សន្សំយូរៗទៅកាន់តែគ្មានសល់ សាកតិចនិចឆ្លាតវៃក្នុងការគ្រប់គ្រងលុយនេះម្ដងមើល!
- 2019-01-17 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន្សំយូរៗទៅកាន់តែគ្មានសល់ សាកតិចនិចឆ្លាតវៃក្នុងការគ្រប់គ្រងលុយនេះម្ដងមើល!
ធ្វើការ រកស៊ីយូរហើយតែបែរជាមិនឃើញលុយសល់ដូចគេសោះ មានធ្លាប់គិតបែបនេះទេ? ការពិតនោះមកពីការចាយវាយអ្នកមិនបានត្រឹមត្រូវ ហើយការគ្រប់គ្រងលុយរបស់អ្នកក៏មិនបានត្រឹមត្រូវផងដែរ ទើបបានជាមួយឆ្នាំផុតមួយឆ្នាំអ្នកនៅតែគ្មានសល់លុយ។ ខាងក្រោមនេះជាតិចនិចឆ្លាតវៃក្នុងការគ្រប់គ្រងលុយ និងជួយឲ្យអ្នកមានកម្លាំងចិត្តសន្សំលុយឲ្យបានល្អជាងឆ្នាំមុនៗ៖
១. កម្រិតខ្លួនឯងក្នុងការចាយវាយ
ភាគច្រើននៅពេលមានលុយក្នុងដៃកាន់តែច្រើន អ្នកកាន់តែសប្បាយចាយ តែតែត្រូវគិតថាលុយនោះសម្រាប់ការចាយវាយពេញមួយខែ ហើយក៏ត្រូវមានការសន្សំទៀតផង។ ចាយឲ្យតូចពីដើមខែទៅ ព្រោះយ៉ាងណាក៏វាមិនឲ្យដាច់លុយនៅចុងខែទាន់។ លើសពីនេះការចេះកម្រិតខ្លួនឯងក្នុងការចាយ អាចជួយឲ្យអ្នកសល់លុយបន្ថែមពីការដកសន្សំហើយទៀតផង។
២. ចង់បានអ្វីមួយដែលចំណាយច្រើន គួរតែចាំបន្តិចសិន
បើអ្នកមានបំណងចង់បានរបស់អ្វីមួយដែលមានតម្លៃថ្លៃ ដូចជាទូរស័ព្ទ កាម៉េរ៉ា អ្នកមិនគួរបើកលុយខែមកចំណាយទិញទាំងអស់ ឬខ្ចីគេបន្ថែមនោះឡើយ។ អ្នកគួររង់ចាំសន្សំឲ្យបានលើសតម្លៃនោះសិន ដើម្បីពេលចំណាយហើយអ្នកនៅមានលុយសល់សម្រាប់តម្រូវការចាំបាច់ផ្សេងទៀត។ គួរគិតគូរឲ្យបានល្អិតបន្តិចសម្រាប់ការចំណាយធំៗ ថាតើអ្នកអាច Save បានខ្លះទៀតឬទេ? ដើម្បីកុំឲ្យចាយលុយខ្លាំងទៅលើវាដោយមិនបានគិតឲ្យល្អិតល្អន់។
៣. ចំណាយត្រូវតិចជាងចំណូល
មានអ្នកខ្លះចាយច្រើនជាងអ្វីដែលខ្លួនរកបានទៅទៀត ដូច្នេះទោះរកបានប៉ុន្មានក៏គេនៅតែចាយមិនគ្រប់ដែរ។ អ្នកមិនគួរចាយធំជាងរកនោះទេ គួរតែព្យាយាមចាយឲ្យតិច ហើយរកឲ្យបានច្រើនវិញ ព្រោះវាល្អជាងចំណាយទៅលើរឿងអត់ប្រយោជន៍ហើយចុងក្រោយគ្មានសល់កុយអីសោះក្នុងកុងធនាគារ។
៤. កុំចំណាយលើរបស់ថ្លៃៗញឹកញាប់ពេក
អ្នកគួរតែចំណាយលើរបស់ល្អតែម្ដងៗបានហើយ កុំទិញច្រើនពេកទាំងដែលខ្លួនមានប្រើហើយ។ គួរតែប្រើមួយឲ្យដឹងមួយទៅតាមលទ្ធភាព ព្រោះបើចេះតែទិញតាមការស្រឡាញ់ ការចង់បាន អ្នកនឹងមិនងាយឃើញលុយសល់ឡើយ។ កុំព្យាយាមដេញតាមម៉ូដវាពេក ព្រោះពេលខ្លះកាត់បន្ថយប្រើរបស់ដែលខ្លួនមានហើយក៏ល្អដែរ។
៥. កុំទម្លាប់ខ្ចីលុយគេមកចាយ
កុំទម្លាប់បើមិនបានខ្ចីលុយគេមកចាយមិនអស់ចិត្តនោះ ព្រោះវាជាទម្លាប់អាក្រក់បំផុត។ ចាយលុយឯងមិនគ្រប់ទៅដើរខ្ចីគេបន្ថែមទៀត រួចបើខែថ្មីមកក៏ដើរសងគេអស់ ហើយក៏ខ្ចីបន្ត បែបនេះមួយជីវិតអ្នកទោះស្លាប់ទៅវិញក៏មិនឃើញលុយសល់ដែរ។ គួរតែព្យាយាមចាយទៅតាមអ្វីដែលខ្លួនមាន ហើយកុំបំប៉ោងតាមគេអ្នកមាន រួចមកដេកពិបាកចិត្តរឿងគ្មានលុយចាយ៕
ចុចអាន៖វិធីសាស្ត្រពិសេស៥យ៉ាង ធានាជួយឲ្យអ្នកសន្សំលុយបានច្រើន និងមិនងាយរបូតទៀត