មេរៀន​ជីវិត​ដែល​ខ្ញុំ​ទទួល​បាន​ពី​ឆ្នាំ​២០១៨ និង​ឆ្នាំ​កន្លង​ទៅ

  • 2019-01-09 07:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្លង​កាត់​ឆ្នាំ​២០១៨ និង​ឆ្នាំ​កន្លង​ផុត​ទៅ ខ្ញុំ​បាន​ទទួល​មេរៀន​ជីវិត​ជា​ច្រើន៖

១. អាយុ​កាន់​តែ​ច្រើន មិត្ត​ភ័ក្ដិ សាច់​ញាតិ ឬ​អ្នក​ដែល​ធ្លាប់​តែ​ស្គាល់​គ្នា​ពី​មុន​មក​ប្រែ​កាន់​តែ​តិច​ទៅៗ ហើយ​មនុស្ស​ដែល​អាច​ចែក​រំលែក​រឿង​ក្នុង​ចិត្ត​ជាមួយ​ក៏​មាន​កាន់​តែ​តិច​ឡើងៗ

២. ខ្ញុំ​រៀន​ចេះ​បណ្ដោយ​រឿង​ឱ្យ​ទៅ​តាម​ពេល​វេលា រៀន​យល់​ពី​រឿង​រ៉ាវ​ឱ្យ​បាន​លម្អិត​ជាង​មុន មិនថា​រឿង​គួរ​ឱ្យ​ខឹង​ប៉ុណ្ណា រឿង​គួរ​ឱ្យ​អាណិត​ប៉ុណ្ណា​ គឺ​សុទ្ធ​តែ​មាន​ដើម​ហេតុ​ដើម​ទង​របស់​វា​រៀង​ខ្លួន

៣. ខ្ញុំ​​រៀន​ចេះ​ដាស់​តឿន​ខ្លួន​ថា ធ្វើ​ល្អ​​តែ​ចំពោះ​អ្នក​ដែល​គួរ​ទទួល​អំពើ​ល្អ​បាន​ហើយ ព្រោះ​អំពើ​ល្អ​ខ្លះ​នឹង​ប្រែ​ទៅ​ជា​ទោស​មក​វិញ​តាម​រយៈ​ពាក្យ​បក​ប្រែ​ដ៏​ស្ទាត់​ជំនាញ​របស់​អ្នក​ណា​ម្នាក់

៤. ​ពេលវេលា​ច្រើន​ឆ្នាំ​​បាន​បង្ហាញ​ឱ្យ​ខ្ញុំ​ឃើញ​សន្ដាន​ពិត​របស់​មនុស្ស​ដែល​ពី​មុន​មិន​ធ្លាប់​គិត​ដល់​សោះ

៥. មក​ដល់​​វ័យ​នេះ​ទើប​ខ្ញុំ​ដឹង​ថា មាន​តែ​ប៉ា​ម៉ាក់​ប៉ុណ្ណោះ! លោក​ទាំង​ពីរ​គឺ​ជា​អ្នក​ដែល​ផ្ដល់​ក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ និង​ហ៊ាន​លះបង់​ដើម្បី​ខ្ញុំ​បាន​ មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ

៦. ខ្ញុំ​ចេះ​ភ្ញាក់​រលឹក​ថា ការ​ធ្វេស​ប្រហែស​គឺ​អាច​នាំ​ទុក្ខ​ទោស​ដល់​ខ្លួន​ដោយ​ស្មាន​មិន​ដល់

៧. ច្រើន​ឆ្នាំ​មក​នេះ យើង​ម្នាក់​ៗ​ផ្លាស់​ប្ដូរ​ច្រើន​ណាស់ ពេល​ខ្លះ​ក៏​ចេះ​អត់ធ្មត់ ពេល​ខ្លះ​ក៏​ឆេវឆាវ ពេល​ខ្លះ​ក៏​អស់​សង្ឃឹម ពេល​ខ្លះ​ទៀត​ក៏​សើច​សប្បាយ! នេះ​ហើយ​ជីវិត កាល​ណា​យើង​ជួប​រឿង​ច្រើន យើង​នឹង​ដឹង​ថា​ខ្លួន​ឯង​អាច​រស់​នៅ​រឹង​មាំ​កម្រិត​ណា!

៨. ជីវិត​បាន​បង្រៀន​ខ្ញុំ​ថា មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​គាំទ្រ​នូវ​អ្វី​ដែល​យើង​ធ្វើ​ទាំង​អស់​នោះ​ទេ

៩. ច្រើន​ឆ្នាំ​កន្លង​មក​នេះ​បាន​បង្រៀន​ខ្ញុំ​ថា កុំ​ឱ្យ​ទៅ​បៀតបៀន​ជីវិត​អ្នក​ដទៃ ព្រោះ​សូម្បី​តែ​ខ្លួន​យើង​ក៏​ចង់​បាន​ជីវិត​របស់​ខ្លួន​ឯង​ដែរ

១០. របស់​ដែល​ជា​របស់​យើង​គង់​តែ​ធ្លាក់​ក្នុង​ដៃ​យើង តែ​របស់​ដែល​មិន​មែន​ជា​របស់​យើង ទោះ​ខំ​យ៉ាង​ណា​ក៏​នៅ​តែ​មិន​អាច​បាន ឬ​ទោះ​បាន​ក៏​មិន​សុខ​ដែរ។

ទឹក​ទន្លេ​ហូរ​ទៅ​ហើយ​មិន​ដែល​វិល​ត្រឡប់​ក្រោយ​ទេ។ ជីវិត​យើង​ក៏​ដូច​គ្នា គ្មាន​ថ្ងៃ​វិល​មក​រក​ម្សិល​មិញ​ទេ ដូច្នេះ​គួរ​សាទរ​​អ្វី​សម្រាប់​ថ្ងៃ​នេះ និង​ត្រៀម​ខ្លួន​ទទួល​អ្វី​ដែល​ថ្មី​​​នៅ​ថ្ងៃ​ស្អែក​ទាំង​អស់​គ្នា!

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម