វិធី​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​យើង​ភ្លាម​តាំង​ពី​ជួប​លើក​ដំបូង

  • 2019-03-27 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ក្លាយ​ជា​​​​មនុស្ស​ដែល​ពូកែ​ខាង​ប្រាស្រ័យ​ទាក់ទង អ្នក​គួរ​ចង​ចាំ​រឿង​ទាំង​នេះ ​​ដើម្បី​ការពារ​​​​​កុំ​ឲ្យ​​ខ្លួន​ឯង​​អត់​អំណោយ​ទាន​ក្នុង​ភ្នែក​អ្នក​ដទៃ​ពេល​ជួប​គ្នា​លើក​ដំបូង។

១. អាកប្បកិរិយា

ត្រូវ​ចាប់​អារម្មណ៍​ពី​វិធី​ដែល​​អ្នក​ឆ្លើយ​តប​ទៅ​វិញ​ជាមួយ​នឹង​អ្នក​ដទៃ និង​ត្រូវ​ប្រើ​ភាសា​កាយវិការ​ឲ្យ​បាន​សមរម្យ មិន​លើស​លប់​ពេក។ អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា ការ​ប្រើ​កាយវិការ​ត្រូវ​កាលៈទេសៈ​នឹង​ធ្វើ​ឲ្យ​ការ​សន្ទនា​របស់​អ្នក​មាន​ប្រសិទ្ធិភាព​លើស​៤​ដង។ ស្នាម​ញញឹម​ដ៏​ស្រស់​មួយ នឹង​ធ្វើ​ឲ្យ​ភាគី មើល​អ្នក​ក្នុង​ផ្លូវ​ល្អ​មួយ​រំពេច។

២. គម្លាត

ក្នុង​ករណី​ពិសេស​ដូច​ជា​ សម្ភាសន៍​ការងារ ក្រៅ​ពី​ត្រូវ​អង្គុយ​ឲ្យ​ត្រង់ មាន​ជំនឿ​ចិត្ត​ហើយ​នោះ អ្នក​មិន​គួរ​អង្គុយ​ជិត ឬ​ឆ្ងាយ​ពី​អ្នក​សម្ភាសនន៍​ខ្លួន​ពេក​នោះ​ឡើយ។ ប្រសិន​បើ​គេ​ឲ្យ​អ្នក​ជ្រើស​កន្លែង​ខ្លួន​ឯង គួរ​ជ្រើស​យក​ទិ​តាំង​ដែល​នៅ​ទល់​មុខ​អ្នក​សម្ភាសន៍។ ចង​ចាំ​ថា ត្រូវ​ដាក់​ជើង​ត្រង់ និង​មិនគង​ទាក់​ខ្លា។

៣. ​សម្លៀក​​បំពាក់

យើង​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​វិធី​ទាក់ទាញ​ចំណាប់​អារម្មណ៍​លឿន​ជាង​គឺ​តាម​រយៈ​សំលៀក​បំពាក់។ យ៉ាងណាក្ដី ជួប​គ្នា​លើក​ដំបូង យើង​មិន​គួរ​ស្លៀក​ឆើតឆាយ​ហួសហេតុ​ឡើយ និង​គួរ​ស្លៀក​រម្យទម ស្រប​តាម​កាលៈទេសៈ​ និង​ទី​កន្លែង។ ជៀសវាង​ខោអាវ​វាល និង​រឹប​ខ្លាំង​ពេក។

៤. សក់​ក្បាល

សក់​ក្បាល​អាច​ជា​អាវុធ​មុខ​២ ត្បិត​វា​អាច​ធ្វើ​ឲ្យ​អ្នក​ស្អាត​ជាង​មុន ហើយ​ក៏​អាច​សម្លាប់​អ្នក​ ដោយ​ធ្វើ​ឲ្យ​អ្នក​មើល​មិន​យល់​ផង​ដែរ។ សក់​ក្បាល​បះ​កញ្ជ្រើង សុទ្ធ​តែ​អង្គែរ និង​ខ្លាញ់ នឹង​ធ្វើ​ឲ្យ​អ្នកដទៃ​វាយ​តម្លៃ​​មិន​ល្អ។ ក្នុង​ជំនួប​លើក​ដំបូង គួរ​កក់​សក់​ឲ្យ​ស្អាត និង​ធ្វើ​ម៉ូដ​សុវត្ថិភាព​ដែល​យើង​ធ្លាប់​ទទួល​បាន​ផល​ពី​មុន​មក ជៀស​វាង​ម៉ូដ​ថ្មី ដែល​យើង​មិន​ធ្លាប់​ធ្វើ។

៥. ផាត់​មុខ

ការ​ផាត់​មុខ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ទំនុកចិត្ត​ជាង​មុន តែ​ក៏​អាច​ប្រែ​អ្នក​ក្លាយ​ជា​អ្នក​លេង​ល្ខោន​ម្នាក់​ដែរ។ ដោយ​សារ​តែ​ជំនួប​លើក​ដំបូង មិន​ទាន់​ស្គាល់​គ្នា​ច្បាស់ យើង​គួរ​ផាត់​មុខ​តាម​បែប​ធម្មជាតិ តែ​មិន​ស្លេក​ពេក។ ជៀស​វាង​ផាត់​ភ្នែក​ពណ៌​ខៀវ លាប​ក្រែម​ពណ៌​ក្រហម​ដិត​ខ្លាំង ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​គេ​គិត​ថា​អ្នក​ជា​មនុស្ស​កាច៕

ចុចអានបន្ត៖

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel