រៀបការចំមនុស្សខុស មនុស្សស្រីមិនបាច់ទ្រាំទេ ដើរចេញសន្សំកម្លាំងមើលថែកូនវិញ
- 2019-03-01 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបការចំមនុស្សខុស មនុស្សស្រីមិនបាច់ទ្រាំទេ ដើរចេញសន្សំកម្លាំងមើលថែកូនវិញ
គ្មានមនុស្សស្រីណាចង់រៀបការខុសនោះទេ តែគ្មានអ្នកណាអាចមើលឃើញពីអនាគតទៅជាយ៉ាងណានោះទេ? ថ្ងៃនេះគេធ្វើឲ្យយើងគិតថាជាល្អ ចុះតើរៀបការរួចគេអាចនឹងទៅជាយ៉ាងណា?
បទពិសោធន៍ដ៏ឈឺចាប់ធំបំផុតក្នុងជីវិតរបស់ខ្ញុំគឺរៀបការប៉ះចំមនុស្សប្រុសខុស ហើយវាក៏ជាមេរៀនដែលខ្ញុំពិបាកនឹងស្រមៃថាកើតឡើងចំលើខ្ញុំផងដែរ។ ប៉ុន្តែនៅពេលដែលវាបានមកដល់ហើយ តើយើងនឹងត្រូវធ្វើបែបណា?
កាន់តែទ្រាំ កាន់តែឈឺ កាន់តែថោកទាបពីមួយថ្ងៃទៅមួយថ្ងៃ។ ស្រមៃថាគេនឹងភ្ញាក់រលឹក កែខ្លួនដើម្បីប្រពន្ធកូន តែកំណើតមនុស្សដែលមានសន្ដានក្បត់ សន្ដានបំផ្លាញទៅហើយពិបាកនឹងកែណាស់ ទោះបីខំដល់ស្លាប់ខ្លួនក៏ដោយ។
ខ្ញុំមិនដឹងថាសារជាតិធ្វើឲ្យសុភមង្គលគ្រួសាររលាយបែបនេះគេបានមកពីណាទេ ព្រោះគេពីមុន និងគេពេលនេះខុសគ្នាស្រឡះ។ ដោយហេតុនិស្ស័យជាប្ដីប្រពន្ធ និស្ស័យធ្លាប់ស្រឡាញ់គ្នាខ្លាំង ខ្ញុំមិនដាច់ចិត្ត ខ្ញុំខាំមាត់សង្កត់ចិត្តមិនព្រមដើរចេញ ព្រោះក៏នឹកអាណិតកូន ប៉ុន្តែកាន់តែទ្រាំ គឺខ្ញុំកាន់តែខុស។
ខ្ញុំលែងចំណាយកម្លាំង ចំណាយទឹកភ្នែកទៅលើមនុស្សបែបនេះទៀតហើយ ព្រោះកាន់តែធ្វើឲ្យខ្ញុំដុនដាបជាងមុន។ ខ្ញុំជ្រើសយកវិធីដើរចេញ នឹងសម្រេចចិត្តលែងលះ មិនឲ្យសល់ស្នាមអីទាក់ទងនឹងគ្នាទៀតឡើយ។ កម្លាំងដែលខ្ញុំទ្រាំជាមួយគេពីមុន ខ្ញុំសុខចិត្តយកមកមើលថែខ្លួន និងកូនខ្ញុំប្រសើរជាង ព្រោះមិនចាំបាច់ដេកស្រក់ទឹកភ្នែករាល់យប់។
គ្មានមនុស្សប្រុសម្នាក់នោះ ខ្ញុំក៏មិនស្លាប់ដែរ ខ្ញុំរឹងមាំគ្រប់គ្រាន់នឹងចិញ្ចឹមកូនខ្ញុំដោយមិនបាច់មានវត្តមានគេ។ ខ្ញុំមិនចង់ឲ្យកូនខ្ញុំធំដឹងក្ដីក្នុងគ្រួសារដែលមានតែភាពរកាំរកូស គ្មានសុភមង្គល ដូច្នេះទុកឲ្យខ្ញុំម្នាក់បានហើយដែលផ្ដល់សុភមង្គលនោះឲ្យទៅកូនខ្ញុំ។
ខ្ញុំចង់ប្រាប់ទៅមនុស្សស្រីគ្រប់គ្នាថា បើអ្នករៀបការខុសនោះមិនមែនជាកំហុសអ្នកនោះទេ តែអ្នកនឹងខុសបើអ្នកទ្រាំរស់នៅជាមួយមនុស្សមិនល្អម្នាក់៕
ចុចអាន៖ឈ្លោះគ្នាបែកផ្សែងយ៉ាងណាក៏ដោយ ក៏ប្ដីប្រពន្ធមិនបែកគ្នាដែរ ឲ្យតែរក្សាបានចំណុចនេះ