កើតជាមនុស្សស្រី កុំឃុំខ្លួនក្នុងទ្រុង ត្រូវដឹងថាពេលណាគួរចាកចេញ
- 2019-03-26 08:03:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កើតជាមនុស្សស្រី កុំឃុំខ្លួនក្នុងទ្រុង ត្រូវដឹងថាពេលណាគួរចាកចេញ
ខ្ញុំនិងមិត្តភ័ក្តិចាស់ៗបានណាត់ជួបនិយាយគ្នាលេងកាលពីសប្តាហ៍មុន។ កំពុងតែជជែកគ្នាដល់រឿងគ្រួសារ មិត្តរបស់ខ្ញុំម្នាក់បាននិយាយថា "រាល់ថ្ងៃនេះ គ្នាមិនដែលបានសប្បាយចិត្តដូចមុនទេ រស់នៅជាមួយប្តីដើម្បីកូនតែប៉ុណ្ណោះ" ។
ស្តាប់ឮហើយខ្ញុំក្ដុកក្ដួលក្នុងចិត្តជំនួស ព្រោះពាក្យថា "មិនសប្បាយចិត្ត" ប្រៀបបានដូចជារស់នៅក្នុងនរកអីចឹង។ អ្នកកំពុងតែនៅជាមួយភ្លើងឆួលក្តៅ ប៉ុន្តែដោយសារហេតុផលមិនសមរម្យមួយចំនួន ទើបបានជាអ្នកសុខចិត្តបណ្តោយឲ្យកម្តៅឆាបឆេះស្ទើរខ្លោច ក៏មិនព្រមចាកចេញ។
ខ្ញុំមិនមែនមិនធ្លាប់ឭរឿងទាំងនេះពីមុនមកទេ ខ្វះអីមនុស្សស្រីនិយាយថា ស៊ូមិនលែងលះគ្នា ព្រោះមិនចង់ឲ្យកូនធំឡើងគ្មានប៉ាហៅនឹងគេ។ បើលែងទៅ ខ្លាចមិនអាចរកលុយចិញ្ចឹមកូននិងខ្លួនឯងបាន គ្មាននរណាមកស្រលាញ់អ្នកដូចជាគាត់ ឬគិតថារស់នៅជាមួយគ្នាសឹងមួយទសវត្សទៅហើយចេះតែទ្រាំៗទៅ។
គំនិតបែបនេះ ហាក់បីដូចជាអ្នកស្លាប់ទាំងរស់ អ្នកភ័យខ្លាច អ្នកមិនរឹងមាំ ហើយវាក៏មិនមែនជាក្តីស្រលាញ់ឬការលះបង់អីនោះដែរ។
ធ្វើជាមនុស្សស្រីដែលរស់នៅជាមួយសេរីភាព និងមិនឃុំខ្លួនឯងក្នុងទ្រុងដូចបក្សី នៅពេលជួបស្ថានភាពដូចខាងក្រោមនេះ៖
គួរដកខ្លួន នៅពេលគេឈប់ឲ្យតម្លៃ និងធ្វើដាក់អ្នកនូវអ្វីដែលមិនសមនឹងទទួលបានទាល់តែសោះ។
ចាកចេញ នៅពេលដែលអ្នកមានអារម្មណ៍ថា ជ្រកកោនក្រោមដំបូលផ្ទះមួយនេះលែងកក់ក្តៅទៀតហើយ។
ចាកចេញ នៅពេលគេនិយាយដៀលមើលងាយ បង្កហិង្សាដាក់អ្នកទាំងផ្លូវចិត្តនិងផ្លូវកាយ។
ចាកចេញ នៅពេលបេះដូងរបស់អ្នកកំពុងតែឈឺផ្សាខ្លាំង យូរៗទៅវានឹងអាចព្យាបាលរបួសបានដោយខ្លួនឯង។
ចាកចេញ ទោះបីជាត្រូវស្ពាយកូននិងទឹកភ្នែកទៅជាមួយក៏ដោយ។ ធ្វើម៉េចអាចចេះស្រលាញ់កូនបាននោះ បើអ្នកមិនចេះស្រលាញ់ទាំងខ្លួនឯងផង? ធ្វើម៉េចអាចក្លាយជាម្តាយដ៏រឹងមាំបាន បើអ្នកមិនងើបឈរដើម្បីខ្លួនឯង?
ចាកចេញឲ្យហើយទាន់មានឱកាស បើហួសពេលបណ្តោយឲ្យកូនធំឡើងដឹងពីសន្តានឃោរឃៅរបស់ឪពុក កូនអាចនឹងរងប៉ះពាល់ផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ។
ចាកចេញ នៅពេលដែលអ្នកជ្រើសរើសសេរីភាព ឯករាជ្យភាព និងសេចក្តីសុខជាធំ។
ចាកចេញដោយមិនភ័យខ្លាចថាអ្វីៗអាចនឹងប្រែប្រួលខុសពីមុន។
អ្នកជាមនុស្សស្រីដែលខ្លាំង ពូកែ អាចដើរចេញ ទៅរកពន្លឺស្រស់ថ្លា រស់ក្នុងពិភពថ្មីពេញដោយសុមង្គលសម្រាប់ខ្លួនឯង៕
ចុចអានបន្ត៖