​​ប៉ា​ ​​៥​ ប្រភេទ​​ខុសៗ​គ្នា​​​​​​​​​​ដែល​​​កូនគ្រប់​​រូបគួរ​​​​​ដឹង

  • 2019-02-27 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​បើ​​យើង​​​​នឹក​​ស្រមៃ​​​កាល​​​​​​នៅ​ពី​​តូច​ ​​​មាន​​រឿង​​ជា​ច្រើន​​​ដែល​​យើង​តែង​​ចង់​​​ឲ្យ​​​ប៉ា​​ធ្វើ​​​​​​​ដើម្បី​យើង​​ ហើយ​មាន​រឿង​​​ខ្លះ​ទៀត​ដែល​យើង​មិន​ចង់​​ឲ្យ​គាត់​ធ្វើ​​​មក​លើ​យើង​ទាល់​តែ​​សោះ។ ទោះ​បី​ជា​​មាន​រឿង​អ្វី​កើត​ឡើង​​ក៏​ដោយ ​ដាច់​ខាត​​កុំ​ឲ្យ​​​​​​អតីតកាល​​​ មាន​ឥទ្ធិពល​​​អាក្រក់​​​ចំពោះ​ជីវិត​​​​​សព្វ​ថ្ងៃ​របស់​អ្នក​ឲ្យ​​សោះ​​ ហើយ​សាក​​ងាក​មក​​មើល​​ប៉ា​​​​​៥​ប្រភេទ​​នេះ​​វិញ ​ថា​តើ​មាន​ភាព​​ខុស​គ្នា​បែប​ណា​​ខ្លះ​ទៅ​?

​ប្រភេទ​ទី​១៖ Prisoner of War (P.O.W.)

​ប្រភេទ​​ទី​​១​​នេះ​ មាន​​តួនាទី​ជា​​ប៉ា​​គេ​​មែន ប៉ុន្តែ​​​​មិន​​សូវ​​​ខ្វាយ​​ខ្វល់​ពី​​កូនៗ​​ប៉ុន្មាន​​ទេ​​​​។ ​​​មិន​​ត្រឹម​តែ​​​ប៉ុណ្ណោះ គាត់​តែង​តែ​មាន​ចិត្ត​ក្តៅ​​​ ហើយ​​​ចូល​ចិត្ត​​​​ខឹង​​​​​​​​​នឹង​​កូន​សឹង​​តែ​គ្រប់​​ពេល។ កំហឹង​​ទាំង​នោះ​ដែរ អាច​​ប៉ះពាល់​យ៉ាង​​ខ្លាំង​​ដល់​អារម្មណ៍​​​កូន និង​អ្នក​​​នៅ​ជុំវិញ ព្រោះ​គាត់​​បាន​​និយាយ​​ពាក្យពេចន៍​​​​​គំរោះគំរើយ​​​ កាយ​​វិការ​​ច្រងេងច្រងាង​​ជា​ដើម។ ​​​​​ចំណែក​​ឯ​ទិដ្ឋភាព​​ក្នុង​​គ្រួសារ​​​​​​​ក៏​​​​ខ្វះ​ភាព​​កក់​ក្តៅ និង​​តាន​តឹង​មាន​សម្ពាធ​​​​​ខ្លាំង​ណាស់​។​​​​

​​ប្រភេទ​​ទី​​​២៖  Missing in Action (M.I.A.)

ប៉ា​ប្រភេទ​ទី​២​​នេះ គឺ​​ជ្រើស​​រើស​​មិន​​ចង់​​​ឃើញ​​​មុខ​​កូន​​តែ​​ម្តង​​​​។ ​គាត់​​​បាន​​​ធ្វើ​ឲ្យ​កូន​​​​រស់​​រាន​មាន​ជីវិត​​លើ​លោក​​​​​ដ៏​​ធំធេង ប៉ុន្តែ​គ្មាន​ទំនួល​ខុស​​ត្រូវ​​​​​​​​​មិន​បាន​ធ្វើ​​​​​អ្វី​ទាល់​តែ​សោះ​​​ដើម្បី​ពួក​គេ។ ​ពេល​​​ខ្លះ​សូម្បី​​​​​​​មុខ​​ក៏​​មិន​​ដែល​​​បង្ហាញ ​រស់​​នៅ​ទី​ណា​​ក៏​មិន​ដឹង​​​ កូន​​​​​​​​​​​​គ្មាន​ថ្ងៃ​​​ស្គាល់​។ ​ការឈឺ​​ចាប់​​​និង​ភាព​​អាម៉ាស់ ដែល​​គាត់​​បាន​ប្រព្រឹត្ត​​ កាន់​​តែ​ធ្វើ​​ឲ្យ​គាត់​​មិន​ហ៊ាន​​ប្រឈម​​ការពិត​​និង​មាន​គម្លាត​​កាន់​​​តែ​​ឆ្ងាយ​​រវាង​​កូន​​និង​ឪពុក​។

​ប្រភេទ​ទី​៣​៖ Absent Without Leave (A.W.O.L.)

