វិធីសាស្ត្រ​ពិសេស៥​យ៉ាង ធានា​ជួយ​ឲ្យ​អ្នក​សន្សំ​លុយ​បាន​ច្រើន និង​មិន​ងាយ​របូត​​ទៀត

  • 2019-01-10 06:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លុយ​សម្រាប់​អ្នក​ធ្វើ​ការ​ធម្មតាៗ គឺ​ពិបាក​នឹង​រក​ណាស់ ដូច្នេះ​ចង់​មាន​លុយ​ដើម្បី​ធ្វើ​អី​មួយ​គឺមាន​តែ​សន្សំ និង​ព្យាយាម​រក​ចំណូល​បន្ថែម។ ថ្ងៃ​នេះ​ កញ្ញា ​នឹង​ចែក​រលែក ​វិធីសាស្ត្រ​ពិសេស៥​យ៉ាង ធានា​ជួយ​ឲ្យ​អ្នក​សន្សំ​លុយ​បាន​ច្រើន និង​មិន​ងាយ​របូត​​ទៀត៖

១. បែងចែក​លុយ​ភ្លាមៗ​បន្ទាប់​ពី​បើក​ប្រាក់ខែ

ត្រូវ​បែង​ចែក​លុយ​ទៅ​ក្នុង​គណនេយ្យ​សន្សំ​ភ្លាមៗ​ ព្រោះ​បើ​ទុក​យូរ​ប្រាកដ​ណាស់​អ្នក​នឹង​រមាស់​ដៃ​ចាយ​ខ្ទេច​មិន​ខាន។ ត្រូវ​សន្សំ​មុន​ចំណាយ កុំ​ចាំ​សល់​ពី​ចំណាយ​ហើយ​បាន​សន្សំ​ព្រោះ​អ្នក​នឹង​គ្មាន​ឃើញ​លុយ​សន្សំ​ឡើយ។

២. គិត​ឲ្យ​បាន​យូរ​បន្តិច​មុន​សម្រេច​ចិត្ត​ទិញ​អ្វី​មួយ

កុំ​គ្រាន់​តែ​ឃើញ​នេះ​ស្អាត នោះ​ស្អាត​ហើយ​ក៏​ហូត​លុយ​ពី​កាបូប​ទិញ​គ្មាន​គិត​នោះ ព្រោះ​នៅ​ពេល​ដែល​អ្នក​យក​មក​ដល់​ផ្ទះ ហើយ​ដាច់​លុយ​អ្នក​នឹង​ដេក​ស្ដាយ​ក្រោយ។ បែង​ចែក​អ្វី​ដែល​អ្នក​ត្រូវ​ការ​ជា​ចាំបាច់​ និង​របស់​ណា​ដែល​គ្រាន់​តែ​បន្ទាប់បន្សំ ឬ​គ្រាន់​តែ​ចង់​បាន​ឲ្យ​បាន​ច្បាស់ បើ​អ្នក​មិន​ចង់​គ្មាន​សល់​លុយ​សោះ​ក្នុង​ខ្លួន។

៣. រៀន​បដិសេធន៍​ខ្លះ

បើ​មួយ​អាទិត្យ ផឹក​ស៊ី ជប់លៀង ទាំង​មួយ​អាទិត្យ​នោះ កុំ​ថា​ឡើយ​លុយ​សន្សំ មិន​ស្រួល​ជំពាក់​គេ​ថែម​ទៀត ដូច្នេះ​អ្នក​ត្រូវ​រៀន​បដិសេធន៍​នូវ​ការ​បបួល​ខ្លះ។ យក​លេស​រវល់​ខ្លះ​ក៏​បាន កុំ​ឲ្យ​តែ​អត់​សោះ​ទៅ​បាន​ហើយ ព្រោះ​បើ​ចេះ​តែ​ Okay រហូត​អ្នក​នឹង​គ្មាន​សល់​លុយ​នឹង​គេ​ឡើយ។

៤. រៀន​កាត់ចិត្ត​ឲ្យ​ដាច់​

ត្រូវ​កាត់ចិត្ត​បី​អ្វី​ដែល​អ្នក​ចង់​បាន​ខ្លះ​ទើប​អាច​សន្សំ​លុយ​បាន ព្រោះ​បើ​ចេះ​តែ​កាត់​មិន​បាន​អ្នក​នឹង​ដកលុយ​ទិញ​វា​មិន​ខាន។ របស់​ស្អាត របស់​ល្អ​អ្នក​ណា​ក៏​ចង់​បាន​ដែរ តែ​ពេល​ខ្លះ​អ្នក​ត្រូវ​រៀន​កាត់ចិត្ត និង​មើល​ពី​លទ្ធភាព​ខ្លួន​ឯង​ខ្លះ។

៥. រក​ការងារ​បន្ថែម ឬ​វិនិយោគ​លុយ​ខ្លះ

ចង់​ឆាប់​មាន​លុយ ត្រូវ​មាន​ការងារ​ពីរ ព្រោះ​បើ​មាន​តែ​មួយ​អ្នក​នឹង​ពិបាក​ក្នុង​ការ​សន្សំ​លុយ។ គួរ​តែ​រៀន​យក​លុយ​ដែល​មាន​ខ្លះ​ទៅ​វិនិយោគ​លើ​ការរកស៊ី​ផ្សេង​ទៀត​ដើម្បី​បន្ថែម​ចំណូល។

លុយ​ជា​រឿង​សំខាន់​ព្រោះ​បើ​អ្នក​អាយុ​ច្រើន​ហើយ​គ្មាន​លុយ​សោះ​ក៏​មិន​កើតដែរ ព្រោះ​អ្នក​ត្រូវ​ចំណាយ​ច្រើន​ណាស់​ក្នុង​ជីវិត​រស់​នៅ។ សន្សំ​ខ្លះ​ពី​ពេល​នេះ​ទៅ​ក៏​ល្អ​ព្រោះ​នៅ​ពេល​ត្រូវ​ការ​អ្នក​មាន​លុយ​ជាប់​ខ្លួន​ខ្លះ៕​

ចុចអាន៖ធ្វើ​ការ​មួយ​ជាតិ​ក៏​មិន​មាន​ដែរ បើ​​នៅ​​ធ្វើ​បែប ៦​យ៉ាង​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម