​​ពិបាក​​​ចិត្ត​​យំ​​ចុះ​​មិន​​ខុស​ទេ ព្រោះ​​​យំ​ក៏​មាន​​​​​​អត្ថប្រយោជន៍​​​​​ច្រើន​ណាស់​ដែរ

  • 2018-12-18 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​យើង​តែង​​តាំង​​​​ចិត្ត​​​​ធ្វើ​ខ្លួន​ឲ្យ​រឹង​មាំ​គ្រប់​ពេល មិន​​ហ៊ាន​​​បង្ហាញ​​​​​​ពី​ទុក្ខ​​​ក្រៀមក្រំ​​ មិន​ហ៊ាន​​បង្ហូរ​ទឹក​ភ្នែក​ឲ្យ​​គេ​ឃើញ​ ព្រោះ​ខ្លាច​គេ​​ចោទ​ថា​ជា​មនុស្ស​ទន់​ខ្សោយ​។ ការ​ពិត​ជាក់​ស្តែង​នោះ ​​​​​កាន់​តែ​លាក់​ គឺ​កាន់​តែ​​បៀម​​ទុក្ខ ថែម​ទាំង​​ទន់​ខ្សោយ​ជាង​មុន​ទៅ​ទៀត។ ឈាន​​ដល់​ដំណាក់​កាល​​បែក​បាក់​ស្នេហា ឬ​ខូច​ចិត្ត​​ដោយ​សារ​រឿង​អ្វី​​មួយ​ក៏​ដោយ បើ​ចង់​យំ​​​​មិន​​បាច់​​ទប់​​នាំ​ស្ទះ​ទ្រូង​ទេ ​យំ​ឲ្យ​អស់​​ចិត្ត ព្រោះ​ពេល​យំ​​​ទៅ​ក៏​​មាន​អត្ថប្រយោជន៍​​​​អាច​ជួយ​អ្នក​​បាន​ច្រើន​យ៉ាង​​ផង​ដែរ។

១. អ្នក​បាន​ប្រឈម​មុខ​​​​នឹង​អារម្មណ៍​ពិត​របស់​ខ្លួន

ប្រសិន​បើ​អ្នក​អាច​ប្រឈម​មុខ​​​​នឹង​អារម្មណ៍​ពិត​របស់​ខ្លួន​​​​​ឯង​​បាន​ មាន​ន័យ​ថា​​​អ្នក​កំពុង​តែ​​ព្យាយាម​បន្ត​ដំណើរ​ទៅ​មុខ​​​​​​​ ងើប​ឈរ​ឡើង​វិញ​បន្ទាប់​​ពី​យំ​​អស់​​ចិត្ត​ហើយ។ ថ្វី​ត្បិត​​តែ វា​ជា​អារម្មណ៍​មួយ​​ដែល​មិន​គួរ​បង្ហាញ​ទៅ​អ្នក​ដទៃ ប៉ុន្តែ​​អាច​​បង្ហាញ​ទៅ​កាន់​​មនុស្ស​ដែល​​ស្និទ្ធស្នាល​ជាមួយ​អ្នក​ជាង​គេ​។ បែប​នេះ​ ទើប​អ្នក​អាច​បើក​ចិត្ត ព្រម​ទទួល​​អ្វី​ដែល​ល្អ​ថ្មីៗ​​​ សម្រាប់​ជីវិត។​

២. ជំរុញ​ឲ្យ​​​បង្កើត​​គំនិត​ច្នៃ​ប្រឌិត

​​ការ​ឆ្លង​កាត់​ភាព​​តស៊ូ​លំបាក​​កន្លង​មក​ នឹង​នាំ​អ្នក​​​ឲ្យ​​​មាន​គំនិត​​​ច្នៃ​ប្រឌិត​ថ្មី​​ប្លែក​ពី​គេ​​​​។ តើ​​អ្នក​​​ធ្លាប់​​សង្កេត​​​ឃើញ​ទេ ភាគច្រើន​អ្នក​​​តាក់​តែង​និពន្ធ មិន​ថា​​តន្ត្រី​ឬ​​រឿង​ភាគ​​ឡើយ ពួក​គេ​​បាន​ធ្លាប់​ជួប​​រឿង​ជូរចត់​​ច្រើន ហើយ​បាន​​ច្នៃ​ប្រឌិត​វា​ទៅ​ជា​សាច់​រឿង​ ដើម្បី​លើក​ទឹក​ចិត្ត មនុស្ស​គ្រប់​គ្នា​ឲ្យ​​ដឹង​ថា​ អ្នក​មិន​ឯកា​នោះ​ទេ ព្រោះ​លើ​លោក​នេះ​​​​បញ្ហា​​មិន​មែន​កើត​ឡើង​តែ​ចំពោះ​អ្នក។

៣. បន្សាយ​ជាតិ​ពុល​​​ក្នុង​ខ្លួន

ពេល​អ្នក​​​បង្ហូរ​ទឹក​ភ្នែក​ដែល​កើត​ចេញ​ពី​​​​​ទុក្ខ​ក្រៀម​ក្រំ​​ឲ្យ​អស់​ វា​​នឹង​ធ្វើ​​ឲ្យ​អ្នក​ជៀស​ផុត​ពី​សារធាតុ​អាក្រក់​ម្យ៉ាង​ឈ្មោះ​ថា ក័រទីសុល​ (cortisol) ដែល​​អាច​​បណ្តាល​ឲ្យ​អ័រម៉ូន​​នៃ​ភាព​ស្រ្តេស​​កើន​ឡើង។

៤. ជំរុញ​ឲ្យ​មាន​ការ​ផលិត​​អង់ដូហ្វីន

​​​​​​​​​​​​​​​ធ្លាប់​តែ​ឮ​ថា​​​អង់​ដូហ្វីន​អាច​ផលិត​ចេញ​​​មក​បាន​ លុះ​ត្រា​តែ​អ្នក​​ធ្វើ​​លំហាត់​ប្រាណ​។ វា​ជា​សារធាតុ​ម៉្យាង​ដែល​ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ​​។ យ៉ាង​ណា​មិញ​ ​​តាម​ការ​សិក្សា​​បាន​បង្ហាញ​ថា សូម្បី​តែ​​​យំ​ក៏​អាច​​ផលិត​អង់ដូហ្វីន​បាន​ដែរ​។ វា​ប្រៀប​បាន​នឹង​​​​​ថ្នាំ​ធម្មជាតិ​​ ដែល​ជួយ​បំបាត់​​​ភាព​​ឈឺ​ចាប់ ជា​ពិសេស​​​វា​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​អ្នក​ឆាប់​គេង​លក់ សម្រាប់​អ្នក​​ដែល​យំ​នៅ​ពេល​​យប់​។​​

​មាន​ធ្លាប់​អីចឹង​ដែរ​អត់?

​****យ៉ាង​ណា​ក៏​ដោយ ​ទោះ​បី​យំ​មាន​អត្ថប្រយោជន៍​​ច្រើន​ពិត​មែន ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ អ្នក​ត្រូវ​តែ​យំ​នោះ​ទេ។ ក្នុង​​ស្ថានភាព​​ពិបាកចិត្ត​ខ្លាំង យំ​សិន​ចុះ​មិន​អី​ទេ​ តែ​ប្រញាប់​ឈប់​ផង ព្រោះ​​​​​មាន​រឿង​​ល្អៗ​​​រាប់​មិន​អស់​កំពុង​តែ​រង់​ចាំ​អ្នក៕**​​​​​

ចុចអានបន្ត៖

ប្រភព៖ lifehack ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម