ខំ​ធ្វើការ​ទាន់​ខ្លួននៅក្មេង​ពេញ​កម្លាំង ប្រសើរ​ជាង​ខំ​នៅ​ពេល​ខ្លួនចាស់​​រក​កម្លាំងឈរ​មិន​នឹង

  • 2019-01-15 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យុវវ័យ​មិន​អាច​មាន​២​ដង​ឡើយ​ក្នុង​មួយ​ជីវិត វា​នឹង​រសាត់​ទៅ​តាម​ពេល​វេលា។ កុំ​ជ្រើស​រើស​ដើរ​ផ្លូវ​ខុស​ ឬ​ក៏​ខ្ជះខ្ជាយ​ពេល​ឥត​ប្រយោជន៍​​នៅ​ចន្លោះ​វ័យ​ដែល​អ្នក​រឹងមាំ វ័យ​ដែល​អ្នក​ពេញ​កម្លាំង ខួរក្បាល​រហ័សរហួន ព្រោះ​វ័យ​នេះ​ជា​វ័យ​ដែល​អ្នក​អាច​ប្រឈម​មុខ​នឹង​រឿង​​គ្រប់​យ៉ាង​បាន​ដោយ​ជោគជ័យ។ ការ​ឈឺចាប់​ ការ​លំបាក និង​ការ​ក្រេប​យក​បទពិសោធន៍ ជួយ​ជ្រោមជ្រែង​ជីវិត​អ្នក​ទៅ​ថ្ងៃ​អនាគត​ក៏​ត្រូវ​មើល​លើ​អ្វី​ដែល​អ្នក​ខំប្រឹង​នៅ​ពេល​អ្នក​នៅ​ជា​យុវវ័យ​ដែរ។

មាន​ពាក្យ​មួយ​ឃ្លា​គេ​និយាយ​ថា«ជីវិត​កាន់​តែ​លំបាក អ្នក​កាន់​តែ​រឹងមាំ» នេះ​គឺ​ចង់​ដាស់​តឿន​ឲ្យ​អ្នក​ខំ​ប្រឹង​​លើ​ជីវិត​របស់​អ្នក។ អ្នក​កាន់​តែ​ជួប​រឿង​លំបាក អ្នក​កាន់​តែ​ស្គាល់​ពី​ខ្លួន​ឯង អ្នក​កាន់​តែ​រក​ផ្លូវ​ដើម្បី​ជួយ​ខ្លួន​ឯង​ឲ្យ​ចេញ​ពី​ភាព​ឈឺចាប់​ទាំង​អស់​នោះ។

១០​ ឆ្នាំ​មិន​មាន​ច្រើន​ដង​ទេ ដូច្នេះ​អ្នក​មិន​គួរ​បណ្ដោយ​ឲ្យ​វា​កន្លង​ហួស​ទៅ​ទាំង​គ្មាន​អ្វី​សោះ​សម្រាប់​ជីវិត​ខ្លួន​ឯង​ឡើយ។ ៣​ ឆ្នាំ​សម្រាប់​ជីវិត​វិទ្យាល័យ ៤​ ឆ្នាំ​សម្រាប់​ជីវិត​មហាវិទ្យាល័យ​សូម​អ្នក​ក្ដាប់​វា​ឲ្យ​ជាប់ និង​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​ជោគជ័យ​មួយ​សម្រាប់​វ័យ​របស់​អ្នក។

វ័យ​ ២០​ ឆ្នាំ​​ឡើង​ទៅ​ជា​វ័យ​ដែល​អ្នក​ស្គាល់​ពី​ជីវិត​កាន់​តែ​ច្រើន ហើយ​អ្នក​ក៏​ត្រូវ​បញ្ចេញ​កម្លាំង​ឲ្យ​ខ្លាំង​ដូច​គ្នា ព្រោះ​បើ​អ្នក​ប្រឹង​នៅ​ចន្លោះ​ពេល​ ១០​ ឆ្នាំ​នេះ ដល់​វ័យ​ ៣០​ ឆ្នាំ​ឡើង​ អ្នក​នឹង​មើល​ឃើញ​ពី​សមិទ្ធផល​ជីវិត​ដែល​អ្នក​បាន​ប្រឹង​ប្រែង​កាល​ពីនៅ​វ័យ​ ២០​ ឆ្នាំ​នោះ។ ខំ​ធ្វើការ​ទាន់​នៅ​ក្មេង​ពេញ​កម្លាំង ប្រសើរ​ជាង​ខំ​នៅ​ពេល​ខ្លួន​ចាស់​ទាំង​​ខ្លួន​ឈរ​មិន​នឹង។ វ័យ​ដែល​ពេញ​ដណ្ដើម​យក​ជោគជ័យ វ័យ​ដែល​ពេញ​សប្បាយ វ័យ​ដែល​ពេញ​ទៅ​ដោយ​សក្ដានុពល អ្នក​ត្រូវ​ធ្វើ​វា​ឲ្យ​បាន​ល្អ​បំផុត។

ស្វែង​រក​តម្លៃ​នៃ​ជីវិត ស្វែង​រក​ភាព​ជោគជ័យ នោះ​សុទ្ធ​តែ​អ្វី​ដែល​យុវវ័យ​ត្រូវ​មាន​នៅ​ក្នុង​ដៃ។ ធ្វើការ ដើរលេង​មើល​ពិភព​លោក​ឲ្យ​កាន់​តែ​ធំ ពង្រឹង​សមត្ថភាព​ឲ្យ​កាន់​តែ​រឹងមាំ នោះ​នោះ​នៅ​ពេល​ចាស់​អ្នក​នឹង​មិន​ហត់​ មិន​ស្ដាយក្រោយ​ឡើយ៕​

ចុចអាន៖បទពិសោធន៍ ១០យ៉ាងដែលខ្ញុំទទួលបានបន្ទាប់ពីឆ្លងផុតវ័យ ២០ឆ្នាំ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម