ឈ្លោះគ្នាបែកផ្សែងយ៉ាងណាក៏ដោយ ក៏ប្ដីប្រពន្ធមិនបែកគ្នាដែរ ឲ្យតែរក្សាបានចំណុចនេះ
- 2019-02-28 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈ្លោះគ្នាបែកផ្សែងយ៉ាងណាក៏ដោយ ក៏ប្ដីប្រពន្ធមិនបែកគ្នាដែរ ឲ្យតែរក្សាបានចំណុចនេះ
រៀបការហើយមិនមែនជា Happy Ending ទេ ព្រោះដឹងស្រាប់ហើយប្ដីប្រពន្ធដូចចាន និងស្លាបព្រា ចង់ ឬមិនចង់នៅតែប៉ះទង្គិចគ្នា។ បើអ្នកពិតជាចង់រក្សាចំណងអាពាហ៍ពិពាហ៍មិនឲ្យដាច់ដោច ទោះប្ដីប្រពន្ធឈ្លោះគ្នាប៉ុណ្ណាមែន អ្នកគួរតែមើលពីវិធីខាងក្រោមនេះ ៖
១. កុំអាងអីយកកំហុសចាស់ៗរបស់ម្នាក់ៗមកនិយាយ
រឿងពីមុនហួសហើយឲ្យវាហួសទៅ កុំអីបន្តិចលើកកំហុសពីមុនមកនិយាយ។ ការដែលកកាយរឿងចាស់ៗមកនិយាយវិញ គឺដូចយកភ្លើងមកដុតចំណងប្ដីប្រពន្ធអ្នកឲ្យឆេះខ្ទេចខ្ទីដូចគ្នា ដូច្នេះរឿងណាដែលផុតឲ្យផុតទៅ កុំយកមកដាក់មុខទៀត ព្រោះថាមនុស្សវាតែងតែខុស តែសំខាន់គេកែឬមិនកែតែប៉ុណ្ណោះ។
**២. កុំរំពឹងថាជីវិតគ្រួសារល្អឥតខ្ចោះពេក**
មិនមែនស្រួល មិនមែនសប្បាយចិត្ត មិនមែនចេះតែមានសុភមង្គលដូចក្នុងរឿងប្រលោមលោកនោះទេ ព្រោះក្នុងជីវិតពិតអាចមិនដូចអ្វីដែលអ្នកចង់បានឡើយ។ ជីវិតប្ដីប្រពន្ធអាចមិនផ្អែមប៉ុន្មាននោះទេ ដូច្នេះតម្រូវឲ្យអ្នកតស៊ូ អត់ធ្មត់ អធ្យាស្រ័យខ្ពស់ ព្រោះបើមិនដូច្នោះ វាអាចដាច់កណ្ដាលផ្លូវ។ លើសពីនេះអ្នកត្រូវចេះទទួលយកការពិត ថាប្ដីអ្នក ឬប្រពន្ធអ្នកជាមនុស្សធម្មតាតែប៉ុណ្ណោះ មិនមែនរាជបុត្រ ឬទេពធីតានោះទេ។
៣. កុំចូលគេងទាំងឈ្លោះគ្នា
គ្រួសារដូចចាននៅក្នុងរាវអីចឹង ចៀសមិនផុតពីការទាស់ទែងគ្នានោះទេ តែបើឈ្លោះគ្នាហើយអ្នកគួរតែដោះស្រាយគ្នា មិនគួរឲ្យអ្នកណាម្នាក់គេងលក់ទាំងទឹកភ្នែកនោះទេ។ ម្យ៉ាងទៀតជីវិតប្ដីប្រពន្ធទៅហើយ មិនគួរឲ្យជម្លោះមកបំផ្លាញដំណេកឡើយ អាចអធ្យាស្រ័យបាន គួរតែអធ្យាស្រ័យ។
៤. កុំជេរ ឬប្រមាថគ្នា
ទោះខឹង ឬឈ្លោះគ្នាប៉ុណ្ណាក៏ដោយ ពាក្យជេរ និងការប្រមាថនេះមួយមិនគួរឲ្យកើតមានទេ។ អ្នកត្រូវចាំថាពេលនេះអ្នកជាគ្រួសារតែមួយហើយ ដូច្នេះអ្នកជេរម្ខាងណាក៏ដូចជាជេរខ្លួនឯងដែរ។ លើសពីនេះការប្រមាថមើលងាយអាចឲ្យម្នាក់ៗឈឺចាប់ខ្លាំងជាងវាយដំគ្នាទៀត មនុស្សយើងមិនអាចទទួលបានគឺការប្រមាថពីអ្នកដទៃ ជាពិសេសប្ដីប្រពន្ធខ្លួនឯងនេះតែម្ដង។
៥. កុំសប្បាយនៅខាងក្រៅរហូតភ្លេចអ្នកនៅផ្ទះ
ប្រហែលរៀបការហើយអាចការសប្បាយនៅខាងក្រៅមានការកាត់បន្ថយច្រើន ប៉ុន្តែនេះគឺជារឿងធម្មតាទេ ព្រោះអ្នកមិនអាចធ្វើខ្លួនដូចពេលអ្នកនៅ Single ឡើយ។ ការដែលអ្នកចង់សប្បាយនៅក្រៅច្រើនអាចឲ្យគ្រួសារខ្វះភាពកក់ក្ដៅ ឬក៏មានរឿងមិនល្អកើតឡើង ដូច្នេះអ្នកគួរតែគិតរឿងនេះដែរ បើអាចគួរតែចេះបែងចែកពេលវេលាសម្រាប់អ្នកក្រៅ និងគ្រួសារឲ្យបានល្អ។
៦. ទទួលកំហុស និងនិយាយពាក្យសុំទោស
អ្នកណាក៏មានកំហុសដែរ តែសំខាន់បើម្នាក់ៗចេះទទួលកំហុស ហើយសុំទោស និងកែប្រែចេញនោះ គ្រប់យ៉ាងអាចនឹងល្អឡើងវិញ ទោះបីជាឈ្លោះយ៉ាងណាក៏ដោយ។ ប្ដីប្រពន្ធទៅហើយ មិនគួរណាចង់ចាញ់ចង់ឈ្នះអីទៀតនោះឡើយ ព្រោះត្រូវរស់ជាមួយគ្នា មិនមែនសត្រូវនឹងគ្នានោះទេ។ អ្នកណាធ្វើខុស អ្នកនោះសុំទោសទៅ ហើយម្នាក់ទៀតអភ័យទៅ ប៉ុណ្ណឹងគឺល្អណាស់តៅហើយ៕
ចុចអាន៖៣ ដំណាក់កាល ដែលបុរសអ្នកមានមើលលើស្ត្រី មុនសម្រេចចិត្តយកជាប្រពន្ធ