ធ្វើការបានលុយតែមុខឆាប់ចាស់ ដោយសារមូលហេតុទាំងនេះ
- 2019-01-03 04:02:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើការបានលុយតែមុខឆាប់ចាស់ ដោយសារមូលហេតុទាំងនេះ
កាលពីអត់ទាន់មានការងារ ធុញទ្រាន់ណាស់ព្រោះគ្មានប្រាក់ខែចាយនឹងគេ តែដល់ពេលមានហើយ បែរជាសម្រស់អន់ថយទៅវិញ។ តើអ្នកដឹងអត់ថា មូលហេតុអ្វីបានជាការងារអាចធ្វើឲ្យអ្នកឆាប់ចាស់?
១. អង្គុយយូរ
តាមការសិក្សាបានបង្ហាញថា អង្គុយយូរនៅមួយកន្លែងអាចធ្វើឲ្យអ្នកឆាប់ចាស់ពិតមែន។ ដោយសារតែកោសិកាម្យ៉ាងឈ្មោះថា telomeres ថយចុះ ជាហេតុធ្វើឲ្យអ្នកវិវឌ្ឍទៅរកភាពចាស់លឿនជាងវ័យដល់ទៅ ៨ ឆ្នាំ។ អ្នកជំនាញបានបញ្ជាក់ទៀតថា សម្រាប់អ្នកអង្គុយធ្វើការយូរ ដើម្បីជៀសវាងកុំឲ្យមើលទៅចាស់ជាងវ័យ គួរហាត់ប្រាណឲ្យបាន ៣០ នាទីក្នុងមួយថ្ងៃ។
២. ធ្វើការយូរម៉ោង
ធ្វើការលើសពី ៥០ ម៉ោងក្នុងមួយសប្ដាហ៍ ងាយប្រឈមនឹងជំងឺរួមទាំងបញ្ហាសុខភាពផ្សេងៗ ដូចជាប្រឈមនឹងជំងឺបេះដូងដល់ទៅ ៤០% លើសពីមនុស្សធម្មតា នេះបើយោងតាមការស្រាវជ្រាវ ទិនានុប្បវត្តិនៃរោគរាតត្បាតរបស់អាមេរិក (American Journal of Epidemiology )។ ជាពិសេសស្រ្តីអាចប្រឈមនឹង ជំងឺរលាកសន្លាក់ ទឹកនោមផ្អែម និងមហារីកស្បែក។ មួយវិញទៀតបើអ្នកបន្តធ្វើការដល់យប់ជ្រៅ បញ្ហាគេងមិនស្កប់ ខួរក្បាល និងការចងចាំចុះអន់ថយ មុខឆាប់ចាស់ នឹងកើតឡើងចំពោះអ្នកជាក់ជាមិនខាន។
៣. អង្គុយលើកៅអីមិនបានត្រឹមត្រូវ
បើអ្នកមិនចង់កោងខ្នងដូចយាយចាស់ ត្រូវទម្លាប់កែប្រែការអង្គុយឡើងវិញ។ លោកគ្រូពេទ្យKenton Fibel, MD នៃវិទ្យាស្ថាន physician រដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា ការអង្គុយមិនបានត្រឹមត្រូវល្អ បានដាក់សម្ពាធលើសាច់ដុំនិងសន្លាក់ធ្វើកាហួសកម្លាំង បណ្តាលឲ្យរាងកាយទាំងមូលខ្សោះខ្សោយនឿយហត់។ អង្គុយធ្វើការពេញមួយថ្ងៃ ក៏អាចធ្វើឲ្យឈាមរត់មិនស្រួល ស្បែកឆាប់លេចចេញសរសៃដូចមនុស្សចាស់។
៤. ភ្នែកសម្លឹងកុំព្យូទ័រច្រើន
តាមការពិតជាក់ស្តែង មានមនុស្សដល់ទៅ៦០% ជួបបញ្ហាភ្នែក ភ្នែកស្ងួត ឈឺក្បាល ស្រវាំង ឈឺឆ្អឹងកនិងស្មាជាដើម ដោយសារតែខំប្រឹងសម្លឹងអេក្រង់កុំព្យូទ័រយូរពេក។ បញ្ហានេះដែរភាគច្រើនកើតឡើងតែចំពោះមនុស្សចាស់វ័យលើសពី៥០ឆ្នាំប៉ុណ្ណោះ ព្រោះវ័យនេះការផលិតទឹកភ្នែកបានថយចុះ។ ដើម្បីការពារភ្នែកឲ្យបានត្រឹមត្រូវ គួរប្រើច្បាប់២០-២០-២០ មានន័យថារាល់២០នាទី ត្រូវក្រលៀសភ្នែកចេញពីអេក្រង់ សម្លឹងរបស់ណាដែលនៅឆ្ងាយពីអ្នក២០ហ្វូត (៦ម៉ែត្រ) ឲ្យបាន២០វិនាទី។
៥. មិនត្រូវគ្នាជាមួយមិត្តរួមការងារ
ពេលដែលអ្នកមានជម្លោះជាមួយនរណាម្នាក់នៅកន្លែងធ្វើការ ហើយមិនអាចដោះស្រាយបាន វានឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ បរិយាកាស និងការងាររបស់អ្នកជារៀងរាល់ថ្ងៃ។ អ្នកក៏អាចដេកមិនលក់ មានអាកប្បកិរិយាមិនល្អ ធ្វើឲ្យស្បែកប្រែប្រួលរហ័ស ឆាប់ជ្រីវជ្រួញ ដោយសារតែសម្រាកមិនបានគ្រប់គ្រាន់ កោសិកាមិនអាចជួសជុលសារជាថ្មីឡើងវិញ៕
ចុចអានបន្ត៖ ដើម្បីកុំឲ្យឆាប់ចាស់ក្មេងហៅយាយ គួរចោលទម្លាប់អាក្រក់ប្រចាំថ្ងៃទាំងនេះ