ចង់​ចិញ្ចឹម​កូន​ឱ្យ​ដើរ​តាម​គន្លង​ធម៌​ ឪពុកម្ដាយ​ត្រូវ​ដឹង​ពី​ចំណុច​ទាំង​៧​នេះ

  • 2019-02-27 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឪពុក​ម្តាយ​គ្រប់​រូប​តែង​ចង់​ឱ្យ​កូន​ស្តាប់​បង្គាប់​ដើរ​តាម​គន្លង​ធម៌​។ ប៉ុន្តែ​ពេល​​កូន​ធំ​ឡើង​មិន​អាច​ដូច​អ្វី​ដែល​អ្នក​ចង់​បាន​ទាំង​អស់​នោះ​ទេ​។ អ៊ីចឹង​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា​បាន​បង្រៀន​កូន​ពី​អ្វី​ខ្លះ​?​ ​អ្នក​បាន​ប្រៀន​ប្រដៅ​កូន​បាន​​សព្វ​ជ្រុង​ជ្រោយ​ហើយ​ឬ​នៅ?​ ច្បាស់​ណាស់​ថា​អ្នក​អាច​បង្កើត​គេ​បាន​ តែ​មិន​អាច​បង្កើត​ចិត្ត​គេ​បាន​ទេ​ ប៉ុន្តែ​អ្នក​ក៏​ផ្លាស់​ប្តូរ​ចិត្ត​គេ​បាន​តាម​រយៈ​ការ​ប្រៀន​ប្រដៅ​តាំង​ពី​តូច​ដល់​ធំ។ ដើម្បី​កុំ​ឱ្យ​ហួស​ពេល​ទាន់​ គួរ​តែ​ចាប់​ផ្តើម​បង្រៀន​កូន​តាម​ចំណុច​ទាំង​៧​នេះ៖

១.​ កុំ​ផ្គាប់​ចិត្ត​កូន​ពេក

បើ​ចង់​ឱ្យ​កូន​អ្នក​ល្អ​ គួរ​តែ​និយាយ​ទេ​ខ្លះ​ផង។​ កុំ​ឱ្យ​កូន​នូវ​អ្វី​ដែល​គេ​ចង់​បាន​ ទោះ​បី​ជា​អ្នក​មាន​លទ្ធភាព​ក៏​ដោយ។ ​នៅ​ពេល​ដែល​គេ​ទារ​អី​បាន​ហ្នឹង​ គេ​នឹង​មិន​ឱ្យ​តម្លៃ​វា​នោះ​ទេ។

២.​ បង្រៀន​ពី​អត្តចរិត

ក្រៅ​ពី​បង្រៀន​កូន​អ្នក​ឱ្យ​ចេះ​ជម្រាប​សួរ​ អរគុណ​ អ្នក​ក៏​គួរ​តែ​បង្រៀន​ពី​ឥរិយា​បថ និង​ចិត្ត​គំនិត​ផង​ដែរ។ ​ត្រូវ​បង្រៀន​ឱ្យ​គេ​ចេះ​ដឹង​គុណ​ និង​ពេញ​ចិត្ត​នូវ​អ្វី​ដែល​គេ​មាន​ ដោយ​គ្មាន​ការ​លោភ​លន់​​ចង់​បាន​របស់​អ្នក​ដទៃ។

៣.​ រៀន​ចែក​រំលែក​

នេះ​ក៏​ជា​ចំណុច​ដ៏​សំខាន់​ដែរ​ ពោល​គឺ​​បើ​អ្នក​ចង់​ឱ្យ​កូន​អ្នក​ចែក​រំលែក​ អ្នក​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​គេ។ ​ត្រូវ​ធ្វើ​ឱ្យ​គេ​យល់​ថា​របស់​ខ្លះ​តិច​តួច​ណាស់​សម្រាប់​គេ តែ​វា​មាន​តម្លៃ​សម្រាប់​អ្នក​ដទៃ។ ការ​ធ្វើ​បែប​នេះ​ គេ​នឹង​មាន​អារម្មណ៍​ថា​ពេញ​ចិត្ត​នឹ​ង​អ្វី​ដែល​គេ​មាន​ ដោយ​មិន​ទាម​ទារ​អ្វី​ច្រើន។

៤.​ កុំ​ចាប់​រាល់​កំហុស​របស់​គេ​

ពេល​កូន​ធ្វើ​ខុស​ ឪពុក​ម្តាយ​តែង​ស្តី​ប្រដៅ​ តែ​ការ​ស្តី​បន្ទោស​ក៏​គួរ​មាន​ដែន​កំណត់​ដែរ។​ អ្នក​មិន​គួរ​ចាប់​រាល់​កំហុស​របស់​គេ​ ឬ​ស្តី​បន្ទោស​រហូត​ទេ។ រឿង​ខ្លះ​គួរ​ស្តី​បន្ទោស​ រឿង​ខ្លះ​ទៀត​គួរ ​បើ​អាច​មើល​រំលង ​គួរ​តែ​មើល​រំលង​ បើ​កំហុស​នេះ​គេ​មិន​បាន​តាំង​ចិត្ត​ធ្វើ។

៥.​ កុំ​ជួយ​គ្រប់​ពេល​គេ​ដួល

នៅ​ពេល​កូន​តូច​របស់​អ្នក​រត់​លេង​ដួល​ អ្នក​មិន​គួរ​ជួយ​លើក​គេ​ទេ​ ​បើ​ការ​ដួល​នោះ​មិន​ធ្ងន់ធ្ងរ។​ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឱ្យ​កូន​អ្នក​ចេះ​ក្រោក​ឈរ​ដោយ​ខ្លួន​ឯង​នៅ​ពេល​ក្រោយ។ ហើយ​ឱ្យ​គេ​ដឹង​ថា​ ​បរាជ័យ​មិន​មែន​ជា​រឿង​គួរ​ឱ្យ​ខ្លាច​ទេ​ ​បរាជ័យ​គឺ​ជា​ផ្នែក​មួយ​នៃ​​ជោគ​ជ័យ។

៦.​ បង្រៀន​គេ​ពី​តម្លៃ​នៃ​លុយ

ពេល​ដែល​កូន​អ្នក​មិន​ឱ្យ​តម្លៃ​លុយ​នោះ​ គេ​នឹង​ចាយ​មិន​ចេះ​គិត​ ដោយ​គិត​ថា​លុយ​ស្រួល​រក។ ត្រូវ​បង្រៀន​គេ​ថា​លុយ​ពិបាក​រក​ បើ​ទោះ​បី​ជា​អ្នក​ធូរ​ធារ​ក៏​ដោយ​។ នៅ​ពេល​គេ​ឱ្យ​តម្លៃ​លុយ​ គេ​ក៏​ចេះ​សន្សំ​សំចៃ​ដូច​គ្នា។

៧.​ ចែក​រំលែក​ពី​ការ​លំបាក​របស់​អ្នក​ឱ្យ​កូន​បាន​ដឹង

ការ​និយាយ​ប្រាប់​ពី​បទ​ពិសោធន៍​និង​ការ​លំបាក​ពិត​ជា​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ចំពោះ​កូន​អ្នក​។ ​គេ​អាច​នឹង​ស្តាប់​បង្គាប់​អ្នក​ច្រើន​ជាង​មុន​នៅ​ពេល​ដែល​អ្នក​រៀប​រាប់​ទុក្ខ​លំបាក​របស់​អ្នក​។ ធ្វើ​ឱ្យ​គេ​យល់​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​៕

ចុច​អាន៖

ប្រភព៖ yourtango ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម