ទង្វើ​១០​យ៉ាង​ ឪពុក​ម្ដាយ​ច្រើន​តែ​ស្ដាយ​ក្រោយ​ ពេល​ចាស់​ទៅ

  • 2019-01-15 03:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នាម​ជា​ឪពុក​ម្ដាយ​តែង​ចង់​ឃើញ​កូន​ល្អ កូន​មាន​ជោគជ័យ។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​តាំងខ្ពស់​បែប​នេះ ទើប​ពេល​ខ្លះ​លោក​ធ្វើ​ទង្វើ​ដែល​ប៉ះពាល់​ផ្លូវ​ចិត្ត​ដោយ​មិន​ដឹង​ខ្លួន រហូត​ទាល់​តែ​អាយុ​កាន់​តែ​ចាស់​ទើប​ដឹង​ស្ដាយ​ក្រោយ​ក៏​ហួស​ពេល។ ដូច​ទង្វើ​ទាំង​១០​យ៉ាង​ខាង​ក្រោម​នេះ​ដែល​ឪពុក​ម្ដាយ​ភាគ​ច្រើន​បាន និង​កំពុង​ធ្វើ​ ហើយ​បើ​សិន​ធ្លាប់​ធ្វើ​មែន ក៏​គួរ​បញ្ឈប់​ ដើម្បី​ជៀសវាង​​ការ​ស្ដាយ​ក្រោយ​នៅ​ពេល​ខាង​មុខ។

១. មិន​សូវ​មាន​ទំនាក់ទំនង​ជាមួយ​កូន

កូន​តូច​អាច​លូត​លាស់​បាន​ល្អ ដោយ​សារ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មនុស្ស​ធំ ហើយ​ឪពុក​ម្ដាយ​គឺ​ជា​មនុស្ស​សំខាន់​ក្នុង​ការ​រួម​ចំណែក​ឱ្យ​កូន​លូត​លាស់​បាន​ល្អ​នេះ។ ​​ផ្ទុយ​ទៅ​វិញ ដោយ​សារ​រវល់​នឹង​ការងារ​ផង ប៉ា​ម៉ាក់​ភាគ​ច្រើន​តែង​ធ្វើ​ការ​បណ្ដើរ ឱ្យ​កូន​លេង​នៅ​ជិត​ខ្លួន​បណ្ដើរ។

តែ​បើ​អ្នក​​ធ្វើ​រឿង​នេះ​ឱ្យ​ក្លាយ​ទៅ​ជា​ទម្លាប់ កូន​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ឯកោ ហើយ​អ្នក​អាច​ឃើញ​ថា កូន​អ្នក​ធំធាត់​ឡើង​​​ដោយ​ខ្លួន​ពួក​គេ ចំណែក​ទំនាក់ទំនង​ជាមួយ​ប៉ា​ម៉ាក់​ក៏​អាច​នឹង​កាត់​បន្ថយ​ទៅៗ។

ចុចអាន៖ កូន​ៗ​រៀន​ពូកែ​ដោយសារ​មាន​ម្ដាយ​ធ្វើ​រឿង ៦ យ៉ាង​នេះ

២. មិន​សូវ​បាន​ឱប​កូន​ឱ្យ​បាន​​គ្រប់​គ្រាន់

អ្នក​វិទ្យាសាស្ត្រ​បាន​ណែ​នាំ​ថា ការ​ឱប​មាន​សារសំខាន់​ណាស់​ក្នុង​ទាំង​សម្រាប់​ផ្នែក​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ ក្រៅ​ពី​ផ្ដល់​ភាព​កក់​ក្ដៅ ការ​ឱប​អាច​ផ្ដល់​ភាព​ស្និទ្ធស្នាល​ដល់​អ្នក​ទាំង​ពីរ។ គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ពី​គុណ​សម្បត្តិ​ទាំង​នេះ តែ​ប៉ាម៉ាក់​ភាគ​ច្រើន​មិន​សូវ​បាន​​​ប្រើ​ពេលវេលា​ឱប​ថើប​កូន​ឱ្យ​បាន​ច្រើន​នោះ​ទេ ដោយ​យក​ហេតុ​ផល​បែប​នេះ បែប​នោះ ឬ​ក៏​ដោយ​សារ​តែ​ពាក្យ​សម្ដី​របស់​ចាស់​បុរាណ​ចេះ​តែ​និយាយ​ត​ៗ​គ្នា​ថា "កុំ​ឱប​ថ្នាក់​ថ្នម​កូន​ពេក ប្រយ័ត្ន​វា​ធ្លាប់ វា​បាន​ចិត្ត...”។

បើ​អ្នក​ពិត​ជា​មិន​បាន​ឱប​ ថ្នាក់​ថ្នម​កូន​ឱ្យ​បាន​ក្នុង​ពេល​នេះ ពេល​ធំ​ឡើង​ ពួក​គេ​ក៏​នឹង​មិន​ឱ្យ​អ្នក​ឱប​ទៀត​ដែរ។ បែប​នេះ​កុំ​ឆ្ងល់​ថា ហេតុ​អី​កូន​មិន​ស្និទ្ធស្នាល​ជាមួយ​អ្នក?

៣. មិន​សូវ​បាន​ថត​រូប ឬ​វីដេអូ​ជាមួយ​កូន

ឪពុក​ម្ដាយ​ខ្លះ​រវល់​តែ​ការងារ​ពេក មិន​សូវ​បាន​ថត​រូប​ជាមួយ​កូន​តូចៗ​ឡើយ។ ភាគ​ច្រើន​បើ​ទោះ​ជា​ថត ក៏​ថត​តែ​រូប​កូន​ម្នាក់​ឯង ឬ​ជាមួយ​អ្នក​ផ្សេង គ្មាន​រូប​ខ្លួន​ឯង​ពរ ឬ​ថើប​កូន​សោះ ហើយ​នេះ​ក៏​គ្មាន​អី​អាក្រក់​ជាង​គ្មាន​រូប​ថត​ជុំ​គ្នា​ដែរ ព្រោះ​ពេល​ចាស់​ទៅ អ្នក​ក៏​មិន​អាច​ហៅ​អតីតកាល​ត្រឡប់​មក​វិញ​បាន​ដែរ មាន​តែ​អង្គុយ​មើល​រូប​ថត​ចាស់ៗ ហើយ​ញញឹម​ជុំ​គ្នា។ ហោច​ណាស់​ក៏​ពេល​នឹក​កូន ឬ​កូន​នៅ​ឆ្ងាយ​អាច​ទាញ​អាល់ប៊ុម​រូប​ថត​ ឬ​ចាក់​វីដេអូ​មើល ប៉ុន្តែ​បើ​គ្មាន​សូម្បី​តែ​រូបថត​ទៀត ពិត​ជា​ស្រងេះស្រងោច​ខ្លាំង​ណាស់។

៤. មិន​ចំណាយ​ពេល​លេង​ល្បែង​ដែល​មាន​ការ​ច្នៃ​ប្រឌិត​ជាមួយ​កូន

មិន​មែន​បាន​ន័យ​ថា​ ការ​លេង​ល្បែង​ដែល​ប្រើ​ខួរ​ក្បាល​គិត​ច្រើន ដឹង​តែ​នាំ​ឱ្យ​កូន​ក្លាយ​ជា​មនុស្ស​អស្ចារ្យ​ទាំង​អស់​នោះ​ទេ។ ការ​ពិត​ការ​លេង​ល្បែង​ដែល​ប្រើ​ការ​គិត​ ឬ​ចេះ​ច្នៃ​ប្រឌិត អាច​ជួយ​ឱ្យ​កូនៗ​ចេះ​គិត​គូរ​វែង​ឆ្ងាយ អត់​ធ្មត់ និង​អាច​ច្នៃ​របស់​ដែល​នៅ​នឹង​មុខ​ទៅ​ជា​អ្វី​ផ្សេង​ដែល​អ្នក​គិត​ស្មាន​មិន​ដល់។ វា​ពិត​ជា​សំខាន់​ណាស់ បើ​អ្នក​អាច​បង្រៀន​ពួក​គេ​ឱ្យ​ចេះ​ធ្វើ​រឿង​ទាំង​នេះ​ ប៉ុន្តែ​មិន​សូវ​មាន​ឪពុកម្ដាយ​ណា​គិត​ដល់​រឿង​នេះ​ឡើយ ដោយ​សារ​តែ​កត្តា​ផ្សេងៗ​ដូច​ជា ពេល​វេលា​មិន​សូវ​ទំនេរ​ជា​ដើម។

ម្យ៉ាង​ទៀត ការ​លេង​បែប​នេះ​អាច​​ឱ្យអ្នក​ដឹង​ពី​សមត្ថភាព និង​ទេពកោសល្យ​កូន​បាន​ច្បាស់​​ងាយ​ស្រួល​ក្នុង​ការ​តម្រង់​ទិស​ដល់​ពួក​គេ។ ហេតុ​នេះ​ហើយ​ទើប​មាន​ឪពុក​ម្ដាយ​ជា​ច្រើន​ដែល​មិន​បាន​ដឹង​ពី​ទេពកោសល្យ​របស់​កូន ហើយ​ជំរុញ​កូន​ទៅ​រក​អ្វី​ដែល​ពួក​គេ​មិន​ចង់​ធ្វើ នាំ​ឱ្យ​ប៉ះ​ពាល់​ផ្លូវ​ចិត្តកូន។

៥. តឹង​រឹង​ដាក់​កូន​ពេក

ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ម្ដាយ​សុទ្ធ​តែ​ចង់​ឃើញ​កូន​ល្អ តែ​ការ​ប្រដៅ​មួយ​ចំនួន​ហាក់​ដូច​ជា​តឹង​រឹង​ដាក់​កូន​ពេក រហូត​ដល់​ក្លាយ​ទៅ​ជា​សម្ពាធ​ នាំ​ឱ្យ​កូន​ទៅ​ជា​បាក់​ទឹក​ចិត្ត ខ្លប​ខ្លាច​ជ្រុល ឬ​​ចេះ​កុហក​ដោយ​សារ​តែ​ខ្លាច​ការ​ដាក់​ទណ្ឌកម្ម ឬ​ស្ដី​បន្ទោស​ពី​ប៉ា​ម៉ាក់។

ចុចអាន៖ ​ទម្លាប់​១០​ប្រការ​របស់​ឪពុក​ម្ដាយ ដែល​អាច​​បំផ្លាញ​អនាគត​កូន​ទាំង​ស្រុង

៦. ធូរ​រលុង​ចំពោះ​កូន​ពេក

ពាក្យ​ថា​ "ពេក" មិន​ដែល​​ល្អ​ទេ។ បើ​អ្នក​គិត​ថា​តឹង​រឹង​ចំពោះ​កូន​ពេក​មិន​ល្អ ហើយ​ងាក​មក​ធូរ​រលុង​ជាមួយ​ពួក​គេ​ពេក ចង់​ធ្វើ​អ្វី​ក៏​បាន ចង់​សុំ​អ្វី​ក៏​បាន មិន​ដែល​ឱ្យ​កូន​ខ្វះ​ខាត ចេះ​គិត​គូរ អាង​តែ​មាន​ម៉ាក់​ប៉ា​ជួយ​ជ្រោមជ្រែង ពេល​ធំ​ឡើង​ពួក​គេ​មិន​អាច​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង មិន​ចេះ​ស្គាល់​ចាស់​ទុំ មិន​ចេះ​សុំ​ទោស ឬ​អរគុណ​អ្វី​ឡើយ។

ដូច្នេះ​គួរ​ចេះ​ថ្លឹងថ្លែង​​លើ​ទង្វើ​ដែល​ត្រូវ​ធ្វើ​ចំពោះ​កូន។ បើ​គេ​ធ្វើ​ល្អ​ក៏​សរសើរ បើ​ធ្វើ​ខុស​ក៏​ដាក់​ទោស តែ​គួរ​បង្ហាញ​គេ​ពី​គុណ​វិបត្តិ​នៃ​ទង្វើ​របស់​គេ​មុន ជាជាង​ខុស​ម្ដង​ ដាក់​ទោស​ភ្លាម ដែល​នាំ​ឱ្យ​ពួក​គេ​លែង​ហ៊ាន​ធ្វើ​អ្វី​ទាំង​អស់។

៧. មិន​ដែល​​ទុក​ពាក្យ​សម្តី​កូន​ជា​សំខាន់

ម្ដាយ​ឪពុក​ភាគ​ច្រើន​តែង​គិតថា ពាក្យ​សម្ដី​របស់​ខ្លួន​តែង​តែ​ត្រឹម​ត្រូវ ហើយ​មិន​សូវ​ខ្វាយ​ខ្វល់​ពី​អារម្មណ៍ និង​ពាក្យ​សម្ដី​របស់​កូនៗ។ អ្នក​ខ្លះ​តែង​បោះ​ពាក្យ​សម្ដី​ថា "កូន​ឯង​ក្មេង​សោះ​ចេះ​ដឹង​អី?" ឬ "មនុស្ស​ចាស់​ដឹង​ច្រើន​ជាង" ធ្វើ​ឱ្យ​កូន​បាក់​ទឹក​ចិត្ត លែង​ចង់​និយាយ​អ្វី​បន្ត​ទៀត។ ការ​ធ្វើ​បែប​នេះ​យូរ​ៗ​ទៅ កូន​ក៏​លែង​ហ៊ាន​និយាយ​រឿង​ក្នុង​ចិត្ត​​ប្រាប់​ប៉ាម៉ាក់ បែរ​ជា​ទៅ​រក​អ្នក​ដទៃ​ដូច​ជា​ មិត្ត​ភ័ក្ដិ អ្នក​រាប់​អាន​ខាង​ក្រៅ​ទៅ​វិញ។ ហេតុ​នេះ​ទើប​ប៉ា​ម៉ាក់​មួយ​ចំនួន​ចេះ​តែ​ឆ្ងល់​ ហេតុ​អីពេល​កូន​មាន​បញ្ហា​មិន​ដែល​មក​ពិគ្រោះ​ជាមួយខ្លួន​សោះ នេះ​ក៏​ព្រោះ​តែ​ហេតុ​ផល​ខាង​លើ​នេះ​ហើយ។

៨. មិន​មាន​ពេល​នាំ​កូន​ដើរ​លេង​សប្បាយ​ខ្លះ

កត្តា​ផ្លូវ​អារម្មណ៍​ក៏​ដើរ​តួ​សំខាន់​ណាស់​ដែរ​ក្នុង​ការ​លូតលាស់​របស់​កូនៗ។ ឪម្ដាយ​គួរ​ដឹង​ថា បើ​កូនៗ​អាច​ធំ​ធាត់​ក្នុង​បរិយាកាស​ល្អ មាន​ការ​ថ្នាក់​ថ្នម​កក់​ក្ដៅ និង​បាន​ជួប​បទ​ពិសោធន៍​ថ្មីៗ​ច្រើន​នោះ ពួក​គេ​នឹង​អាច​នឹង​ធំ​ឡើង​ក្លាយ​ជា​មនុស្ស​រឹង​មាំ មាន​ប្រាជ្ញា​មោះមុត ឯ​ការ​សម្រេច​ចិត្ត​ក៏​បាន​ជ្រៅជ្រះ។

៩. ចូល​ចិត្ត​ស្ដាប់​ពាក្យ​សម្ដី​អ្នក​ដទៃ​មក​លើ​កូន​ខ្លួន​ឯង

​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​អ្នក​អាច​នឹង​ស្ដាប់​ឮ​ពាក្យ​សម្ដី​ខុស​ៗ​គ្នា​ពី​អ្នក​ជុំវិញ​ខ្លួន​​វាយ​តម្លៃ​ទៅ​លើ​កូន​ៗ​របស់​អ្នក។ ប៉ុន្តែ​ត្រូវ​ច្បាស់​ថា​ អ្នក​ស្គាល់​កូន​ខ្លួន​ឯង​ច្បាស់ មិន​ចេះ​តែ​ស្ដាប់​គេ​និយាយ​ដោយ​គ្មាន​មូល​ដ្ឋាន​ត្រឹម​ត្រូវ។ ម្យ៉ាង​វិញ​ទៀត ការ​យក​កូន​ខ្លួន​ឯង​ទៅ​ប្រដូច​ជាមួយ​កូន​អ្នក​ដទៃ​ក៏​ជា​រឿង​ដែល​ធ្វើ​ឱ្យ​កូន​មិន​សប្បាយ និង​ក្លាយ​ជា​សម្ពាធ​សម្រាប់​ពួក​គេ​ដែរ។

យូរ​ៗ​ទៅ ពួក​គេ​នឹង​លែង​ជា​ខ្លួន​ពួក​គេ តែ​បែរ​ជា​គិត​ថា​ខ្លួន​ឯង​មិន​ល្អ​ដូច​អ្នក​ផ្សេង ឬ​ភ្លេច​គិត​ពី​គោល​ដៅ​ដែល​ខ្លួន​ចង់​បាន​ពិត​ប្រាកដ​ដោយ​សារ​តែ​ពាក្យ​អស់​ទាំង​នេះ។

១០. ពេល​វេលា​សំខាន់ៗ​ មិន​ដែល​មាន​មុខ​នៅ​ក្បែរ​កូន

កូន​តូចៗ​ចង់​បាន​ភាព​កក់​ក្ដៅ និង​សើច​សប្បាយ​ជាមួយ​ឪពុក​ម្ដាយ។ ជា​ពិសេស​មាន​កម្មវិធី ឬ​ឱកាស​ពិសេស​ណា​មួយ កូន​ៗ​ចង់​នៅ​ក្បែរ​ប៉ា​ម៉ាក់​ជាង​អ្នក​ណា​ទាំង​អស់។ ដូច្នេះ​គួរ​តែ​ឆ្លៀត​ពេល​ដើម្បី​កូន​ឱ្យ​បាន​ច្រើន និង​បង្ហាញ​ឱ្យ​ពួកគេ​ឃើញ​ថា ប៉ា​ម៉ាក់​របស់​គេ​មិន​ដែល​ទុក​គេ​ចោល​ ហើយ​គេ​តែង​ជា​របស់​មាន​តម្លៃ​សម្រាប់​ប៉ា​ម៉ាក់​ជានិច្ច៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សរ សុគន្ធី