តិចនិកប្រើម៉ាស៊ីនត្រជាក់ក្នុងរដូវក្ដៅ កុំឲ្យថ្លៃភ្លើងឡើងខ្លាំង
- 2019-04-25 09:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកប្រើម៉ាស៊ីនត្រជាក់ក្នុងរដូវក្ដៅ កុំឲ្យថ្លៃភ្លើងឡើងខ្លាំង
ប្រសិនបើចេញក្រៅបន្ទប់តែមួយភ្លែត ទុកម៉ាស៊ីនត្រជាក់ឲ្យដើរធម្មតា នឹងសន្សំបានច្រើនជាងការបិទហើយបើកវិញឆ្ងាយណាស់។
យោងតាមបណ្ដាញព័ត៌មាន Japantoday រាល់ពេលបើកម៉ាស៊ីនត្រជាក់ដំបូង ភ្លើងនឹងទាញចំនួន៩០០W ហើយក្រោយនោះ៣០នាទី ទើបភ្លើងដើរធម្មតាវិញនៅកម្រិត ២០០W។ ហេតុនេះហើយ បើចេញក្រៅតែបន្តិច អ្នកមិនចាំបាច់បិទឡើយ បើបិទគឺខាតជាងមិនបិទទៀតផង។ ក្រៅពីនេះ តិចនិកខាងក្រោមនេះក៏ជួយឲ្យថ្លៃភ្លើងរបស់អ្នកមិនលោតឡើងខ្ពស់ពេក ពេលប្រើម៉ាស៊ីនក្នុងរដូវក្ដៅផងដែរ។
១. កំណត់សីតុណ្ហភាពត្រឹម ២៧-២៨អង្សារ
ក្នុងរដូវក្ដៅ មនុស្សជាច្រើនមានទម្លាប់បន្ថយសីតុណ្ហភាពចុះឲ្យខ្លាំងដើម្បីឆាប់ត្រជាក់ យ៉ាងណាក្ដី សកម្មភាពនេះ ស៊ីភ្លើងខ្លាំងណាស់។ យោងតាមបណ្ដាញព័ត៌មាន Fujitsu រាល់ពេលដែលអ្នកបន្ថយសីតុណ្ហភាព១អង្សារ នោះភ្លើងនឹងស៊ីច្រើនជាងមុន១០%។ ដូចនេះហើយ សីតុណ្ហភាពដែលប្រសើរបំផុត គួរដាក់ចន្លោះពី ២៧-២៨អង្សារ។
២. កំណត់កំរិតខ្យល់ដោយស្វ័យប្រវត្តិ
ដោយសារតែចង់ឲ្យខ្យល់បក់ខ្លាំង និងបែរទៅទិសដៅមួយជាក់លាក់ មនុស្សជាច្រើនបានដំឡើងកម្រិតខ្យល់ម៉ាស៊ីនត្រជាក់ឲ្យខ្លាំងអស់លេខ។ ការធ្វើបែបនេះ ធ្វើឲ្យភ្លើងស្រូបថាមពលខ្លាំង ហើយនៅពេលប្រើយូរនឹងមានគ្រោះថ្នាក់ដល់សុខភាពទៀតផង។ ដូចនេះហើយ អ្នកគួរតែកំណត់ខ្យល់ឲ្យដើរដោយស្វ័យប្រវត្តិ បក់ឡើងចុះ មិននៅមួយកន្លែងណាមួយ ទើបប្រសើរ។
៣. សម្អាតគ្រឿងក្នុងម៉ាស៊ីន២សប្ដាហ៍ម្ដងគឺល្អបំផុត
ការសម្អាតម៉ាស៊ីនត្រជាក់ជាប្រចាំក៏ជួយអ្នកសន្សំភ្លើងអគ្គិសនីផងដែរ ត្បិតម៉ាស៊ីនកខ្វក់ អ្នកនឹងត្រូវកំរិតម៉ាស៊ីនត្រជាក់ខ្លាំងជាងមុន ទើបទទួលបានផលដូចធម្មតា ដូចនេះនឹងស៊ីភ្លើងច្រើនជាងមុន។ រយៈពេលដែលសម្អាតម៉ាស៊ីនល្អបំផុតនោះរៀងរាល់២សប្ដាហ៍ម្ដង។
៤. គួបផ្សំប្រើជាមួយកង្ហារ
រក្សាចំហាយត្រជាក់ឲ្យពេញបន្ទប់បានយូរដោយប្រើកង្ហារគឺជាជម្រើសដ៏ល្អមួយសម្រាប់សន្សំភ្លើង។ ការធ្វើដូចនេះ ជួយឲ្យអ្នកប្រើម៉ាស៊ីនត្រជាក់នៅកម្រិតទាប តែនៅត្រជាក់បានយូរ ប្រសើរជាងការប្រើម៉ាស៊ីនត្រជាក់តែមួយមុខ៕
ចុចអាន៖ ទម្លាប់ប្រើប្រាស់កង្ហារក្នុងរដូវក្ដៅដែលគួរជៀសវាង បើមិនចង់គ្រោះថ្នាក់ដល់ជីវិត