ពិត​ណាស់​​​គាត់​ជា​​ប៉ា​​ដែល​​​​មាន​​វត្តមាន​នៅ​ក្នុង​ផ្ទះ​ ប៉ុន្តែ​​​​​​អារម្មណ៍​មិន​នៅ​ក្នុង​​ខ្លួន។ ទោះ​​កូន​ឃើញ​មុខ​ ក៏​មិន​​សូវ​​ហ៊ាន​និយាយ​ជាមួយ​​។ ពេល​​គាត់​មក​ដល់​ផ្ទះ ​​គឺ​ពុំ​មាន​ភាព​​ស្និទ្ធស្នាល​ជាមួយ​គ្រួសារ​ឡើយ​​​។ គាត់​​មិន​មែន​​​ជា​​​មនុស្ស​អាក្រក់​អី​ទេ គ្រាន់​​​តែ​​គាត់​​មិន​​សូវ​និយាយ​​ស្តី​​ច្រើន​​​​ ទើប​​ធ្វើ​​ឲ្យ​អ្នក​​នៅ​​ក្នុង​ផ្ទះ​​​ ខ្វះ​ភាព​​កក់​ក្តៅ និង​​​​មាន​បរិយាកាស​មិន​ស្រស់​​ស្រាយ។

​ប្រភេទ​ទី​៤៖ Reserved Duty

គាត់​​​​ចាត់​ទុក​​​តួនាទី​​ជា​​​ប៉ា​ ​​ប្រៀប​​បាន​នឹង​​​ការងារ​ក្រៅ​ម៉ោង​អីចឹង​​​​​។ គាត់​​​​​ស្រលាញ់​យក​​ចិត្ត​ទុក​​ដាក់​ជាមួយ​​កូនៗ​​។ ទោះ​​​រវល់​យ៉ាង​ណា​ ក៏​នៅ​​តែ​អាច​​ឆ្លៀត​ពេល​​ចុង​សប្តាហ៍ ឬ​​ថ្ងៃ​ឈប់​សម្រាក​​​ដើម្បី​ចំណាយ​វេលា​​នេះ​នៅ​​ជាមួយ​កូន​​ៗ​​ដែរ​​។ យ៉ាង​ណា​​​​​ការ​ផ្តល់​​ឲ្យ​​របស់​​គាត់ ​នៅ​តែ​ធ្វើឲ្យ​កូន​​​​មាន​អារម្មណ៍​ថា​​មិន​ទាន់​​​​​​​គ្រប់​គ្រាន់ ​​​ព្រោះ​​​ពួក​គេ​​ចង់ឲ្យ​គាត់​​​ចេះ​​លៃលក​​​​ពេល​​​​​​ឲ្យ​បាន​​រាល់​​ថ្ងៃ មិន​មែន​​​​​តែ​ពេល​ទំនេរ​​ឡើយ។

​​ប្រភេទ​ទី​៥៖ Active Duty

ត្បិត​​​ប្រភេទ​​ចុង​​ក្រោយ​​នេះ​​មិន​មែន​ជា​ប៉ា​​​​​​​ដែល​ល្អ​​ឥត​​​ខ្ចោះ​​​ក៏​​ដោយ ប៉ុន្តែ​គាត់​ជា​មនុស្ស​​​​​ដែល​តែង​តែ​​យក​​ចិត្ត​ទុក​ដាក់ ​​ចេះ​លេង​សើច ចាំ​ជួយ​លើក​ទឹក​ចិត្ត​និង​ជួយ​​​រក​ដំណោះ​ស្រាយ​​ឲ្យ​កូន​ជា​និច្ច។ ក្តី​ស្រលាញ់​​​​ដែល​គាត់​​បាន​ផ្តល់​​ឲ្យ បាន​ឆក់​​យក​​បេះដូង​​កូនៗ​​ឲ្យ​​ស្រលាញ់​គាត់​វិញ​ដូច​គ្នា។ គាត់​​ក៏​ជា​​​ប៉ា ដែល​​​តែង​ព្យាយាម​​​បំពេញ​​រាល់​​តម្រូវ​ការ​​​ដែល​កូន​​ចង់​បាន។ មាន​គាត់​ជា​ប៉ា ធ្វើ​​ឲ្យ​កូន​​​ៗ​ មាន​មោទនភាព ​មាន​សំណាង​ និង​ពោរពេញ​​ដោយ​​សុភមង្គល។

​សរុប​មក​​​​​ ប្រភេទ​​ខុស​​គ្នា​​​រវាង​​ប៉ា​​​ម្នាក់ៗ​​​ អាច​ជះ​​ឥទ្ធិពល​​​​ផ្សេងៗ​​​គ្នា​​ទៅ​លើ​​កូន។ ​​​​ហេតុ​នេះ​ហើយ ​​សូម​​​​កុំ​បណ្តោយ​​​ឲ្យ​ចរិត​ធម្មជាតិ ​​​មក​​​បង្ក​​ផល​អាក្រក់​​ដល់​​​ពួក​គេ​ដាច់​​​ខាត។ ​​​​ចូរ​ធ្វើ​​ខ្លួន​​ឲ្យ​ស័ក្តិសម​នឹង​​តួនាទី​ជា​​​ប៉ា​ល្អ ​មាន​ទំនួល​​ខុស​​​ត្រូវ ប្រកប​​​ដោយ​​ធម៌ ដែល​ជា​បំណង​ប្រាថ្នា​របស់​កូនៗ​គ្រប់​​រូប​៕​​​​​​​​​​​​​​​​​​

ចុចអានបន្ត៖ ប្រុស​ៗ​គួរ​អាន​! ភាព​ខុស​គ្នា​រវាង​ប្រពន្ធ និង​ស្រី​ក្រៅ​ផ្ទះ

ប្រភព៖ allprodad ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម