បណ្តាំលោកយាយមកកាន់ចៅស្រីមុនពេលរៀបការ
- 2018-08-30 04:53:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្តាំលោកយាយមកកាន់ចៅស្រីមុនពេលរៀបការ
លោកយាយមានវ័យចំណាស់ហើយ ប៉ុន្តែគំនិតមិនចាស់គំរឹលនោះទេ។ លោកយាយបានឆ្លងកាត់រឿងរ៉ាវជាច្រើននៅក្នុងជីវិត រួមបញ្ចូលទាំងរឿងគ្រួសារផងដែរ។ គាត់តែងតែនិយាយរឿយៗប្រាប់ខ្ញុំថា បើចៅដាក់សន្ទូចត្រូវចេះប្រយ័ត្ន ខ្លាចក្រែងបានពស់មិនមែនត្រី។ ពាក្យដាស់តឿនរបស់យាយ ចាប់តាំងពីខ្ញុំមិនទាន់មានស្នេហា រហូតជិតមកដល់ថ្ងៃរៀបការ។ លោកយាយនៅតែផ្តែផ្តាំឥតឈប់ឈរ ហើយដាក់បម្រាមថា ហាមបំពានបើចៅចង់រស់នៅបានសុខនៅក្នុងជីវិតគូ។
បើចៅមិនចង់ឲ្យស្វាមីបាក់ចិត្តទៅលើស្រីដទៃ ចៅត្រូវចេះការពារ រៀនបើកចិត្តខ្លះ កុំចង្អៀតចង្អល់ហួសហេតុពេក មានរឿងអ្វីត្រូវចេះនិយាយកែសម្រួលគ្នា។
យាយដឹងថាចៅឆ្លាត ហើយចៅក៏មានៈណាស់ដែរ ប៉ុន្តែបើរៀបការហើយ ចៅត្រូវចេះធ្វើចាញ់ខ្លះ ឲ្យប្តីឈ្នះខ្លះទៅ កុំធ្វើខ្លាំងនាំរឿងតូចទៅជាធំណាចៅ។
ចៅដឹងអត់ថា លោកតារបស់ចៅចូលចិត្តម្ហូបដែលយាយធ្វើណាស់ គាត់មិនចង់ហូបរបស់នៅខាងក្រៅទេ ដោយសារយាយតែងរៀបចំទុកដាក់ចម្អិនអាហារឆ្ងាញ់ៗទុកឲ្យតារបស់ឯង។ ត្រូវហើយទោះបីចៅរវល់យ៉ាងណាក៏ដោយ ត្រូវចេះធ្វើម្ហូប កុំពឹងតែបាយហាង នោះទើបបង្ហាញថាចៅចេះសន្សំនិងយកចិត្តទុកដាក់ចំពោះគ្រួសារ។
យាយរៀបការជាង៤០ឆ្នាំហើយ តែយាយនៅមានអាថ៌កំបាំងមួយទៀត ដែលមិនទាន់ប្រាប់ចៅ គឺយាយចូលចិត្តធ្វើពុតជាបើកគម្របកែវមិនចេញ ហើយទុកឲ្យលោកតាជួយបើករហូត។ តាមការពិតទៅយាយក៏អាចបើកដោយខ្លួនឯងបានដែរ គ្រាន់តែយាយចង់បង្ហាញប្រាប់ថា ចៅមិនត្រូវធ្វើចេះគ្រប់រឿងពេកទេ រស់នៅជាមួយគ្នា មានបញ្ហាអ្វី ហ៊ានហាមាត់សុំជំនួយ ទើបស្វាមីមានមោទនភាព គិតថាគាត់ជាមនុស្សពិសេសដែលចៅត្រូវការខ្វះមិនបាននៅក្នុងជីវិត។
ទោះពេលចៅខឹង ចៅមិនសប្បាយចិត្ត ក៏ត្រូវតែចេះគោរពគ្នា ហាមដាច់ខាតខឹងគោវាយរទេះ ស្រែកគំហកដាក់គ្នា គ្មានហេតុផល។ មួយទៀត រៀបការស្រលាញ់គ្នាយូរប៉ុនណា ចៅត្រូវតែបន្តភាពផ្អែមល្ហែម បង្ហាញក្តីស្រលាញ់ កាន់ដៃគ្នារហូតដល់ចាស់សក់ស្កូវ។
ចៅជាមនុស្សស្រី ត្រូវថែរក្សារៀបចំខ្លួនប្រាណឲ្យបានស្អាតបាត បន្ទប់គេង ផ្ទះសម្បែងក៏ត្រូវឲ្យមានអនាម័យរបៀបរៀបរយល្អ ដើម្បីបណ្តេញអបមង្គលទាំងអស់ចេញឲ្យឆ្ងាយ និងបង្កើនភាពស្រស់ស្រាយក្នុងជីវិត។
កាលជំនាន់យាយ បើប្តីប្រពន្ធមានជម្លោះ គេការពារមិនឲ្យអ្នកជិតខាងដឹង តែដល់ជំនាន់ចៅជាសម័យអ៊ីនធឺណែត ចៅត្រូវការពារ៣យ៉ាងគឺ មិត្តភ័ក្តិ អ្នកជិតខាង និងនៅលើបណ្តាញសង្គម ព្រោះវាជារឿងផ្ទៃក្នុងដែលចៅមិនគួរចែករំលែក។
ចុងក្រោយគេបង្អស់ដែលយាយចង់ផ្តែផ្តាំទៅចៅនោះគឺ បើចៅចង់ជួបស្នេហ៍ពិត ត្រូវជ្រើសរើសមនុស្សប្រុស ដោយផ្តោតលើអត្តចរិតនិងភាពចុះសម្រុងនឹងគ្នា ច្រើនជាងទឹកប្រាក់និងឋានៈ ហើយចៅត្រូវតែប្រកាន់ខ្ជាប់ ភាពស្មោះត្រង់ ក្តីស្រលាញ់ និងការអត់ឱនឲ្យគ្នា បើចៅចង់បានស្នេហាគង់វង្សដូចជាយាយ ៕
ចុចអានបន្ត៖