ជីវិត​អ្នក​នឹង​ស្រស់ស្រាយ ដេកលក់​ស្រួល បើ​​អាច​លះបង់​មនុស្ស​ប្រភេទ​នេះ​បាន

  • 2019-03-26 01:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​មាន​ន័យ​ក៏​ដោយសារ​មនុស្ស​ជុំវិញ​ខ្លួន​ល្អ​ដែរ តែ​បើ​មាន​មនុស្ស​មិន​ល្អ​ច្រើន​ក្នុង​ជីវិត​នោះ អាច​ឲ្យ​អ្នក​ឆាប់​ស្លាប់​បាន។ ខាង​ក្រោម​នេះ​ជា​​ប្រភេទ​មនុស្ស​ដែល​អ្នក​គួរ​លះបង់​ចោល​ទៅ បើ​ចង់​ឲ្យ​ជីវិត​មាន​ក្ដីសុខ និង​រីករាយ ៖

១. ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ

ធ្លាប់​ឮ​ឃ្លា​នេះ​ហើយ​ត្រូវ​អត់ ហើយ​ក៏​ប្រហែល​ជា​ស្គាល់​សន្ដាន​មនុស្ស​ប្រភេទ​នេះ​ដែរ គឺ​នៅ​មុខ​យើង​ល្អ​ជាមួយ​យើង នៅ​មុខ​គេ​ល្អ​ជាមួយ​គេ។ មនុស្ស​បែប​នេះ​គឺ​ជា​មនុស្ស​ល្អ​​គ្រប់​កាលៈទេសៈ ព្រោះ​ពេល​នៅ​អ្នក​ចូល​ដៃ​ចូល​ជើង​ជាមួយ​អ្នក ហើយ​ពេល​នៅ​ជាមួយ​គេ​យក​រឿង​អ្នក​ទី​ហែក​ប្រាប់​គេ​អស់។ បើ​អ្នក​នៅ​តែ​ទាក់ទង​មនុស្ស​បែប​នេះ​ទៀត អ្នក​អាច​ត្រូវ​ហួស​ចិត្ត​ស្លាប់​បាន ព្រោះ​ខាង​ណា​ក៏​គេ​ស៊ី​បាន​ឲ្យ​តែ​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​មនុស្ស​ល្អ និង​មាន​ប្រយោជន៍​សម្រាប់​គេ។

រូបតំណាង

**២. ចាក់រុក**

មាន​រឿង​អី​គឺ​គេ​ពូកែ​ណាស់​ខាង​ចាក់រុក​ឲ្យ​អ្នក​បែក​បាក់ ឬ​មាន​រឿង​ជាមួយ​គ្នា។ បើ​អ្នក​មាន​មិត្ត​ប្រភេទ​នេះ គឺ​គេ​អាច​ចាក់​ឲ្យ​អ្នក​បែក​គ្នា​ពី​សង្សារ​បាន ឬ​ក៏​ចាក់​រុក​ឲ្យ​អ្នក​ស្អប់​អ្នក​ណា​ដែល​គេ​ស្អប់​បាន។ គេ​មិន​បាន​ជួយ​អី​ទេ គឺ​គេ​គ្រាន់​យក​អ្នក​ជួយ​សម្រេច​បំណង​គេ​ប៉ុណ្ណោះ ហើយ​អាច​ឲ្យ​អ្នក​បាត់បង់​មនុស្ស​ល្អៗ​ក្បែរ​ខ្លួន​ទៀត​ផង។

៣. ល្អ​បាន​តែ​មាត់

ពូកែ​ណាស់​ខាង​ធានា​ជួយ​នេះ​ជួយ​នោះ តែ​ដល់​ពេល​ពឹង​ជាមុខ​ជា​មាត់​មិន​ដែល​យក​ជា​ការ​បាន​ទេ។ មនុស្ស​ប្រភេទ​នេះ​អាច​ឲ្យ​អ្នក​ទាល់​ច្រក​បាន បើ​អ្នក​ជឿ​គេ​ហើយ​គិត​ថា​គេ​អាច​ជួយ​អ្នក​បាន ព្រោះ​ពេល​នោះ​គេ​នឹង​លែង​ដៃ​អ្នក​ចោល ទុក​ឲ្យ​អ្នក​ដោះស្រាយ​ដោយ​ខ្លួន​ឯង។

រូបតំណាង

៤. ពូកែ​ខាង​រក​លេស​ដោះសា

​មនុស្ស​បែប​នេះ​គឺ​ពូកែ​ខាង​យក​រួច​ខ្លួន​ ហើយ​ទម្លាក់​កំហុស​ឲ្យ​គេ​ណាស់ ទោះ​បី​ពេល​ខ្លះ​ដឹង​ច្បាស់​ហើយ​ក៏​ដោយ។ ពេល​ខ្លះ​គឺ​អាច​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​អាក្រក់​ជំនួស​គេ​ទៀត​ផង ដូច្នេះ​បើ​អាច​កុំ​ទៅ​ពាក់ព័ន្ធ​ជាមួយ​មនុស្ស​បែប​នេះ​អី។

៥. រលួយ​ក្នុង

ខាង​ក្រៅ​ធ្វើ​ដូច​គេ​ហ្នឹង​ល្អ​ណាស់​អីចឹង តែ​ការ​ពិត​ខាង​ក្នុង​រលួយ​គ្មាន​សល់​សាច់។ នៅ​មុខ​អ្នក​គេ​អាច​ជា​មនុស្ស​ដ៏​ល្អ​ម្នាក់ ជួយ​យក​អាសា​ម្នាក់ តែ​ខាង​ក្នុង​វិញ​គេ​គ្រាន់​ចង់​បំផ្លាញ​អ្នក ហើយ​ឡើង​ធ្វើ​តួ​ឯក​តែ​ប៉ុណ្ណោះ។ មនុស្ស​បែប​នេះ​គឺ​ពូកែ​ដើរ​តួ​ឯក​ក្នុង​ចិត្ត​អ្នក​គ្រប់​គ្នា​ណាស់​ ព្រោះ​អ្នក​ដែល​មិន​ទាន់​ស្គាល់​ច្បាស់​គឺ​នឹង​ជឿ​លើ​ការ​សម្ដែង​គេ​ស៊ប់​តែ​ម្ដង។

៦. ទុកអ្នក​ជា​ខ្ញុំ​បម្រើ​គេ

អី​បន្តិច​ក៏​ពឹង​អ្នក​ឲ្យ​ជួយ ពឹង​អ្នក​ឲ្យ​ធ្វើ មិន​សូវ​ចេះ​ធ្វើ​ខ្លួន​ឯង​នោះ​ទេ។ មនុស្ស​បែប​នេះ​សេពគប់​ក៏​គ្មាន​ចំណេញ​អី​ដែរ ក្រៅ​តែ​ពី​ខាត និង​ហត់​ចិត្ត ហត់​កាយ​នោះ​ទេ៕

រូបតំណាង

ចុចអាន៖ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ស្រី​រឹងមាំ មិន​ងាយ​បាក់ស្បាត​ជាមួយ​បញ្ហា អនុវត្ត​វិធី​ទាំង​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម