ចង់ឲ្យគូស្នេហ៍ចងចាំអ្នកក្នុងបេះដូងមិនងាយភ្លេច សាកវិធីងាយៗទាំងនេះ
- 2019-04-26 07:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យគូស្នេហ៍ចងចាំអ្នកក្នុងបេះដូងមិនងាយភ្លេច សាកវិធីងាយៗទាំងនេះ
មានវិធីជាច្រើនធ្វើឲ្យគូស្នេហ៍បង្កើតមនោសញ្ចេតនាជាមួយគ្នា បើទោះស្រលាញ់គ្នាយូរឆ្នាំក្តី ក៏នៅតែមិនជិនណាយពីគ្នា ឬធុញទ្រាន់នឹងគ្នាដែរ។ ខាងក្រោមនេះ ជាវិធីមួយចំនួនបង្កើនចំណងស្នេហ៍ឲ្យមិត្តប្រុសរបស់អ្នក និងអ្នកសាងអនុស្សាវរីយ៍ជាមួយគ្នា មិនសាបសូន្យ។
១. រៀនធ្វើម្ហូបជាមួយគ្នា
សួរគាត់ថា ម្ហូបអ្វីដែលគាត់ចូលចិត្តជាងគេ ហើយបបួលគាត់ទៅផ្សារទិញបន្លែ សាច់ ធ្វើញ៉ាំទាំងអស់គ្នា។ បើសង្សារអ្នក អត់ចេះធ្វើម្ហូបទេ អ្នកបង្រៀនគាត់ ហើយពេលនោះរឿងកំប្លែងៗ អស់សំណើចជាច្រើននឹងកើតឡើងមិនខាន ។ ជាពិសេស ពេលដល់វគ្គភ្លក់រសជាតិ ច្បាស់ជាបង្អាប់គ្នារឿងស្នាដៃធ្វើម្ហូបហើយ ធ្វើឲ្យអ្នកនិងសង្សារ ចងចាំអនុស្សាវរីយ៍ល្អៗជាមួយគ្នាមិនអាចបំភ្លេចបានឡើយ។
២. រៀនរាំ
ប្រុសៗខ្លះគឺអៀនណាស់ អត់ហ៊ានរាំទេ តែពេលឃើញគេរាំចង់រាំដែរ ខ្លះទៀតអត់ចេះរាំតែម្ដង។ អ៊ីចឹងហើយ បើអ្នកចេះរាំ បង្រៀនមិត្តប្រុសឲ្យចេះរាំដែរ ក៏ជាវិធីធ្វើឲ្យអ្នកទាំងពីបានសាងភាពរីករាយជាមួយគ្នាយ៉ាងពេញទំហឹង។
៣. បោះជុំរុំ
ជាជាងណាត់គ្នាទៅញ៉ាំអាហារនៅតាមហាងដដែលៗ អ្នកគួរនាំដៃគូមកបោះតង់លេងកម្សាន្តជាមួយគ្នាបានយ៉ាងរ៉ូមែនទិក។ ទន្ទឹមនឹងនោះ អ្នកក៏អាចស្រូបយកខ្យល់អាកាសធម្មជាតិបរិសុទ្ធ សម្លេងរៃច្រៀង ស្ដាប់ទឹករលក និងអាចឱបគាត់យ៉ាងកក់ក្ដៅក្នុងរង្វង់ដៃផងដែរ។
៤. ច្រៀងខារ៉ាអូខេជាមួយគ្នា
ជ្រើសរើសបទចម្រៀងឆ្លើយឆ្លង ឬបទចម្រៀងបែបកំប្លែងៗ ញាក់ៗអីក៏ល្អដែរ ព្រោះអាចឲ្យអ្នករាំលេងជាមួយគាត់បានសប្បាយ បិទមាត់មិនជិត។ នៅពេលបទចម្រៀងខ្លះ សម្លេងគាត់ច្រៀងមិនកើត អត់ពីរោះ អ្នកនិងគាត់កាន់តែអស់សំណើចជាមួយគ្នា ធ្វើឲ្យស្នេហានេះកាន់តែស្និទ្ធស្នាល។
៥. ថតរូបកំប្លែងៗ ឆ្កួតៗជាមួយគ្នា
គ្មានអ្វីសប្បាយជាងថតរូបហើយធ្វើកាយវិការឆ្កួតៗដាក់គ្នា នោះទេ ។ គិតមើលទៅថាសប្បាយប៉ុនណា ព្រោះសម័យនេះអ្នកណាក៏ចូលចិត្តថតរូបដែរ។ អ្វីដែលសំខាន់ សព្វថ្ងៃមានកម្មវិធីថតរូបស្អាតៗច្រើនជម្រើស ដែលអាចឲ្យអ្នកយកទុកថតរូប Troll គ្នាបានម៉ាសប្បាយ។
៦. ដើរព្រៃ
គូស្នេហ៍ជាច្រើនតែងទៅដើរលេងនៅតាមមាត់សមុទ្រ ឬ ទៅប្រាសាទ រមណីយដ្ឋានជាដើម។ ប៉ុន្តែអ្នកសាកគិតមើល បើងាកមកដើរលេងក្នុងព្រៃភ្នំ ដាច់ស្រយាល មើលទេសភាពព្រៃព្រឹក្សា ងូតទឹកជ្រោះលេង តើសប្បាយខ្លាំងកម្រិតណាទៅ។ អាចថា ជារសនិយមមួយប្លែកធ្វើឲ្យអ្នកនិងគូស្នេហ៍កាន់តែចងចាំអនុស្សាវរីយ៍មួយនេះបាន។ លើសពីនេះ អ្នកក៏អាចឆ្លៀតបង្ហាញពីភាពរឹងមាំរបស់ខ្លួនឯងឲ្យគាត់ឃើញថា ទោះដើរលេងក្នុងព្រៃក៏អ្នកនៅតែរឹងប៉ឹង ពូកែ មិនទន់ជ្រាយនោះទេ៕
ចុចអាន៖ ៥ ចំណុចនេះ អាចធ្វើឲ្យនារីមានឥទ្ធិពលទៅលើបុរស ច្រើនជាងសម្រស់ទៅទៀត