៥​ ចំណុច​នេះ​ អាច​ធ្វើឲ្យ​នារី​មាន​ឥទ្ធិពល​​ទៅ​លើ​​បុរស ច្រើន​ជាង​សម្រស់​ទៅ​ទៀត

  • 2019-03-06 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​សុទ្ធ​តែ​ប្រាថ្នា​ចង់​ឲ្យ​ខ្លួន​ឯង​ស្អាត ហើយ​ក៏​ចង់​បាន​មនុស្ស​ស្អាត​ដូច​គ្នា តែ​ធម្មជាតិ​មិន​អាច​មក​ដូច​យើង​គ្រប់​គ្នា​ចង់​បាន​ទេ។ យ៉ាង​ណា​ក៏​ដោយ​មនុស្ស​យើង​អ្វី​ដែល​សំខាន់​មិន​មែន​តែ​សម្រស់​ទេ នៅ​មាន​ចំណុច​ច្រើន​លើស​នេះ​ទៀត។ សម្រាប់​មនុស្ស​ស្រី​វិញ សម្រស់​គ្រាន់​ជា​អ្វី​មួយ​ផ្នែក​តែ​ប៉ុណ្ណោះ តែ​អ្វី​ដែល​មាន​ឥទ្ធិពល​ខ្លាំង ក្នុង​ការ​ឆាប​យក​បេះដូង​មនុស្ស​ប្រុស​នោះ​គឺ ៖

១. ការ​ប្រើប្រាស់​កែវ​ភ្នែក

កែវ​ភ្នែក​មនុស្ស​ស្រី​គឺ​អាច​ទម្លុះ​បេះដូង​មនុស្ស​ប្រុស​បាន ដូច្នេះ​អ្នក​ត្រូវ​ចេះ​ប្រើ​វា​ឲ្យ​បាន​ល្អ​បំផុត។ អ្នក​មិន​គួរ​គេច​កែវ​ភ្នែក​ពេល​ជួប​មនុស្ស​ប្រុស​នោះ​ទេ គួរ​បង្កើន​ភាព​ជឿជាក់​ហើយ​សម្លឹង​គេ​ឲ្យ​ចំ​ភ្នែក មិន​មែន​គេចៗ​ទេ។ ម្យ៉ាង​ទៀត​នៅ​ពេល​មនុស្ស​ប្រុស​សម្លឹង​ប៉ះ​ខ្សែ​ភ្នែក​អ្នក​ចំ នោះ​គឺ​តែង​មាន​អារម្មណ៍​​ទាក់ទាញ​មួយ​កើត​ឡើង​មិន​ខាន។

រូបតំណាង

២. ការ​ផ្ដោត​អារម្មណ៍

សម្រស់​គឺ​ជា​ផ្នែក​មួយ​ដែល​មនុស្ស​ប្រុស​សម្លឹង​មើល​មុន​គេ តែ​មិន​មែន​មាន​ន័យ​ថា​អាច​ទាក់​យក​បេះដូង​មនុស្ស​ប្រុស​បាន​នោះ​ទេ។ ការ​ផ្ដោត​អារម្មណ៍​របស់​មនុស្ស​ស្រី​ទៅ​​លើ​គេ គឺជា​រឿង​មួយ​ដែល​សំខាន់​ ព្រោះ​នៅ​ពេល​ដែល​អ្នក​យក​ចិត្ត​ទុកដាក់ សួរនាំ និង​បារម្ភ​ពី​គេ​កាន់​តែ​ច្រើន​ ពេល​នោះ​មុខ​អ្នក​នឹង​ផុស​ឡើង​ក្នុង​ខួរ​ក្បាល​គេ​បន្តិច​ម្ដង។

៣. អារម្មណ៍​ល្អ និង​ស្រស់ស្រាយ

មនុស្ស​ស្រី​ដែល​ស្រស់ស្រាយ និង​រីករាយ​គឺ​ជា​នារី​ដែល​មនុស្ស​ប្រុស​ត្រូវ​ការ​ និង​ចង់​នៅ​ក្បែរ។ ត្រូវ​ចាំ​ណា​មនុស្ស​ប្រុស​ចង់​ក្បែរ​អ្នក​មិន​មែន​ឲ្យ​អ្នក​រករឿង​ ឬ​មួម៉ៅ​ដាក់​គេ​ទេ តែ​គឺ​ពេល​ក្បែរ​អ្នក​គេ​ចង់​ទទួល​បាន​អារម្មណ៍​ល្អ និង​រីករាយ។ បែប​នេះ​ហើយ​ទើប​មនុស្ស​ស្រី​ដែល​ស្រស់ស្រាយ មិន​តឹងតែង​ពេក ជា​ចំណូល​ចិត្ត​របស់​មនុស្ស​ប្រុស តែ​មិន​មែន​មាន​ន័យ​ថា​ធ្វើ​ចរិត​ក្មេង​នោះ​ទេ។

៤. ធ្វើ​ជា​ខ្លួន​ឯង

ធម្មជាតិ​បែប​ណា គឺ​បែប​នោះ​ទៅ កុំ​ព្យាយាម​កែប្រែ​ខ្លួន​ឯង​អី។ នៅ​ពេល​ដែល​អ្នក​ប្រឹង​សម្ដែង អ្នក​នឹង​មើល​ទៅ​ឆ្គង ហើយ​អាច​និយាយ​បាន​ថា​គ្មាន​ចំណុច​ពិសេស​អី​ទាំង​អស់ ព្រោះ​អ្នក​មិន​មែន​ជា​អ្នក។ មនុស្ស​ប្រុស​ចូលចិត្ត​មនុស្ស​ស្រី​ដែល​មិន​លាក់​ចរិត ហើយ​ធ្វើ​អ្វី​ដែល​ខ្លួន​ចូលចិត្ត ព្រោះ​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់។

៥. ទង្វើ​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន

មនុស្ស​ល្អ​ ឬ​មិន​ល្អ​មិន​ចាំ​បាច់​មើល​អី​ច្រើន​ពេក​ទេ មើល​តែ​មនុស្ស​ជុំវិញ​ខ្លួន​ទៅ​បាន​ហើយ។ មាន​គេ​ស្រឡាញ់​ ចូលចិត្ត​ច្រើន​​ ឬ​អត់? ឬ​អាច​មើល​ទង្វើ​អ្នក​ទៅ​លើ​អ្នក​ដទៃ តើ​អ្នក​ល្អ​ចំពោះ​មនុស្ស​គ្រប់​គ្នា​ទេ? ឬ​ក៏​ល្អ​តែ​ចំពោះ​មនុស្ស​ម្នាក់ ដើម្បី​គ្រាន់​តែ​ឲ្យ​គេ​ចាប់​អារម្មណ៍? ទាំង​នេះ​សុទ្ធ​តែ​ជា​ចំណុច​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​មនុស្ស​ប្រុស​ហើយ។

កុំ​គិត​ថា​មនុស្ស​ស្រី​ដែល​ស្អាត សុទ្ធ​តែ​អាច​ឆក់​យក​បេះដូង​មនុស្ស​ប្រុស​នោះ ព្រោះ​ការពិត​នៅ​មាន​អីដែល​ច្រើន​ជាង​នេះ​ទៀត៕

ចុចអាន៖បើ​អ្នក​សំណាង​ជួប​មនុស្ស​ប្រុស​បែប​នេះ​ហើយ កុំ​ឲ្យ​គេ​របូត​ពី​ដៃ​អី

អត្ថបទ៖ ផេង ផលធិតា