​យើង ជ្រុល​ដាក់​លើ​គេ​អស់​ហើយ នឹង​ពិបាក​ខ្លាំង​ណាស់​ដើម្បី​បញ្ចប់​មនោសញ្ចេតនា​មួយ។ តែ​បើ​មិន​បញ្ចប់ អ្នក​ដែល​ហត់​ជាង​គេ គឺ​មាន​តែ​ខ្លួន​ឯង ព្រោះ​ប្រឹង​ឈោង​ដៃ​ឆ្ងាយ​យ៉ាង​ណា​ ក៏​នៅ​តែ​មិន​ដល់ ព្រោះ​គេ​បាន​ដក​ដៃ​ចេញ​យូរ​មក​ហើយ។

មាន​មនុស្ស​ជា​ច្រើន​ ដឹង​ថា​ការ​រត់​តាម​គេ​ដូច​នេះ គឺ​ជា​ការ​ល្ងង់ តែ​នៅ​តែ​មិន​អាច​បញ្ឈប់​បាន ព្រោះ​ស្រលាញ់​គេ​ខ្លាំង​ពេក។ ពាក្យ​បែក គឺ​ពិបាក​និយាយ​ខ្លាំង​ណាស់ ជា​ពិសេស​សម្រាប់​មនុស្ស​ស្រី។ តែ​ត្រូវ​ចាំ​ថា បើ​ប្រឹង​អស់​សមត្ថភាព​ហើយ តែ​នៅ​តែ​គ្មាន​ប្រសិទ្ធភាព គួរ​តែ​សម្រាក​ទៅ កុំ​ឲ្យ​ហត់​ខ្លាំង​ពេក៕

ចុចអាន៖ កុំឆោតទៅសួរឲ្យសោះថា ចុងបញ្ចប់ខ្ញុំត្រូវជាអ្វីនឹងគេ?

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel