កុំទាន់សរសើរមនុស្សស្រីថាគេរឹងមាំ បើមិនធ្លាប់ឃើញគេឈឺចាប់បែបណា
- 2019-01-06 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំទាន់សរសើរមនុស្សស្រីថាគេរឹងមាំ បើមិនធ្លាប់ឃើញគេឈឺចាប់បែបណា
គ្មានមនុស្សស្រីណាដែលក្លាយជាមនុស្សរឹងមាំដោយគ្មានហេតុផលនោះទេ។ បើសិនជាអ្នកមិនធ្លាប់ឃើញគេធ្លាប់ឈឺចាប់ដល់កំរិតណានោះទេ កុំទាន់សរសើរគេអី។ គេតែងនិយាយគ្នាតៗថា នៅពេលមនុស្សស្រីជួបបុរសល្អម្នាក់ មួយជីវិតរបស់គេមិនចាំបាច់ធំដឹងក្ដីក៏បានដែរ។ រីឯមនុស្សស្រីដែលរឹងមាំ និងចាស់ទុំនោះ គឺមកពីគេជួបបុរសដែលមិនទាន់ល្អគ្រប់គ្រាន់។ ខ្ញុំគិតថាឃ្លានេះត្រូវម្យ៉ាងដែរ ព្រោះនៅពេលដែលមនុស្សស្រីរងរបួសផ្លូវចិត្តហើយ ទើបគេមានទម្លាប់រស់នៅដោយមិនត្រូវការអ្នកណាទាំងអស់។ មកដល់គ្រានេះ មនុស្សស្រីបានរឹងមាំជាងពេលណាៗទាំងអស់។
គេថាមនុស្សស្រីរឹងមាំវេទនាខ្លាំងណាស់ ព្រោះរាល់អម្រែក រាល់ទុក្ខសោកគឺសម្ងំលេបថ្ម លេបគ្រួសខ្លួនឯងទាំងអស់ សុខចិត្តលេបទឹកភ្នែកបញ្ច្រាសចូលក្នុងវិញ ក៏មិនចង់ឲ្យគេឃើញថាខ្លួនទន់ខ្សោយដែរ។ តែសួរថា ក្រោយការឈឺចាប់ទាំងប៉ុន្មាន បើនាងមិនរឹងមាំ នាងមិនជួយខ្លួនឯង មានអ្នកណាជួយនាងឬអត់? ឬក៏ត្រូវនៅចាំគេប្រទានក្ដីស្រលាញ់ ដែលពេលគេចង់យកវិញពេលណាក៏បាននោះ? ឬក៏ពេលដែលគេធ្វើបាបនាង នាងនៅតែអោបជើងគេ កុំឲ្យចេញទៅ ហើយបាត់បង់អស់តម្លៃខ្លួនឯងនោះ? សម្រាប់មនុស្សស្រីម្នាក់ នាងមិនអាចធ្វើបែបនេះឡើយ ព្រោះទោះស្រលាញ់ខ្លាំងប៉ុណ្ណា ក៏នាងនៅមានមនៈសិការខ្លួនឯងដែរ។
សម័យដែលមនុស្សស្រី ត្រូវដើរខាងក្រោយមនុស្សប្រុសគឺហួសហើយ ពេលនេះគឺនាងត្រូវដើរទន្ទឹម ឬពេលខ្លះដើរមុខក៏មាន ហើយអ្វីដែលសំខាន់នោះ គ្មានវត្តមានមនុស្សប្រុស គេនៅតែរស់បានដោយគ្មានបញ្ហា ព្រោះមនុស្សប្រុសជាអ្នកបង្រៀនឲ្យពួកគេរស់នៅបែបនេះ។ អាស្រ័យហេតុនេះ ពេលអ្នកឃើញមនុស្សស្រីរឹងមាំ កុំទាន់អាលប្រញាប់សរសើរ ព្រោះទម្រាំបានរឹងមាំដូចសព្វថ្ងៃ ប្រហែលជានាងធ្លាប់ទន់ខ្សោយ និងឈឺចាប់មិនតិចឡើយ៕
ចុចអានបន្ត៖ បើនៅតែខ្លាចឈឺចាប់ដូចពេលអតីតកាល ធ្វើម៉េចអាចជួបស្នេហ៍ពិតបាន?