មកដឹង​លម្អិត​ពី​ Momo Challenge ដែល​ឱ្យ​ក្មេងៗ​ធ្វើ​អត្តឃាត​ ឬ​សម្លាប់​បង​ប្អូន​ឯង ពេល​មើល​​តុក្កតា​លើ​ YouTube

  • 2019-02-28 04:29:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្វី​ទៅ​ជា Momo Challenge?

មាន​ការ​ភ្ញាក់​ផ្អើល​តៗ​គ្នា ជា​ពិសេស​នៅ​សហរដ្ឋអាមេរិក​និង​បណ្ដា​ប្រទេស​លោក​ខាង​លិច អំពី​ Challenge មួយ​ឈ្មោះ​ថា "Momo” ដែល​បង្កប់​ក្នុង​វីដេអូ​តុក្កតា​ពេញ​និយម​សម្រាប់​ក្មេងៗ​នៅ​លើ​យូធូប​ដូច​ជា Peppa Pig, Fornite និង​វីដេអូ​ច្រើន​ទៀត។

Challenge ប្រភេទ​នេះ​​​​ច្រើន​លេច​ចេញ​នៅ​ពាក់​កណ្ដាល​វីដេអូ​ដែល​មើល​ពី​ក្រៅ​ទៅ​ដូច​វីដេអូ​តុក្កតា​ធម្មតា ដែល​មាន​តួអង្គ​ជា​បុរស​ពាក់​វែនតា ឬ​តុក្កតា​ស្រី​ដែល​មាន​មុខ​មាត់​គួរ​ឱ្យ​ខ្លាច​ចេញ​មក​ប្រាប់​ក្មេងៗ​ដែល​កំពុង​មើល​វីដេអូ​នោះ​ឱ្យ​ធ្វើ​សកម្មភាព​គ្រោះ​ថ្នាក់​ផ្សេងៗ​ដូច​ជា សម្លាប់​ខ្លួន​ឯង ឬ​​សម្លាប់​បង​ប្អូន​ឯង​ដោយ​មិន​ឱ្យ​ប្រាប់​ប៉ា​ម៉ាក់​ឡើយ។

វា​កើត​ឡើង​បែប​ណា​ខ្លះ?

សារព័ត៌មាន​​នៅ​លើ​ពិភពលោក​រួម​ទាំង​ CNN, Daily Mail, BBC ​ជា​ដើម​​បាន​ចុះ​ផ្សាយ​ពី​បទពិសោធន៍​របស់​ម្ដាយ​ជា​ច្រើន​ដែល​មាន​កូន​តូច​បាន​ឃើញ​វីដេអូ​ Challenge Momo នេះ​ ហើយ​បណ្ដាល​ឱ្យ​កូន​ៗ​របស់​គាត់​ទៅ​ជា​ភ័យ​តក់ស្លុត ហើយ​​ក្មេង​ខ្លះ​បាន​យក​រឿង​ Challenge នេះ​ទៅ​ប្រាប់​មិត្ត​រួម​ថ្នាក់​រហូត​ធ្វើ​ឱ្យ​ពួក​គេ​ភ័យ យំ​ពេញ​ថ្នាក់​ថា Momo នឹង​ទៅ​រក​ពួក​គេ​ដល់​បន្ទប់​ និង​សម្លាប់​ពួកគេ​ បើ​ពួក​គេ​មិន​ព្រម​ធ្វើ​តាម​ Challenge ទាំង​នោះ។

ដោយ​សារ​ការ​រីក​រាល​ដាល​នៃ​វីដេអូ​អនាមិក​នេះ នាយក​សាលា​នានា​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​មួយ​ចំនួន​ទៀត​​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​អំពី​វីដេអូ​គ្រោះ​ថ្នាក់​នេះ ហើយ​អាណា​ព្យាបាល​ជា​ច្រើន​ក៏​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង និង​បាន​ប្រាប់​គ្នីគ្នា​ឱ្យ​ Report វីដេអូ​ទាំង​នោះ​ដើម្បី​ឱ្យ​ YouTube ចាត់ការ​ទៀត​ផង។

ការ​បក​ស្រាយ​របស់​មន្ត្រី​ប៉ូលិស

​​ការ​ចុះ​ផ្សាយ​របស់​ BBC ដែល​បាន​ស្រង់​សម្ដី​របស់​មន្ត្រី​ប៉ូលិស​ក្នុង​ប្រទេស​​អៀរឡង់​ភាគ​ខាង​ជើង​ថា ការ​បង្កើត​ Challenge ប្រភេទ​នេះ​លើ​ YouTube គឺ​ជា​សកម្មភាព​របស់​ពួក​ Hacker ដើម្បី​ប្រមូល​ព័ត៌មាន​សំខាន់ៗ។ វា​ផ្ដោត​គោលដៅ​ទៅ​លើ​ក្មេងៗ​ដែល​ប្រើ​ទូរសព្ទ ឬ​បណ្ដាញ​សង្គម។ តួ​អង្គ​ Momo ដែល​មក​ប្រាប់​ពី​វិធី​លេង​ Challenge នេះ​នឹង​ប្រាប់​ក្មេងៗ​ឱ្យ​បញ្ចូល​ព័ត៌មាន​សំខាន់ៗ​​ ជាពិសេស​លេខ​ទូរសព្ទតាម​ប្រព័ន្ធ WhatsApp និង​បន្ត​ផ្ញើ​រូប​អាក្រក់​ៗ​បន្លាច​ពួក​គេ។

ក្មេងៗ​ដែល​បាន​ចូល​រួម​ក្នុង​ Challenge នេះ​ត្រូវ​តែ​ធ្វើ​តាម​ការ​ប្រាប់​ដូច​ជា​ ឱ្យ​យក​កាំបិត​មក​អារ​ដៃ​ខ្លួន​ឯង ចាក់​បំពង់​ក ឬ​ចាក់​បង​ប្អូន​របស់​ខ្លួន ហើយ​នឹង​អាច​មាន​គ្រោះ​ថ្នាក់​ដល់​គ្រួសារ​ពួក​គេ​ផង បើ​ពួក​គេ​មិន​បាន​ធ្វើ​ Challenge ឱ្យ​ចប់​សព្វគ្រប់។

មន្ត្រី​ប៉ូលិស​បាន​បន្ត​ថា ​កាល​ពី​ឆ្នាំ​២០១៧ គេ​បង្កើត​ Challenge ស្រដៀង​គ្នា​នេះ ដោយ​ដាក់​ឈ្មោះ​ថា "Blue Whale” ហើយ​ឆ្នាំ​នេះ​ឈ្មោះ​ "Momo Challegne” ចាំ​មើល​ឆ្នាំ​ក្រោយ​អាច​នឹង​មាន​ឈ្មោះ​ផ្សេង។

តើ​ YouTube ដោះ​ស្រាយ​បែប​ណា​ជាមួយ​ Momo Challenge?

តាម​ការ​ចុះ​ផ្សាយ​របស់​ Telegraph សារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស​បាន​ឱ្យ​ដឹង​ថា ទាំង​ YouTube ទាំង​ IG ហាក់​បរាជ័យ​ក្នុង​ការ​លុប​វីដេអូ​ប្រភេទ​នេះ ទោះ​បី​ដឹង​ថា​វា​មាន​មាតិកា​ដែល​ខុស​ឆ្គង​នឹង​គោលការណ៍​របស់​ក្រុមហ៊ុន​ខ្លួន​ក៏​ដោយ។

វីដេអូ​មាន​រូប​ តុក្កតា​ខ្មោច​ Momo ដែល​មាន​ Link ភ្ជាប់​ពី​ក្រោម​ពី​ព័ត៌មាន​នៃ​ការ​ស្លាប់​របស់​ក្មេង​ពីរ​នាក់​កាល​ពី​ឆ្នាំ​មុន​នៅ​តែ​ឃើញ​មាន​នៅ​លើ​ YouTube ​និង​ IG ដដែល​ ទោះ​បី​ជា​មាន​ការ​ព្រមាន​ពី​មន្ត្រី​ប៉ូលិស​ប្រទេស​អៀរឡង់​ភាគ​ខាង​ជើង​កាល​ពី​ថ្ងៃ​អាទិត្យ​ក្ដី។

ប៉ូលិស​ដែល​ធ្វើ​ការ​ព្រមាន​ទៅ​​កាន់​បណ្ដាញ​សង្គម​ទាំង​ពីរ​ទាក់​ទង​នឹង​វីដេអូ​គ្រោះ​ថ្នាក់​នេះ​បាន​ឱ្យ​ដឹង​ថា "បើ​គ្មាន​ការ​ Report ​ជា​ផ្លូវ​ការ​​ណា​មួយ​ធ្វើ​ឡើង​ទេ ក្រុម​របស់​លោក​នឹង​សហការ​ជាមួយ​​មន្ត្រី​ប៉ូលិស​ចក្រភព​អង់គ្លេស​ដើម្បី​​កំណត់​បញ្ហា​និង​គ្រោះ​ថ្នាក់​ឱ្យ​បាន​កាន់​តែ​ច្បាស់ សម្រាប់​ការ​ដោះ​ស្រាយ​លើ​វីដេអូ​ប្រភេទ​នេះ"។

Telegraph ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា វីដេអូ​ដែល​មាន​រូប​តួអង្គ​ Momo ​នេះ​នៅ​តែ​មាន​លើ​យូធូប ហើយ​មាន​អ្នក​មើល​ដល់​ទៅ​រាប់​លាន​នាក់ ចំណែក​នៅ​លើ​ Instagram ក៏​ឃើញ​មាន​គណនី​ជា​ច្រើន​ដែល​អះអាង​ថា​ខ្លួន​ជា​ Momo ដោយ​មាន​លេខ​ទូរសព្ទ​ទាក់ទង​ទៀត​ផង។

ឪពុក​ម្ដាយ​​អាច​សង្កេត​ដឹង​ថា​កូន​មាន​បញ្ហា​ដោយ​របៀប​ណា?

សម្រាប់​ឪពុក​ម្ដាយ​ដែល​មាន​កូន​តូច​ហើយ​បណ្ដោយ​ឱ្យ​កាន់​ទូរសព្ទ​មើល​បណ្ដាញ​សង្គម ឬ​វីដេអូ​តែ​ម្នាក់​ឯង ឬ​គ្មាន​មនុស្ស​ចាស់​នៅ​ក្បែរ​គួរ​សង្កេត​សញ្ញា​​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដូច​ខាង​ក្រោម៖

-ចាប់​ផ្ដើម​ធ្វើ​អ្វី​ដូច​ជា​មាន​ការ​លាក់បាំង ជា​ពិសេស​ពេល​ពួក​គេ​មើល​អ្វី​លើ​អនឡាញ​ម្ដងៗ

-ចាប់​ផ្ដើម​ចំណាយ​ពេល​មើល​យូធូប ឬ​ប្រើ​បណ្ដាញ​សង្គម​កាន់​តែ​ច្រើន​ឡើងៗ

-ចេះ​លាក់​ទូរសព្ទ ឬ​ចុច​បិទ​ភ្លើង​អេក្រង់​ ពេល​មាន​អ្នក​ទៅ​ក្បែរ

-ចាប់​ផ្ដើម​ចេះ​ខឹង ឬ​មួម៉ៅ​ខុស​ធម្មតា ក្រោយ​ពេល​ប្រើ​បណ្ដាញ​សង្គម​រួច

-ឆែក​មើល​បញ្ជី​លេខ​ដែល​ទាក់ទង​ទៅ​មក​ឃើញ​មាន​​លេខ​ប្លែក​ច្រើន​ដែល​ឪពុក​ម្ដាយ​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក

ឪពុក​ម្ដាយ​គួរ​ដោះ​ស្រាយ​បែប​ណា?

-ឪពុក​ម្ដាយ​គ្រប់​រូប​ត្រូវ​ដឹង​ថា​កូនៗ​ប្រើ​ទូរសព្ទ​ឬ​គ្រឿង​អេឡិចត្រូនិច​លើ​បណ្ដាញ​សង្គម​ ឬ​អ្វី​ខ្លះ​លើ​អ៊ីនធើណិត

-ត្រូវ​ប្រាប់​កូន​ៗ​ឱ្យ​យល់​ច្បាស់​ពី​សារសំខាន់​នៃ​ការ​​រក្សា​ព័ត៌មាន​សំខាន់ៗ​ដូច​ជា​ លេខ​ទូរសព្ទ​ ឬ​ព័ត៌មាន​ផ្សេង​ទៀត​ទាក់​ទង​នឹង​គ្រួសារ​ មិន​ឱ្យ​អ្នក​ដទៃ​ដឹង

-ត្រូវ​ប្រាប់​កូនៗ​ថា គ្មាន​អ្នក​ណា​ក្រៅ​ពី​គ្រួសារ​អាច​មាន​សិទ្ធិ​ឱ្យ​ពួក​គេ​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​ឆ្លង​កាត់​ការ​យល់​ព្រម​ពី​ឪពុក​ម្ដាយ​ឡើយ

-តាម​ដាន​សកម្មភាព​កូនៗ និង​ឧស្សាហ៍​នៅ​ក្បែរ​ពួក​គេ​ឱ្យ​បាន​កាន់​តែ​ច្រើន

-បើ​ឃើញ​ភាព​មិន​ប្រក្រតី​​ណា​មួយ​នៅ​លើ​វីដេអូ​ ឬ​បណ្ដាញ​សង្គម​ សូម​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ភូមិ​ស្រុក​ឱ្យ​បាន​ឆាប់​បំផុត៕

អត្ថបទ៖ សរ សុគន្ធី