មេរោគក្នុងចិត្ត៥យ៉ាង នាំឱ្យជីវិតអ្នកមិនអាចរីករាយបានដូចគេ
- 2018-06-15 01:53:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរោគក្នុងចិត្ត៥យ៉ាង នាំឱ្យជីវិតអ្នកមិនអាចរីករាយបានដូចគេ
បើអ្នកចង់ស្វែងរកក្ដីសុខសម្រាប់ខ្លួនឯង ហើយអាចញញឹមបានដូចអ្នកដទៃ គួរតែល្មមគិតគូរពីចំណុចខាងក្រោមនេះ ហើយផ្លាស់ប្ដូរវាចេញជាបន្ទាន់។
១. អ្នកពិបាកទទួលយកពេលបរាជ័យម្ដងៗ
មូលហេតុចម្បងបំផុតដែលនាំឱ្យជីវិតអ្នកមិនអាចរីករាយបានរាល់ថ្ងៃនេះ គឺការមិនទទួលស្គាល់ការពិត។ រាល់ពេលធ្វើអ្វីខុស ឬមិនបានសម្រេច អ្នកតែងតែបន្ទោសខ្លួនឯងម្ដងហើយម្ដងទៀត រហូតក្លាយជាសម្ពាធសម្រាប់ខ្លួនឯងដោយមិនដឹងខ្លួន។ ជំនួសឱ្យការស្ដីបន្ទោស និងព្យាយាមធ្វើម៉េចឱ្យបានជោគជ័យ អ្នកគួរតែងាកមកស្វែងរកថាហេតុអ្វីបានជានាំឱ្យអ្នកធ្វើវាមិនបានសម្រេចបែបនេះល្អជាង។
សូមចងចាំថា គ្មានអ្នកណាកើតមកមិនដែលមានកំហុសនោះទេ ហើយយុវវ័យគឺជាពេលវេលាដែលមានសិទ្ធិនឹងសាកល្បង ហើយធ្វើខុស ព្រោះអ្នកនៅពេលវេលាច្រើនទៀតដើម្បីចាប់ផ្ដើមជាថ្មី។ ប៉ុន្តែក៏ត្រូវប្រាប់ខ្លួនឯងដែរថា ការធ្វើខុសអាចជារឿងមិនអី តែមិនត្រូវឱ្យរឿងដដែលខុសម្ដងហើយម្ដងទៀតនោះទេ។
ចុចអាន៖ ពេលកើតទុក្ខ គ្រាន់តែអានឃ្លាលើកទឹកចិត្តនេះភ្លាម អ្នកអាចញញឹមវិញភ្លែត
២. អ្នកចូលចិត្តប្រៀបធៀបខ្លួនឯងទៅអ្នកដទៃ
អ្នកណាក៏ចង់បានភាពឥតខ្ចោះសម្រាប់ខ្លួនឯង ប៉ុន្តែភាពឥតខ្ចោះរបស់អ្នកមិនត្រូវយកទៅប្រៀបធៀបនឹងអ្នកដទៃទេ។ អ្នកច្បាស់ជាដឹងហើយថា កាលណាប្រៀបធៀបអ្វីដែលខ្លួនមានជាមួយអ្នកដទៃ វាអាចនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ ឬឈានដល់ការបាក់ទឹកចិត្តក៏មាន។ អ្វីដែលអ្នកត្រូវប្រាប់ខ្លួនឯងគឺថា មនុស្សម្នាក់ៗមានវាសនា និងការខិតខំប្រឹងប្រែងខុសៗគ្នា។
កុំមើលតែលើអ្នកជោគជ័យរួចហើយ ព្រោះអ្នកមិនដឹងទេថាពួកគេប្រឹងប្រែងយ៉ាងណាទើបបានជោគជ័យបែបនេះ។ ចូរចាត់ទុកខ្លួនឯងនៅថ្នាក់កណ្ដាល បានន័យថា មានអ្នកនៅលើយើង ហើយក៏មានអ្នកនៅក្រោមយើងដែរ។ ដូច្នេះអ្នកមិនដឹងគិតទេឬថា អាចមានអ្នកអង្គុយពិបាកចិត្ត ឬលួចចង់បានអ្វីដូចយើងដែរនោះ?
៣. ចូលចិត្តគិតរឿងច្រើនតែខ្លួនឯង
ធ្លាប់សង្កេតថា អ្នកចូលចិត្តគិតរឿងអ្វីផ្ដេសផ្ដាសតែម្នាក់ឯង ទោះបីគ្មានអ្នកណាមកធ្វើអីក៏ដោយ។ ដោយសារតែអ្នករវល់នឹងការគិតអត់ខ្លឹមសារបែបនេះហើយ ទើបខួរក្បាលមិនអាចងាកមកចាប់អារម្មណ៍រឿងផ្សេងដែលនៅជុំវិញខ្លួន គ្មានអារម្មណ៍ត្រេកត្រអាលនឹងអ្នកជុំវិញ មិនយកចិត្តទុកដាក់លើរឿងសប្បាយៗដែលអ្នកដទៃចែករំលែកជាដើម។ បើអ្នកបន្តធ្វើរឿងនេះទៀត វាអាចធ្វើឱ្យអ្នកឈានដល់ការកើតជំងឺធ្លាក់ទឹកចិត្ត ឬបាក់ទឹកចិត្តទៀតផង។
៤. កប់ខ្លួនឯងក្នុងអតីតកាល
រឹតតែយ៉ាប់សម្រាប់ចំណុចមួយនេះ! មនុស្សភាគច្រើនដែលត្រូវឃ្លាតឆ្ងាយពីអ្នកដទៃ ហើយលែងចង់សើចជាមួយគ្នា ឬគ្មានក្ដីស្រលាញ់ចំពោះខ្លួនឯង គឺការរស់នៅក្នុងអតីតកាលនេះឯង។ ត្រូវប្រាប់ខ្លួនឯងថា អតីតកាលគ្រាន់តែជាសន្លឹកសៀវភៅចាស់ដែលយើងបានសរសេររួចហើយ ហេតុនេះយើងត្រូវបន្តសរសេរនៅសន្លឹកបន្ទាប់ទៀត ហើយអាចប្រើវាដើម្បីអានឱ្យដឹងពីកំហុស ឬអ្វីដែលបានកើតឡើង តែមិនមែនត្រូវហែកសន្លឹកថ្មីចោល ហើយមករក្សាសន្លឹកចាស់បែបនេះទេ។
បើអ្នកអាចដកខ្លួនចេញពីរឿងអតីតកាលនេះបាន អ្នកនឹងអាចសើចដោយខ្លួនឯង ព្រោះវានឹងលែងមានសុបិនអាក្រក់មកលងបន្លាចអ្នកទៀត។
៥. មិនចេះវិធីស្រលាញ់ខ្លួនឯង
អ្នកអាចនឹងចំណាយពេលលើអ្នកដទៃ ឬរបស់ក្រៅខ្លួនច្រើនជាងសម្រាប់ខ្លួនឯង។ អ្នកប្រហែលជាខំរកលុយខ្លាំងពេក រហូតមិនមិនពេលគិតពីសុខភាព មិនមានចូលរួមសកម្មភាពជាមួយអ្នកដទៃ មិនមានពេលផ្ដល់អ្វីដែលខ្លួនចង់បាន-ល-។ មកដល់ចំណុចនេះ មិនបានឆ្ងល់ទេថា ហេតុអីអ្នកមិនអាចមានក្ដីសុខបានដូចគេ? មើលទៅគេមិនមានទ្រព្យសម្បត្តិច្រើនទេ តែគេហាក់រីករាយ មើលក្ដីសុខជាងយើង?
ចម្លើយគឺនេះមកពីគេចេះពីវិធីផ្ដល់ក្ដីស្រលាញ់សម្រាប់ខ្លួនរបស់គេ ព្រោះគ្មានអ្នកអាចផ្ដល់ក្ដីសុខដល់យើងក្រៅពីខ្លួនយើងឡើយ បើយើងមិនចេះស្រលាញ់ខ្លួនឯង ទោះបីប្ដីឬប្រពន្ធ ឬក្រុមគ្រួសារក៏ដោយ។
គួរចេះបែងចែកពេលវេលាសម្រាប់ការងារ និងផ្ដល់រង្វាន់ដល់ខ្លួនឯងដូចជា ទិញរបស់ដែលខ្លួនស្រលាញ់ ទៅដើរលេងលំហែខួរក្បាល ជួបជុំក្រុមគ្រួសារទាន់នៅមានឱកាស និងគិតគូរពីសុខភាពជាដើម៕