ល្បិចថែរក្សាខ្លួនបានស្អាត ទោះបីធម្មជាតិអ្នកមិនសូវស្អាតក៏ដោយ
- 2019-03-05 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បិចថែរក្សាខ្លួនបានស្អាត ទោះបីធម្មជាតិអ្នកមិនសូវស្អាតក៏ដោយ
កើតមកមិនសូវស្អាត មិនមែនជាបញ្ហានោះទេ ព្រោះមនុស្សយើងអាចផ្លាស់ប្ដូរបាន។ អ្វីដែលសំខាន់នោះគឺអ្នកស្រឡាញ់ខ្លួនឯងកម្រិតណា ព្រោះនៅពេលអ្នកស្រឡាញ់ខ្លួនឯងអ្នកនឹងចេះថែរក្សាខ្លួនឲ្យបានកាន់តែស្អាត។ មិនចាំបាច់អីស្មុគស្មាញច្រើនពេកនោះទេបើគ្រាន់តែចង់ឲ្យខ្លួនឯងស្អាតនោះ ខាងក្រោមនេះជាវិធីងាយៗដែលអាចឲ្យមនុស្សស្រីស្អាតបានយ៉ាងសមបំណង៖
១. ត្រូវថែស្បែកឲ្យភ្លឺស្អាត
ចំណាយលុយខ្លះដើម្បីថែរក្សាសម្រស់ក៏វាមិនមែនខ្ជះខ្ជាយណាស់ណាដែរ។ អ្នកត្រូវសិក្សាពីស្បែកខ្លួនឯងឲ្យបានច្បាស់ថាត្រូវប្រើជាមួយផលិតផលប្រភេទណា ទើបទទួលបានលទ្ធផលខ្ពស់។ លើសពីនេះការញ៉ាំអាហារដែលល្អសម្រាប់ស្បែកក៏អ្នកត្រូវយកចិត្តទុកដាក់ដែរ ព្រោះបើរបបអាហារអ្នកមិនសូវជាល្អសម្រស់អ្នកក៏ទៅតាមនោះដែរ។
២. ត្រូវថែរក្សារូបរាង
គ្មានអ្វីធ្វើមិនបានទេបើអ្នកមានការតាំងចិត្តខ្ពស់។ គ្រាន់តែឆ្លៀតពេលបន្តិចបន្តួចហាត់ប្រាណ ឬធ្វើយ៉ូហ្កា ក៏បានដែរ។ លើសពីនេះការញ៉ាំអាហារក៏ត្រូវមានកម្រិតត្រឹមត្រូវដែរ ដើម្បីឲ្យរូបរាង និងសុខភាពមាំមួន។ កុំញ៉ាំតាមតែនឹកឃើញ ឬឃើញអីញ៉ាំហ្នឹងដោយមិនគិតពីខ្លួនឯងនោះ។
៣. រៀបចំខ្លួនឲ្យបានស្អាតបាត
សម្លៀកបំពាក់ក៏គឺសំខាន់ណាស់ដែរ ដូច្នេះក៏ត្រូវចេះជ្រើសរើសឲ្យសមជាមួយនឹងរូបរាងខ្លួនឯងដែរ។ មុនពេលចេញទៅណាមកណាត្រូវចេះរៀបចំតាមស្ថានភាពដូចជាទៅធ្វើការ ទៅដើរលេង ទៅជប់លៀងជាដើម។
៤. រៀបចំឬកពារ និងសម្ដីសំដៅ
ឥរិយាបទ និងសម្ដីសំដៅរបស់មនុស្សស្រីក៏ជាសម្រស់មួយផ្នែកដែរ ដូច្នេះក៏ត្រូវរៀបចំឲ្យបានសមរម្យ និងមានសណ្ដាប់ធ្នាប់។ ចេះគួរសម ចេះរៀបចំពាក្យសម្ដីមុននិយាយទៅកាន់នរណាម្នាក់ មិនមែនចេះតែធ្វើតាមនឹកឃើញ គ្មានស្គាល់ចាស់ស្គាល់ទុំនោះទេ។
៥. ទម្លាប់ឲ្យមុខញញឹមស្រស់ស្រាយ
មនុស្សស្រីស្អាតនៅពេលញញឹមហ្នឹងហើយ បើចេះតែធ្វើមុខក្រញូវក៏មិនទាក់ទាញនឹងគួរឲ្យស្រឡាញ់ដែរ។ ទម្លាប់ញញឹមឲ្យបានច្រើន ហើយត្រូវមានភាពជឿជាក់លើខ្លួនឯង៕
ចុចអាន៖អាហារ ៦មុខ ជួយការពារស្បែកអ្នកមិនឲ្យចាស់ជ្រីវជ្រួញបានដូចបំណង