មនុស្សស្រីចង់បានភាពខ្ពង់ខ្ពស់ ចាំបាច់ត្រូវប្រាប់ខ្លួនឯងឲ្យមាន ៦យ៉ាងនេះ
- 2019-01-26 05:26:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីចង់បានភាពខ្ពង់ខ្ពស់ ចាំបាច់ត្រូវប្រាប់ខ្លួនឯងឲ្យមាន ៦យ៉ាងនេះ
មនុស្សស្រីឆ្លាតមិនដែលធ្វើឲ្យជីវិតនាងធុញទ្រាន់នោះទេ ព្រោះនាងជឿថានាងកើតមកដើម្បីរស់ក្នុងភាពសុខស្រួល។យ៉ាងណាក៏ដោយមនុស្សស្រី បើចង់បានជីវិតដ៏ល្អមួយ អ្នកគួរតែបង្រៀន និងដាស់តឿនខ្លួនឯងឲ្យមានប៉ុន្មានចំណុចដូចខាងក្រោមនេះ ៖
១. មានចំណេះដឹងឲ្យទូលំទូលាយ
គួរមានទម្លាប់អានសៀវភៅឲ្យបានរាល់ថ្ងៃ ព្រោះវាជាទម្លាប់ដ៏ល្អមួយដែលជួយពង្រឹងចំណេះដឹងអ្នកឲ្យកាន់តែប្រសើរ។ ចំណេះដឹងមិនចាំបាច់តែអង្គុយរៀននៅសាលានោះទេ អ្នកអាចទទួលបានវាដោយការប្រឡូកជាមួយការងារ ជាមួយសង្គមមនុស្ស ការអានសៀវភៅ មើលរឿងល្អៗជាដើម។ បែបនេះហើយ ទើបអ្នកត្រូវស្រឡាញ់ពេលវេលា មិនគួរចំណាយពេលទៅនិយាយដើមគេ ឬធ្វើរឿងដែលគ្មានប្រយោជន៍អីនោះទេ។
**២. រកលុយ**
ត្រូវមានការងារ ឬមុខរបរណាមួយដែលអាចផ្គត់ផ្គង់ខ្លួនឯងបានដោយមិនចាំបាច់លាដៃសុំអ្នកណា។ មនុស្សស្រីបើគ្មានការងារ គ្មានលុយហើយកុំថាឡើយខ្ពង់ខ្ពស់ សូម្បីតែម្សៅមួយប្រអប់ក៏ទិញមិនបានផង។ កុំស្រមៃថាអ្នកចាំដេកចាយលុយមនុស្សប្រុសដែលគេស្រឡាញ់អ្នក ព្រោះបើអ្នកមានគំនិតបែបនេះ មួយជីវិតនេះអ្នកប្រហែលគ្មានថ្ងៃស្គាល់សុភមង្គលដែលខ្លួនអ្នករកនោះទេ។ លើសពីនេះអ្នកអាចផ្គត់ផ្គង់គ្រួសារ ឪពុកម្ដាយដោយមិនបាច់ទើសទាល់ជាមួយអ្នកណា ព្រោះនេះជាលុយដែលអ្នករកបាន។
៣. ធ្វើខ្លួនឲ្យស្អាត
ជាតិជាមនុស្សស្រីម្នាក់ណាដែលថាមិនចង់ស្អាតនោះ ដូច្នេះរឿងសម្រស់គឺជារឿងសំខាន់។ ពេលអ្នកមានចំណេះ ពេលអ្នកមានលុយ ពេលនោះហើយអ្នកក៏អាចឲ្យខ្លួនអ្នកស្រស់ស្អាតបានដែរ។ ត្រូវចេះរៀបចំខ្លួនឲ្យបានស្អាតរាល់ថ្ងៃ ទៅណាមកណាឲ្យខ្លួនឯងជឿជាក់លើខ្លួនឯង។ ទោះរវល់យ៉ាងណាក៏មិនគួរបណ្ដោយខ្លួនខ្លាំងពេកដែរ ព្រោះមនុស្សស្រីបើគ្មានភាពស្រស់ស្អាតសោះនោះ ក៏មិនពេញលេញដែរ។
៤. ដើរហើរ
មិនមែនដើរហិចហើរអត់ប្រយោជន៍ទេណា គឺដើរលេង ដើរស្គាល់ ដើរទៅរៀនពីគេពីឯង មកអភិវឌ្ឍខ្លួន។ សន្សំលុយទៅលេងកន្លែងដែលអ្នកចង់ទៅ ព្រោះពេលនោះអ្នកនឹងមានអារម្មណ៍ថាជីវិតខ្លួនឯងស្រស់ស្អាតបំផុត។ ការដើរទៅក្រៅប្រទេសមានគុណសម្បត្តិច្រើនណាស់ វាអាចជួយឲ្យមនុស្សស្រីកាន់តែរឹងមាំ យល់ច្បាស់ពីពិភពខាងក្រៅ ដោយមិនមែននៅតែមួយកន្លែង ឃើញពន្លឺថ្ងៃតែមួយប្រឡោះ។
៥. ការងារផ្ទះ ការងារក្រៅ
មនុស្សស្រីដែលខ្លាំងគឺចេះមួយចប់ ទាំងការមើលថែផ្ទះ និងការចេញក្រៅរកលុយ។ ទោះបីមិនអាចមានពេល ឬមានកម្លាំងធ្វើច្រើនក៏ដោយក៏ការងារនៅក្នុងផ្ទះនេះ អ្នកគួរតែចេះព្រោះយ៉ាងហោចណាស់ក៏អ្នកអាចដាំបាយ ធ្វើម្ហូបញ៉ាំដោយខ្លួនឯងបានដែរ។
៦. ជ្រើសរើសមនុស្សត្រូវ
គ្មានមនុស្សស្រីណាចង់ស្រឡាញ់ចំមនុស្សខុសនោះទេ តែធ្វើម៉េចបើមើលមិនឃើញដូចគ្នា។ យ៉ាងណាក៏ដោយមនុស្សស្រីគួរតែព្យាយាមរើសមនុស្សឲ្យបានល្អ ព្រោះបើរើសខុសជីវិតនេះនឹងស្គាល់តែទុក្ខជាងសប្បាយចិត្ត។ កុំងាយស្រឡាញ់អ្នកណាពេកបើម្នាក់នោះមើលទៅមិនប្រាកដប្រជាជាមួយអ្នក ហើយបើស្រឡាញ់ខុសហើយត្រូវចេះដកខ្លួន កុំទ្រាំត្រាំត្រែងទាំងខ្លួនឈឺចាប់អី៕
ចុចអាន៖មេរោគក្នុងចិត្ត៥យ៉ាង នាំឱ្យជីវិតអ្នកមិនអាចរីករាយបានដូចគេ