មនុស្ស​​ស្រី​បើ​គិត​ថា​លះ​បង់​ហើយ​បាន​សំណង​មកវិញ​ គួរ​តែ​​អាន​អត្ថបទ​នេះ

  • 2019-04-10 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​គឺ​ជា​ឆ្នាំ​ដំបូង​នៃ​ជីវិត​នៅ​សាកល​វិទ្យាល័យ​របស់​ខ្ញុំ​។​ ខ្ញុំ​គឺ​ជា​សិស្ស​ដែល​តែង​តែ​ទទួល​បាន​ពិន្ទុ A ​ស្ទើរ​គ្រប់​មុខ ហើយ​គ្មាន​អ្វី​មក​រារាំង​ខ្ញុំ​នឹង​ក្ដី​ស្រមៃ​របស់​​ខ្ញុំ​បាន​ឡើយ​។​ ខ្ញុំ​ចង់​ក្លាយ​ជា​គ្រូ​ពេទ្យ​វះ​កាត់​ម្នាក់​ ហើយ​ក៏​បាន​ដាក់​ពាក្យ​ស្នើ​ទៅ​សាលា​វេជ្ជសាស្ត្រ។​

រូបតំណាង

ប៉ុន្តែ​អ្វី​ៗ​បាន​ផ្លាស់​ប្ដូរ​អស់​ នៅ​ពេល​ដែល​ខ្ញុំ​បាន​ជួប​ វិសិដ្ឋ​។​ ខ្ញុំ​មិន​​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ចំពោះ​គាត់​ទេ​ ប៉ុន្តែ​ខ្ញុំ​ចាប់​ផ្ដើម​លង់​ស្រលាញ់​គាត់​។​ គាត់​ប្រៀប​ដូច​ជា​បុរស​ល្អ​ឥត​ខ្ចោះ​ម្នាក់​សម្រាប់​ខ្ញុំ​ ទាំង​ស្អាត​ ទាំង​ឆ្លាត​ ហើយ​ចេះ​កំប្លែង​ថែម​ទៀត​។​ អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​បំផុត​នៅ​ពេល​នេះ​ គឺ​ចង់​ស្គាល់​គាត់​។​ ចៃដន្យ​អី ​ពួក​យើង​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ជា​ដៃ​គូ​នឹង​គ្នា​ក្នុង​មន្ទីរ​ពិសោធន៍​ ខ្ញុំ​ក៏​បាន​គិត​ថា​នេះ​ជា​ឱកាស​របស់​ខ្ញុំ​ហើយ​ ប្រាកដ​ណាស់​យើង​ចាប់​ផ្ដើម​ជជែក​គ្នា​ ហើយ​ខ្ញុំ​បាន​ស្គាល់​គាត់​កាន់​តែ​ច្បាស់​គ្រាន់​តែ​១​ថ្ងៃ​ដំបូង​ប៉ុណ្ណោះ​។​ គាត់​រស់​នៅ​ជា​មួយ​នឹង​ប៉ា​ម៉ាក់​របស់​គាត់ និង​​ប្អូន​ស្រី​ម្នាក់​។​ កីឡា​ដែល​គាត់​ចូល​ចិត្ត​គឺ ជិះ​កង់​ ហើយ​គាត់​ចូល​ចិត្ត​ញ៉ាំ​ការ៉េម​ស្វាយ​ខ្លាំង​ណាស់​។​

រូបតំណាង

ពួក​យើង​បាន​ប្រាប់​គ្នា​ទៅ​មក​ពី​អ្វី​ដែល​យើង​ចូល​ចិត្ត​ជា​ច្រើន​ ពួក​យើង​ទាំង​ពីរ​នាក់​ចូល​ចិត្ត​ចម្រៀង​ K-Pop ដូច​គ្នា​ តែ​ពួក​យើង​ផ្ដោត​លើ​ការ​សិក្សា​របស់​ពួក​យើង​ខ្លាំង​ណាស់​។​ បន្ទាប់​ពី​រយៈ​ពេល​ ២​ សប្ដាហ៍​ វិសិដ្ឋ​បបួល​ខ្ញុំ​ទៅ​មើល​កុន​ជា​មួយ​គ្នា​ ហើយ​ខ្ញុំ​ក៏​ឆ្លើយ​យល់​ព្រម​ដោយ​គ្មាន​ស្ទាក់​ស្ទើរ​បន្តិច​សោះ​។​ ពេល​ដែល​កំពុង​មើល​រឿង​ ភ្នែក​របស់​ពួក​យើង​ទាំង​ពីរ​ក៏​សម្លឹង​រក​គ្នា​ ហើយ​អារម្មណ៍​ពុះ​កញ្ជ្រោល​ក៏​ចាប់​ផ្ដើម​មាន ស្នាម​ថើប​ដំបូង​របស់​យើង​ក៏​កើត​ឡើង​។​ ១​សប្ដាហ៍​កន្លង​ផុត​ទៅ​ យើង​ក៏​បាន​ក្លាយ​ជា​គូ​ស្នេហ៍​យ៉ាង​ពេញ​មុខ​ពេញ​មាត់​ ហើយ​គ្មាន​អ្វី​មក​បំបែក​យើង​ទាំង​ពីរ​បាន​ទេ​។​

ពេល​វេលា​ពិត​ជា​ដើរ​លឿន​មែន​ទើប​តែ​ថ្ងៃ​មុន​សោះ​ក៏​កន្លង​ផុត​១​ឆ្នាំ​ហើយ​ ខ្ញុំ​គិត​ថា​ដល់​ពេល​ហើយ​ដែល​ខ្ញុំ​ត្រូវ​ណែនាំ​ វិសិដ្ឋ​ ឲ្យ​ប៉ា​ម៉ាក់​ខ្ញុំ​ស្គាល់​។​ បន្ទាប់​ពី​ញ៉ាំ​បាយ​ពេល​ល្ងាច​ជុំ​គ្នា​ហើយ​ ខ្ញុំ​សួរ​ប៉ា​ម៉ាក់​ខ្ញុំ​ថា​គិត​យ៉ាង​ណា​ចំពោះ​មិត្ត​ប្រុស​របស់​ខ្ញុំ​។​ លោក​ទាំង​ពីរ​និយាយ​ថា​គាត់​គឺ​ជា​ក្មេង​ប្រុស​ល្អ​ម្នាក់​ ប៉ុន្តែ​កុំ​ឲ្យ​ខ្ញុំ​ព្យាយាម​ស្និទ្ធស្នាល​នឹង​គាត់​ខ្លាំង​ពេក​ ខ្ញុំ​គិត​ថា​នោះ​គ្រាន់​តែ​ជា​ពាក្យ​សម្ដី​ដែល​គាត់​និយាយ​ដោយ​ការ​ព្រួយ​បារម្ភ​ពី​ខ្ញុំ​ធម្មតា​តែ​ប៉ុណ្ណោះ​។

រូបតំណាង

៣​ ឆ្នាំ​កន្លង​ផុត​ទៅ​យ៉ាង​លឿន​ជា​មួយ​នឹង​ការ​ទាក់ទង​គ្នា​យ៉ាង​រីករាយ​។​ វា​ក៏​ដល់​ថ្ងៃ​ដែល​ខ្ញុំ​ទទួល​បាន​សំបុត្រ​ពី​សាលា​វេជ្ជសាស្ត្រ​ដែល​ខ្ញុំ​ធ្លាប់​បាន​ដាក់​ពាក្យ​ស្នើ​កាល​ពី​ចូល​រៀន​ដំបូង​។​ ខ្ញុំ​ត្រូវ​បាន​សាលា​អនុញ្ញាត​ឲ្យ​ចូល​រៀន​ហើយ​!​ ខ្ញុំ​រត់​ទៅ​​រក​ វិសិដ្ឋ​ ហើយ​ហក់​ឱប​គាត់​យ៉ាង​សប្បាយ​ចិត្ត​ ខ្ញុំ​ចាំ​បាន​ថា​កាល​នោះ​គាត់​ឱប​ខ្ញុំ​យ៉ាង​ណែន​។​ ពួក​យើង​អង្គុយ​ចុះ​ហើយ​បន្ត​អាន​សំបុត្រ​នោះ​ទៀត​ រហូត​ដល់​ចប់​ ទើប​បាន​ដឹង​ថា​ខ្ញុំ​ត្រូវ​ចេញ​ទៅ​បរទេស​រៀន ៤​ ឆ្នាំ​ ពេល​នោះ​ វិសិដ្ឋ​ ពិត​ជា​ពិបាក​ចិត្ត​ខ្លាំង​ណាស់​។​ បន្ទាប់​ពី​និយាយ​គ្នា​ទាំង​ថ្ងៃ​ទាំង​យប់​អស់​ពេល​ ២​ សប្ដាហ៍​ខ្ញុំ​បាន​ប្រាប់​ វិសិដ្ឋ​ ថា​ខ្ញុំ​ស្រលាញ់​គាត់​ខ្លាំង​ណាស់ មិន​ថា​សាលា​វេជ្ជសាស្ត្រ​សំខាន់​សម្រាប់​ខ្ញុំ​ប៉ុណ្ណា​ទេ​ ប៉ុន្តែ​គាត់​នៅ​តែ​សំខាន់​ជាង​។​

