បារម្ភ និង​ស្រឡាញ់​​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ​ទៅ​ព្រោះ​​ភាគ​ច្រើន​​គេមិន​បាន​​បារម្ភ​អ្នក​ទេ

  • 2019-04-04 07:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ជីវិត​យើង​អ្វី​ដែល​ល្អ​បំផុត​គឺ​នៅ​ពេល​ដែល​យើង​ចេះ​បារម្ភ​ និង​យក​ចិត្ត​ទុកដាក់​ចំពោះ​ខ្លួន​ឯង ព្រោះ​មនុស្ស​ភាគច្រើន​មិន​បាន​ស្រឡាញ់​អ្នក បារម្ភ​អ្នក​ពិត​ប្រាកដ​ទេ។

១. កុំ​បង្ហិន​ពេល​វេលា​ចាំ​ឲ្យ​អ្នក​ដទៃ​បារម្ភ​ខ្វល់ខ្វាយ​ពី​អ្នក

បើ​សិន​អ្នក​ប្រាកដ​ក្នុង​ចិត្ត​ថា​ពួក​គេ​បាន​ដឹង​ពី​ដំណឹង​អាក្រក់​​ ឬ​​ក៏​ជោគជ័យ​របស់​អ្នក​ហើយ​ គួរ​តែ​បណ្ដោយ​ឲ្យ​ពួក​គេ​លើក​យក​ដំណឹង​ទាំង​នោះ​មក​និយាយ​ដោយ​​ឯកឯង ព្រោះ​យ៉ាង​ហោច​ណាស់​អ្នក​​ក៏​បាន​ដឹង​ថា​ការ​បារម្ភ​ខ្វល់ខ្វាយ ឬ​​ពាក្យ​សម្ដី​សរសើរ​របស់​គេ​គឺ​ជា​​ការ​ពិត​ចេញ​ពី​ចិត្ត​ឬ​ក៏​អត់។

២. ព្រម​ទទួល​ស្គាល់​ថា​មនុស្ស​ភាគ​ច្រើន​ក្នុង​លោក​មិន​បាន​បារម្ភ​ពី​អ្នក​ពិត​ប្រាកដ​ទេ

ធម្មតា​មនុស្ស​ភាគ​ច្រើន​នឹង​ធ្វើ​​ខ្លួន​ហាក់​ដូច​ជា​ពួក​គេ​ចូល​ចិត្ត​អ្នក ឬ​ចរិត​របស់​អ្នក ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​នាក់​នោះ​ទេ ដែល​មាន​អារម្មណ៍​បារម្ភ​ពី​អ្នក​ពិត​ប្រាកដ លើក​លែង​តែ​ថា​ពួក​គេ​ស្គាល់​អ្នក​ច្បាស់​មែន​ទែន។ ដូច្នេះ​វា​មិន​អាច​ទៅ​រួច​ឡើយ​ដែល​មាន​អ្នក​ណា​ម្នាក់​ដែល​អ្នក​ទើប​ស្គាល់ មក​បារម្ភ​ពី​អ្នក​ពិត​ប្រាកដ។

៣. ទទួល​ស្គាល់​ថា​អ្នក​គឺ​មនុស្ស​​ដែល​អាច​ស្វែង​រក​ក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​បាន ១០០%

ទោះ​បី​មិត្តភ័ក្ដិ អ្នក​ក្នុង​គ្រួសារ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​អាច​ផ្ដល់​ក្ដី​សុខ​ និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្កប់ស្កល់​ក្នុង​ចិត្ត​ខ្លាំង​កម្រិត​ណា ប៉ុន្តែ​អ្នក​មិន​ដឹង​ឡើយ​ថា​​ពួក​គេ​អាច​នៅ​ជាមួយ​អ្នក​រហូត ឬ​ក៏​អត់ ឬ​ក៏​អាច​មាន​ស្ថានការណ៍​ណា​មួយ​ដែល​ធ្វើ​ឲ្យ​​ពួក​​គាត់​មិន​អាច​ផ្ដល់​ក្ដី​សុខ​ឲ្យ​អ្នក​ដូច​មុន​​បាន។ ដូច្នេះ​ហើយ​ទើប​មនុស្ស​យើង​ត្រូវ​​ចេះ​រៀន​ស្វែង​រក​សេចក្ដី​សុខ​ដោយ​​ខ្លួន​ឯង​​ខ្លះ។

៤. កុំ​​ឲ្យ​តម្លៃ​ការ​យល់​ឃើញ​របស់​អ្នក​ដទៃ​ច្រើន​ជាង​ខ្លួន​ឯង

បើ​ទោះ​បី​ការ​​ទទួល​យក​ការ​ណែនាំ និង​គំនិត​រិះគន់​ពី​អ្នក​ដទៃ​​គឺ​ជា​គំនិត​មួយ​ល្អ ប៉ុន្តែ​វា​អាច​នឹង​​ក្លាយ​ជា​រឿង​មិន​ល្អ​ឡើយ បើ​អ្នកចាំ​តែ​​ធ្វើ​តាម​ពាក្យ​សម្ដី​គេ​ទាំង​​ស្រុង។ ពាក្យ​ណែនាំ​ទាំង​នោះ​គួរ​ណាស់​តែ​មាន​ភាព​គួរ​ឲ្យ​ជឿជាក់ ដូច​ជា​ពាក្យ​សម្ដី​របស់​អ្នក​ជំនាញ​ផ្នែក​ផ្សេង​ៗ ប៉ុន្តែ​​អ្នក​ត្រូវ​ដឹង​ថា នៅ​ទី​បញ្ចប់​ គឺ​មាន​តែ​ខ្លួន​អ្នក​ប៉ុណ្ណោះ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ជីវិត​របស់​ខ្លួន​ឯង​ច្រើន​បំផុត។ ដូច្នេះ​ហើយ​អ្នក​ចាំបាច់​ត្រូវ​ជឿ និង​ទុក​ចិត្ត​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឯង​ជា​ចម្បង ៕

ចុចអាន៖ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ជា​មនុស្ស​មាន​មន្តស្នេហ៍​ខ្ពស់ និង​​​វិជ្ជមានតាម​វិធី​​​ស្រួល​ៗ​ទាំង​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម
អត្ថបទថ្មី