បើ​មាន​បំណង​ចង់​រៀប​ការ​ជាមួយ​នរណា​ម្នាក់ ត្រូវ​ទទួល​យក​ចំណុច​ខ្វះខាត​គេ​ជាមុន​សិន

  • 2019-03-26 06:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ដំបូង​ដែល​អ្នក​ចាប់​ផ្ដើម​លង់​ស្នេហ៍​ទៅ​លើ​នរណា​ម្នាក់ នោះ​គ្រប់​យ៉ាង​នឹង​ល្អ​ ព្រោះ​គ្រា​ចាប់​ផ្ដើម​ម្នាក់​ៗ​ក៏​មិន​ទាន់​ដឹង​ចិត្ត​គ្នា ហើយ​បញ្ចេញ​ចរិត​តាម​ធម្មជាតិ​ខ្លួន​ដែរ។

ទាក់ទង​គ្នា​បាន​មួយ​រយៈ​ធំ​អ្នក​ទាំង​ពីរ​នឹង​ឈាន​ដល់​ដំណាក់កាល​មួយ​ទៀត​គឺ Comfortzone ដែល​មាន​ន័យ​ថា​ ធ្វើ​តាម​អ្វី​ដែល​ជា​ខ្លួន​ឯង លែង​ខ្លាច​ចិត្ត​គ្នា។ មក​ដល់​ចំណុច​នេះ​គឺ​ជា​ពេល​ដែល​ចរិត​មិន​ល្អ ចំណុច​ខ្វះ​ខាត​ចាប់​ផ្ដើម​ចេញ​មក​ហើយ រហូត​ដល់​ធ្វើ​ឲ្យ​ម្នាក់​ៗ​មាន​អារម្មណ៍​លែង​ល្អ​ លែង​ផ្អែមល្ហែម​ដូច​ពី​មុន។

ដំណាក់​កាល​នេះ​គឺ​សំខាន់​ណាស់ ហើយ​ក៏​មាន​គូ​ស្នេហ៍​ជា​ច្រើន​ដែរ​ដែល​បែក​គ្នា​ព្រោះ​ដំណាក់​កាល​នេះ។ ពេល​ចំណុច​មិន​ល្អ​ចាប់​ផ្ដើម​លេច​ឡើង អារម្មណ៍​ផ្សេង​ៗ​ក៏​ចាប់​ផ្ដើម​កើត​ឡើង​ជា​ហូរ​ហែរ ហើយ​ម្នាក់​ៗ​នឹង​ចាប់​ផ្ដើម​អស់​អារម្មណ៍​ល្អ​ជាមួយ​គ្នា​បណ្ដើរ​ៗ។

យូរ​ៗ​ទៅ​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ហត់​នឿយ លែង​ចង់​បន្ត​ជាមួយ​គ្នា​ទៀត រួច​ពួក​គេ​ក៏​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា។

ដោយ​ឡែក​សម្រាប់​អ្នក​ដែល​អាច​ឆ្លង​ផុត​ដំណាក់កាល​នេះ​ហើយ​ឈាន​ចូល​ដំណាក់​កាល់​ជា​ប្ដី​ប្រពន្ធ​នោះ គឺ​ពួក​គេ​ទាំង​ពីរ​ព្រម​ទទួល​ចំណុច​ខ្វះ​ខាត​ដែល​ដៃ​គូ​មាន។ ពួក​គេ​សម្រប​ខ្លួន និង​សប្បាយ​ចិត្ត​ចំពោះ​អ្វី​ដែល​ម្នាក់​ៗ​មាន​សម្រាប់​ស្នេហា។

ត្រូវ​ទទួល​ស្គាល់​ថា​មនុស្ស​មិន​អាច​ល្អ​គ្រប់​យ៉ាង​ទេ ដូច្នេះ​បើ​អ្នក​ស្រឡាញ់​នរណា​ម្នាក់ ហើយ​ចង់​រួមរស់​ជា​ប្ដី​ប្រពន្ធ​ត្រូវ​តែ​ហ៊ាន​ទទួល​យក​ចំណុច​អាក្រក់ និង​រៀន​បើក​ចិត្ត​ទទួល​យក​ការពិត​ដែល​បាន​កើត​ឡើង។

បើ​ស្រឡាញ់​នរណា​ម្នាក់​ដោយសារ​ភាព​ល្អ​នេះ​ល្អ​នោះ ថ្ងៃ​ណា​មួយ​អ្នក​នឹង​លែង​ស្រឡាញ់​នៅ​ពេល​ដែល​ចំណុច​ល្អ​នោះ​លែង​នៅ ដូច្នេះ​ត្រូវ​ស្រឡាញ់​ធម្មជាតិ​ដែល​​ម្នាក់​ៗមាន។ បែប​នេះ​ហើយ​ទើប​គេ​មាន​ដំណាក់​កាល​មើល​ចិត្ត​គ្នា ដូច្នេះ​នៅ​ពេល​អ្នក​ឆ្លង​ផុត​រឿង​លំបាក​ៗ​ហើយ ទៅ​មុន​ចាប់​ដៃ​គ្នា​ក៏​មាន​ភាព​នឹង​ធឹង​ជាង​សម្រេច​ចិត្ត​ភ្លាម​ៗ​ដែរ៕

ចុចអាន៖​នៅ​ពេល​ដែល​អ្នក​ចេះ​ស្រឡាញ់​ខ្លួន​ឯង​អ្នក​នឹង​ដឹង​ថា​ពិភពលោក​នេះ​ស្រស់​ស្អាត

អត្ថបទ៖ ផេង ផលធិតា