គាត់​បាន​ឱប​ខ្ញុំ​យ៉ាង​ណែន​ ហើយ​ខ្ញុំ​ក៏​បាន​ឱប​គាត់​វិញ​ដោយ​ក្នុង​ភ្នែក​ពោរ​ពេញ​ដោយ​ទឹក​ភ្នែក។​ ខ្ញុំ​ក៏​បាន​ប្រាប់​ប៉ា​ម៉ាក់​ខ្ញុំ​នូវ​ការ​បដិសេធ​មិន​ទៅ​រៀន​ផ្នែក​វេជ្ជសាស្ត្រ​ គាត់​ខក​ចិត្ត​យ៉ាង​ខ្លាំង​ គាត់​មាន​អារម្មណ៍​ថា​ខ្ញុំ​សុខ​ចិត្ត​ច្រាន​ចោល​ក្ដី​ស្រមៃ​ដែល​ខ្លួន​ឯង​មាន​តាំង​ពី​យូរ​ហើយ​ ដោយ​សារ​តែ​ការ​ស្រលាញ់​ប្រុស​ម្នាក់​។​ ពីរ​បី​ខែ​ក្រោយ​មក​ វិសិដ្ឋ​ ក៏​ទទួល​បាន​ការ​ផ្ដល់​ឲ្យ​នូវ​ឱកាស​ដ៏​ធំ​មួយ​នៅ​បរទេស​ទៅ​​ចូល​រួម​វឹក​ហាត់​ក្នុង​ក្លឹប​ជិះ​កង់​លំដាប់​អន្តរជាតិ​ ដែល​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ ២​ ឆ្នាំ​។​ ខ្ញុំ​មើល​ទៅ​គាត់​ហើយ​សួរ​ថា​តើ​គាត់​នឹង​ទៅ​ដែរ​ទេ​ ហើយ​គាត់​ក៏​ឆ្លើយ​ថា​ទៅ​ទាំង​មិន​ស្ទាក់​ស្ទើរ​សូម​បី​តែ​១​ម៉ាត់​។​ ពួក​យើង​ឈ្លោះ​គ្នា​ពេញ​មួយ​ថ្ងៃ​ដោយ​សារ​រឿង​ហ្នឹង​ ខ្ញុំ​ក៏​បាន​ពន្យល់​ប្រាប់​គាត់​ថា​ខ្ញុំ​បាន​បោះ​បង់​ចោល​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​គាត់​! ខ្ញុំ​អង្គុយ​យំ​ក្នុង​បន្ទប់​មុន​ពេល​គាត់​បាន​ផ្ញើ​សារ​រក​ខ្ញុំ ប្រាប់​ថា​គាត់​ចង់​ជួប​ខ្ញុំ​​ឥឡូវ​នេះ​។​

រូបតំណាង

ខ្ញុំ​ក៏​បាន​ទៅ​រក​គាត់​ភ្លាម​ដល់​ផ្ទះ​គាត់​ទាំង​ទឹក​ភ្នែក​ ហើយ​បាន​ឱប​គាត់​យ៉ាង​ខ្លាំង​និង​និយាយ​ថា​ «អូន​ស្រលាញ់​បង​ខ្លាំង​ណាស់»​។​ វិសិដ្ឋ​ មិន​បាន​និយាយ​អ្វី​ទាំង​អស់​ … បន្តិច​ក្រោយ​មក​គាត់​និយាយ​ថា​ «តាម​ពិត​បង​ហៅ​អូន​មក​នេះ​ព្រោះ​ចង់​និយាយ​ថា​យើង​គួរ​តែ​បែក​គ្នា​ទៅ​ បង​​លែង​មាន​អារម្មណ៍​អ្វី​ទៀត​ហើយ​ ព្រោះ​ការ​ជិះ​កង់​សំខាន់​ខ្លាំង​ណាស់​សម្រាប់​បង ឲ្យ​បង​សុំ​ទោស​ បង​ក៏​ស្រលាញ់​អូន​ ប៉ុន្តែ​បង​សុំ​ជ្រើស​យក​ក្ដី​ស្រមៃ​របស់​បង​ហើយ»​។​

រូបតំណាង

​៥​ឆ្នាំ​ក្រោយ​មក​ទៀត​ ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​នឹង​បុរស​ដែល​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ ហើយ​បាន​ធ្វើ​ការ​ជា​គ្រូ​ពេទ្យ​វះ​កាត់​នៅ​​មន្ទីរ​ពេទ្យ​ក្នុង​ទី​ក្រុង​មួយ​។​ ប្ដី​របស់​ខ្ញុំ​គឺ​ជា​វិស្វករ​ ហើយ​ពួក​យើង​ទាំង​ពីរ​ស្រលាញ់​គ្នា​ណាស់​ យើង​រស់​នៅ​ជា​មួយ​គ្នា​យ៉ាង​រីករាយ​។​ ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​នារី​គ្រប់​រូប​ចាំ​ថា​ ពេល​ខ្លះ​អ្នក​ត្រូវ​តែ​អាត្មានិយម​ខ្លះ​ ត្រូវ​ផ្ដោត​លើ​អ្វី​ដែល​សំខាន់​ ពេល​នោះ​​រឿង​ល្អ​នឹង​រត់​មក​រក​អ្នក​ដោយ​ខ្លួន​ឯង​មិន​ខាន

ចុចអាន៖

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម