អ្នកបង្កើត Momo៖ “វាបានស្លាប់បាត់ហើយ ខ្ញុំជាអ្នកសម្លាប់វា”
- 2019-03-05 04:35:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបង្កើត Momo៖ “វាបានស្លាប់បាត់ហើយ ខ្ញុំជាអ្នកសម្លាប់វា”
លោក Keisuke Aiso បានឲ្យដឹងថាខ្លួនបានបញ្ចប់ Momo ហើយ។ ទោះបីជាលោកឈឺចាប់ដែលស្នាដៃសិល្បៈរបស់ខ្លួនត្រូវគេប្រើក្នុងន័យអវិជ្ជមានក៏ដោយ តែលោករីករាយបន្តិចដែរ ពេលស្នាដៃរបស់លោកត្រូវបានគេស្គាល់ទូលំទូលាយ។
ជាងចម្លាក់ជប៉ុន Keisuke Aiso វ័យ៤៣ឆ្នាំ ដែលជាអ្នកបង្កើតតុក្កតាព្រឺព្រួច Momo បានឲ្យដឹងថា លោកបានកម្ទេចស្នាដៃរបស់ខ្លួនចោលហើយ។ មុននោះដែរ លោកបានទទួលសារជាច្រើនដោយមានអត្ថន័យថា ឲ្យលោកទៅស្លាប់ទៅ។ ជាងរូបនេះប្រាប់ថា ខ្លួនត្រូវមានទំនួលខុសត្រូវពេលសមិទ្ធិផលរបស់ខ្លួនក្លាយជារបស់បន្លាចអ្នកដទៃ។
តាមការពិត Momo មានឈ្មោះថា Mother Bird ហើយត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៌សិល្បៈមួយនៅទីក្រុងតូក្យូកាលពីឆ្នាំ ២០១៦។ ផ្ដល់បទសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន The Sun ឪពុកបង្កើតរបស់ Momo លោក Aiso បានឲ្យដឹងថា លោកបានកម្ទេចរូបជ័រនេះ ហើយបានបោះចោលវាទៅហើយ។ “វាបានខ្ទេចខ្ទីអស់ហើយ ខ្ញុំបោះវាចោលហើយ។ អ្នកទាំងអស់គ្នា និងក្មេងៗអាចស្ងប់ចិត្តបានហើយ ព្រោះចាប់ពីពេលនេះតទៅ គឺ Momo បានស្លាប់ ហើយពាក្យបណ្ដាសារក៏រលាយដែរ”។
Momo ត្រូវបានបង្កើតឡើង ដោយជាងចម្លាក់ខាងលើ ក្រោយពេលលោកអានរឿងខ្មោចជប៉ុនមួយ ដែលមានស្ត្រីម្នាក់ដើរលងគេក្នុងភូមិក្រោយពេលខ្លួនស្លាប់ទៅ។ ម្ចាស់ចម្លាក់នេះ បានអន់ចិត្តខ្លាំងនៅពេលរូបនេះបង្ហាញមុខកាលឆ្នាំ ២០១៦ ហើយមិនត្រូវបានមហាជនទទួលយក។ ក្រោយពេល Momo ត្រូវបានគេស្គាល់ច្រើនតែដោយភាពអវិជ្ជមាននោះ លោកក៏រាងសប្បាយចិត្ត តែក៏ដាច់ចិត្តកម្ទេចដោយ ដើម្បីឲ្យអ្នកគ្រប់គ្នាស្ងប់ចិត្ត៕