ចរិត ៦យ៉ាង សម្គាល់បុរសម្នាក់នោះ មិនអាចក្លាយជាប្ដីល្អទៅអនាគតឡើយ
- 2019-01-30 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចរិត ៦យ៉ាង សម្គាល់បុរសម្នាក់នោះ មិនអាចក្លាយជាប្ដីល្អទៅអនាគតឡើយ
មនុស្សគ្រប់គ្នាសុទ្ធតែអាចផ្លាស់ប្ដូរបានទៅតាមពេលវេលា តែអ្នកក៏ធ្លាប់ដឹងដែរថាអ្វីដែលពិបាកគឺកែចរិតរបស់មនុស្ស។ ដោយឡែកបើសិនជាអ្នកសង្កេតឃើញថាមនុស្សប្រុសដែលអ្នកកំពុងទាក់ទងមានចរិត ៦យ៉ាងនេះ អ្នកកុំសង្ឃឹមខ្ពស់ពេកថាគេអាចនឹងកែចេញក្រោយរៀបការរួចនោះ ព្រោះអ្នកអាចនឹងខកចិត្តខ្លាំងទៅលើមនុស្សប្រុសប្រភេទនេះ៖
១. ចូលចិត្តបន្ទោសគេឯង
ពេលធ្វើខុសអីមួយមិនដែលទទួលថាមកពីខ្លួនឯងទេ តែបែរជាទម្លាក់កំហុសឲ្យអ្នកនេះអ្នកនេះ ឬរឿងអ្វីផ្សេង។ មនុស្សបែបនេះមិនអាចក្លាយជាប្ដីល្អបានឡើយ ព្រោះជាមនុស្សគ្មានទំនួលខុសត្រូវ មិនចេះទទួលយកការពិត ហើយដើរចោទគេចោទឯងឲ្យតែរួចខ្លួន។
២. ចូលចិត្តឈ្លោះមិនចេះចង់ចាញ់
មនុស្សប្រុសភាគច្រើនគឺមិនចូលចិត្តឈ្លោះទេ ហើយរឹតតែមិនចង់ចាញ់ចង់ឈ្នះជាមួយមនុស្សដែលខ្លួនស្រឡាញ់។ បើគេជាមនុស្សដែលចូលចិត្តបង្កជម្លោះ ហើយចង់ឈ្នះអ្នកដោយមិនដែលអត់ឱន ឬចាញ់អ្នកនោះ អ្នកគួរតែពិចារណាឡើងវិញថាគួរបន្តជាមួយមនុស្សបែបនេះទៀតឬក៏អត់?
៣. និយាយឈ្លើយ និងប្រើពាក្យឈឺចាប់
មនុស្សប្រុសដែលមាត់អាក្រក់មិនគួរណាយកខ្លួនបៀតទេ កុំថាឡើយទាក់ទងគ្នានោះ។ បើគេជាមនុស្សដែលចូលចិត្តនិយាយពាក្យមិនល្អ ឬពាក្យណាដែលធ្វើឲ្យអ្នកឈឺចាប់នោះ អ្នកមិនគួរប្រថុយអនាគតលើដៃមនុស្សបែបហ្នឹងទេ។
៤.ចង់រស់ស្រួលតែឯង
អ្នកពិបាកអីក៏ពិបាកទៅឲ្យតែគេស្រួល គេសប្បាយចិត្ត។ មនុស្សបែបនេះកុំរំពឹងថាគេអាចជួយរំលែកបន្ទុកអ្នក ជួយការងារអ្នក ជួយសម្រួលឲ្យអ្នកបានសុខនោះ ព្រោះគេមើលឃើញតែខ្លួនគេម្នាក់ប៉ុណ្ណោះ។
៥. កុហក និងក្បត់
បើគេចូលចិត្តកុហកអ្នក ហើយមានប្រវត្តិធ្លាប់ក្បត់អ្នកទៀតនោះ អ្នកមិនគួរប្រថុយនឹងឲ្យឱកាសទៅមនុស្សបែបនេះទេ ព្រោះចរិតមនុស្សពិបាកនឹងផ្លាស់ប្ដូរណាស់។
៦. ចូលចិត្តចាយលុយបំផ្លាញ
លុយរកបានគឺត្រូវចាយហើយ តែបើមានចរិតចាយខ្ជះខ្ជាយបំផ្លាញហើយនោះគឺមិនគួរយកធ្វើជាប្ដីទេ ព្រោះទោះមានទ្រព្យប៉ុនណាក៏គង់រលាយដែរ។ មនុស្សប្រុសដែលល្អគេនឹងចេះគិតគូរមិនមែនដើរចាយសប្បាយមិនខ្វល់អីនោះទេ។
មុនជ្រើសរើសបុរសម្នាក់ធ្វើជាស្វាមី អ្នកត្រូវប្រាកដថាអ្នកបានមើល បានសង្កេត និងសម្រេចចិត្តច្បាស់លាស់ហើយ៕
ចុចអាន៖រៀបការជាមួយអ្នកក្រមិនគួរឲ្យខ្លាចដូចរៀបការជាមួយមនុស្សអន់ចរិតទេ