ប្រាក់​​​ខែ​​មិន​សូវ​​​​ច្រើន​ ក៏​ធ្វើ​​ការ​​​​យ៉ាង​​​​សប្បាយ​​​​​ដោយ​​គន្លឹះ​​​៥​​យ៉ាង​​​​នេះ​

  • 2019-01-01 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​​​មិន​​​តិច​ទេ​​​​ ឲ្យ​តែ​​​នឹក​​ឃើញ​​ដល់​​កន្លែង​​ការងារ​​ម្តងៗ​​ ​តែង​​មាន​អារម្មណ៍​​​ថា ធុញ ខ្ជិល ចង់​​ធ្វើ​អ្វី​​​​​​ផ្សេង​​​​​ក្រៅ​​ពី​ទៅ​​ធ្វើ​​ការ​ឲ្យ​គេ។ ពេល​ខ្លះ​​​​ស្មុគស្មាញ មិន​​​សប្បាយ​​ជាមួយ​​ការងារ​ ចៅហ្វាយ ឬ​​​អ្នក​ធ្វើ​ការ​​ជាមួយ​​​​ជាដើម។ ​​​​និយាយ​​​​រួម​ទៅ បរិយាកាស​នៅ​​ជុំវិញ​​ខ្លួន ​​​ដូច​​​​ជា​​​មិន​​អំណោយ​​ផល​ទាល់​តែ​​​សោះ​​​​​​​​។ ទោះ​​មិន​​​ចង់​ ក៏​​វា​ជា​​​​​​កាតព្វកិច្ច​​ទៅ​​ហើយ ដូច្នេះ​​​​​​​​​​បើ​​​​ចង់​ធ្វើ​​​កិច្ច​​ការ​អ្វី​មួយ​​​​​រលូន​​ជោគជ័យ លុះ​ត្រា​​តែ​អ្នក​​​ពេញចិត្ត​​​នឹង​ធ្វើ​​វា។ ដើម្បី​​​ដឹង​​ថា​​​​ ធ្វើ​ការ​​​បែប​​ណា​ទើប​​អាច​​​​​សប្បាយ​ចិត្ត​​ហើយ​គ្មាន​​សម្ពាធ​ គួរ​​​​ដឹង​​គន្លឹះ​​​៥​យ៉ាង​​​​​ខាង​ក្រោម​នេះ​​​​​​សិន។​

១. ស្រលាញ់​​​ឲ្យ​​​តម្លៃ​​​ការងារ​​ដែល​អ្នក​​កំពុង​​ធ្វើ

ប្រសិន​​បើ​អ្នក​​ចេះ​​​ស្រលាញ់​​​​​ឲ្យ​​​តម្លៃ​​​ការងារ​​ដែល​អ្នក​​កំពុង​​ធ្វើ​ អ្នក​​​​នឹង​​មាន​​​​កម្លាំង​​ចិត្ត​​តស៊ូ​​​​បន្ត​​​​​ទៅ​មុខ​​​​ទៀត ចំណែក​​ឯ​​លទ្ធផល​​​​​នៃ​​​ការងារ​​​​​​​វិញ​​​ក៏​​ល្អ​​ប្រសើរ​​គួរ​ឲ្យ​​ស្ញប់ស្ញែង។ ​​​​​កាលណា​​​អ្នក​ធ្វើ​​វា​​ដោយ​​បង្ខំ​​ចិត្ត​ សម្ពាធ​​​​នឹង​កាន់​កើន​ឡើង​​តែ​​ខ្ពស់ ការងារ​​មិន​​រីក​​ចម្រើន ​​​​​ថែម​ទាំង​​​មាន​អារម្មណ៍​​ហត់​​នឿយ​​​​ចង់​​បោះ​​បង់​​ចោល។

២. ផ្លាស់​ប្តូរ​​​​​​​​ការ​គិត

​​ព្រឹក​ឡើង​​បើក​​​ភ្នែក​​ភ្លាម ដាច់​​​ខាត​​កុំ​​យក​​​រឿង​​សៅ​​​​ហ្មង​​​ដាក់​​ខ្លួន។ កុំ​ប្រកាន់​​គំនិត​​​ថា ​​​ធ្វើ​​ការ​​​​ស៊ី​​ប្រាក់​​ខែ​គេ មិន​​ដឹង​ថ្ងៃ​ណា​ទើប​​មាន ប៉ុន្តែ​​ត្រូវ​គិត​​ថា អ្នក​មាន​សមត្ថភាព ​​​អាច​​រក​លុយ​​​​​ដោយ​​​​​​ខ្លួន​ឯង​ ហើយ​​អ្នក​​ក៏​បាន​​បទពិសោធន៍​ថ្មីៗ​ជា​​ច្រើន​​ ទុក​​​​សម្រាប់​អភិវឌ្ឍ​​ខ្លួន​​​​ទៅ​​​ថ្ងៃ​​មុខ​​​ផង​​ដែរ។

៣. ព្យាយាម​​​អភិវឌ្ឍ​​​ខ្លួន​​​​ជា​​រៀង​​រាល់​​ថ្ងៃ

​​​​​​​​​​​​​​​​ស្វះ​ស្វែង​​​​​រៀន​​​អ្វី​​​​ថ្មីៗ ​​​​សួរ​នាំ​​​​​​ត្រង់​​​​ចំណុច​​ណា​ដែល​​អ្នក​មិន​យល់ ឬ​គិត​​​ថា​​​ចង់​​​ដឹង​​​បន្ថែម។ ការ​​​​​ខំប្រឹង​​ព្យាយាមអភិវឌ្ឍ​​​ខ្លួន​​​​ជា​​រៀង​​រាល់​​ថ្ងៃ ធ្វើ​ឲ្យ​អ្នក​​​មិន​​ធុញ​ទ្រាន់​​នឹង​​ការងារ ព្រោះ​អ្នក​​អាច​​រៀន​​​​សូត្រ​​ពី​អ្វី​​ដែល​អ្នក​​ពុំ​ធ្លាប់​​ដឹង​​​ពី​​មុន​មក។

៤. មិន​​និយាយ​​ដើម​គ្នា​​​​នៅ​​​កន្លែង​​​​ធ្វើ​​ការ

​​​ចង់​​ចេះ​​​ចង់​​ដឹង​​ពី​​​ការងារ តែ​​​មិន​​បាច់​​​​ចង់​​​ដឹង​ពី​​រឿង​​ផ្ទាល់​​ខ្លួន​​​របស់​​​​​​​​​​​​អ្នក​​នៅ​​​កន្លែង​​​ធ្វើ​​​ការ​​ក៏​​​​បាន​​ដែរ ព្រោះ​​​​​​​ជីវិត​​​មនុស្ស​​ម្នាក់​​​ៗ​​​​​​មាន​ភាព​​​ខុសៗ​គ្នា មាន​​​​​​រឿង​​​រ៉ាវ​​​កើតឡើង​​ផ្សេងៗ​គ្នា​ ដូច្នោះ​​​​រវល់​​​ខ្វាយ​​ខ្វល់​​ពី​​​​​រឿង​​​​ផ្ទាល់​​​​ខ្លួន ប្រសើរ​​​​ជាង​​​​យក​​បញ្ហា​អ្នក​​ដទៃ​​មក​​​វិភាគ​​​​​​​វែង​​ឆ្ងាយ។

៥. ​ធ្វើ​​​ការ​​ដោយ​មាន​​កំណត់​​​​​គោល​​ដៅ

​អ្នក​​​​មិន​មែន​​ធ្វើ​​ការ​​តែ​មួយ​​ថ្ងៃ​​​ទេ ត្រូវ​អត់? ​ហេតុ​​​​នេះ​​ហើយ ​​ត្រូវ​​​ចេះ​​​កំណត់​​គោល​​ដៅ ​​​​​ដឹង​​​​​ថា​​​ត្រូវ​​​សន្សំ​​​ប្រាក់​​ខែ​​​​ដោយ​​​របៀប​​ណា ទើប​​​អាច​​បំពេញ​​​​​តម្រូវ​​ការ​​​ដែល​​​​​​​អ្នក​​​ចង់​បាន ឬ​អាច​​យក​​​​ទៅ​លៃលក​​​​ធ្វើ​​អ្វី​​ផ្សេង​​​​​​​​​នា​​ថ្ងៃ​​អនាគត ​នោះ​​អ្នក​​​នឹង​​អាច​​រីក​​រាយ​ជាមួយ​​​ការងារ​​​​ដែល​​កំពុង​​ធ្វើ​ និង​​​​​​ខិត​​ខំ​​ដើម្បី​​ទទួល​​​​​​​​បាន​​លទ្ធផល៕​​​​​​​​​​​​

ចុចអានបន្ត៖ ១១​ច្បាប់​សម្រាប់​មនុស្ស​មាន​មារយាទ​ល្អ ​ថ្លៃថ្នូរ​ក្នុង​សង្គម​

អត្ថបទ៖ ដេត ឈុនអ៉ី