សួនផ្កាឈូករ័ត្ន ៤កន្លែងនេះ ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តថតរូបអមទេសភាព
- 2019-04-23 08:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សួនផ្កាឈូករ័ត្ន ៤កន្លែងនេះ ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តថតរូបអមទេសភាព
បើនិយាយពីសួនផ្កាឈូករ័ត្នវិញ ពិតជាទាក់ទាញណាស់ សម្រាប់នារីៗ និងអ្នកចូលចិត្តថតរូបបែបទេសភាព។ បើបានជិះកាត់ហើយដកចិត្តមិនរួច ចង់ថតលេងកម្សាន្តមិនជិនណាយ ដោយសារតែសម្រស់ផ្កាឈូករ័ត្នធំៗខ្ពស់ៗ យ៉ាងស្រស់ស្អាត។
១. ផ្កាឈូករ័ត្ននៅខេត្តតាកែវ
ចម្ការផ្កាឈូករ័ត្ននេះ មានទីតាំងនៅភូមិត្រពាំងស្ការ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានចម្ងាយប្រមាណ៩០ គីឡូម៉ែត្រពីភ្នំពេញ។ មនុស្សក្មេងចាស់ ប្រុសស្រី នាំគ្នាមកកុះករថតរូបលេងនៅសួននេះ យ៉ាងសប្បាយរីករាយ។ ក្រៅពីនេះ ក៏មានផ្កាចម្រុះពណ៌ផ្សេងទៀត អាចថតរូបលេងកម្សាន្តទុកបង្ហោះមិត្តភ័ក្កិក្នុង FB នៅទីនេះក៏មានតូបប្រក់ស្បូវតូចៗសម្រាប់លោកអ្នកអង្គុយលេងលំហែចិត្តផងដែរ។
២. ផ្កាឈូករ័ត្ននៅខេត្តត្បូងឃ្មុំ
ដើម្បីទៅដល់ចម្ការផ្កាឈូករ័ត្ន លោកអ្នកអាចធ្វើដំណើរចុះពីស្ពានគីហ្សូណាត្រើយខាងកើតតាមផ្លូវបេតុងចម្ងាយ៦គីឡូម៉ែត្រ ជិតដល់វត្តជីរោទ៍បត់ស្ដាំដៃបន្តិច នឹងទៅដល់ចម្ការផ្កាដ៏ស្រស់បំព្រងនេះ ជាមួយនឹងអារម្មណ៍ស្រស់ស្រាយ និងខ្យល់បរិសុទ្ធពិតៗ។ ចម្ការនេះស្ថិតនៅក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយដាំលើដីទំហំជិត ៥ ហិកតា។ សួនផ្កាដ៏ទាក់ទាញនេះ កំពុងស្រូបមនុស្សឲ្យទៅថតរូបលេងកម្សាន្តច្រើនកុះករ រហូតអ្នករស់នៅតាមបណ្ដាខេត្តឆ្ងាយៗ សុខចិត្តជិះឡានរាប់សិបគីឡូម៉ែត្រទាំងគ្រួសារ មកផ្ដិតទិដ្ឋភាពសួនផ្កាឈូករ័ត្នស្រស់ស្អាតមួយនេះ។
៣. ផ្កាឈូករ័ត្ននៅអង្គរបុរី
តំបន់ទេសចរណ៍ថ្មីនេះ ស្ថិតនៅភូមិព្រែកផ្ទោល ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ។ ក្រៅពីអាចថតរូបលេងយ៉ាងសប្បាយអមនឹងផ្កាឈូករ័ត្នធំៗខ្ពស់ៗ លោកអ្នកក៏អាចរីករាយនឹងខ្យល់អាកាសបរិសុទ្ធបែបស្រុកស្រែ និងមានខ្ចុះអង្គុយលេងមើលទេសភាពធម្មជាតិ យ៉ាងស្រស់បំព្រងផងដែរ។
៤. សួនផ្កាឈូករ័ត្ននៅខេត្តប៉ៃលិន
បើចង់ទៅលេងសួននេះ លោកអ្នកធ្វើដំណើរមកភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកស្ទឹងហាវ ខេត្តប៉ៃលិន ចម្ងាយប្រមាណ១គីឡូម៉ែត្រពីច្រកទ្វារអន្តជាតិព្រំ។ សួននេះដាំលើដីទំហំ ១ហិកតា ចម្រុះដោយផ្កាឈូករ័ត្នជាជួរៗ យ៉ាងទាក់ទាញបំផុត។ អ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥៧ ពីខេត្តប៉ៃលិនឆ្ពោះទៅច្រកអន្តរជាតិព្រំ មិនដែលរំលងទីតាំងដ៏គួរឲ្យស្រលាញ់មួយនេះបានទេ៕
ចុចអាន៖ ទេសភាពស្អាតបំ់ផុត! ឃើញហើយចង់ទៅថតលេង រមណីយដ្ឋាននៅកៀកបង្កើយរាជធានីភ្នំពេញ