វិធីវៃឆ្លាត ការពារមិនឲ្យគេកេងប្រយោជន៍លើទឹកចិត្តល្អស្មោះត្រង់របស់អ្នក
- 2018-12-17 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីវៃឆ្លាត ការពារមិនឲ្យគេកេងប្រយោជន៍លើទឹកចិត្តល្អស្មោះត្រង់របស់អ្នក
ពិតហើយ ដំបូងត្រូវគោរពខ្លួនឯងជាមុនសិន ទើបអ្នកដទៃចេះគោរពអ្នកវិញដូចគ្នា។ កើតមកធ្វើជាមនុស្សដែលមានទឹកចិត្តល្អស្មោះត្រង់ ប៉ុន្តែត្រូវសង្កេតមើលតាមកាលៈទេសៈ ពេលណាគួរជួយ ពេលណាគួរប្រកែក ដើម្បីការពារខ្លួន មិនឲ្យអ្នកដទៃកេងប្រយោជន៍ពីអ្នកបាន។
គិតឲ្យបានច្បាស់មុនហាមាត់ព្រមជួយគេ
បើមានមិត្តភ័ក្ដិឬនរណាផ្សេងសុំពឹងឲ្យជួយ ត្រូវគិតឲ្យបានច្បាស់លាស់សិន មុនឆ្លើយថា "អូខេ ខ្ញុំអាចជួយបាន"។ ទោះមានទឹកចិត្តល្អ ក៏គួរចេះប្រកែកនូវរឿងណាដែលអាចនាំឲ្យខាតបង់ អំពល់ទុក្ខដាក់ខ្លួន។
កំណត់ដែនកំណត់នៃការជួយ
បើអ្នកមិនអាចនិយាយប្រកែកបានទេ វិធីដ៏ល្អគឺជួយដែរប៉ុន្តែមានដែនកំណត់។ ឧទាហរណ៍ថា មានមិត្តជិតស្និទ្ធ ត្រូវការខ្ចីលុយពីអ្នក សួរតាមត្រង់តែម្តងទៅ ថាចំនួនប៉ុន្មានសមរម្យនឹងលទ្ធភាពដែលអ្នកមាន។
និយាយប្រាប់នរណាដែលយល់ច្បាស់ពីអ្នកជាងគេ
វាពិតជាពិបាកណាស់សម្រាប់មនុស្សចិត្តល្អ ក្នុងការនិយាយប្រកែកមិនជួយ។ អ្នកថែមទាំងមានអារម្មណ៍ ក្រែងចិត្តនៅមិនសុខក្នុងខ្លួន ព្រោះខួរក្បាលម្ខាងគិតថា ខ្លួនឯងជាមនុស្សចិត្តអាក្រក់ ឯខួរក្បាលម្ខាងទៀតដឹងថាគេក្រឡាលើចង់កេងប្រវ័ញ្ច។ ហេតុនេះគួរស្វែងរកដៃគូពិភាក្សាដែលយល់ចិត្តអ្នកបំផុត ដើម្បីនិយាយបញ្ជាក់ថា គ្រាន់តែមិនអាចជួយគេ អ្នកមិនមែនជាមនុស្សអាក្រក់ឡើយ តែមនុស្សឆ្លាតទៅវិញទេ។
បណ្តោយឲ្យគេខឹងចុះក៏មិនអីដែរ
អ្នកខ្លះរាប់អានគ្នា មើលឃើញតែផលប្រយោជន៍។ ប្រសិនបើអ្នកមិនអាចឲ្យអ្វីដែលគេចង់បាននោះទេ គេប្រាកដជាខឹងជាក់ជាមិនខាន ប៉ុន្តែគ្មានអ្វីត្រូវខ្វល់ចិត្តផង មនុស្សបែបនេះ ចង់ខឹងក៏ខឹងចុះ។ នៅឲ្យឆ្ងាយពីមនុស្សខ្សែលើ រាប់អាននរណាដែលមិនខ្ជះខ្ជាយពេលវេលា ទ្រព្យសម្បត្តិ និងឱកាសល្អរបស់អ្នក ទើបជីវិតរីកចម្រើន៕
ចុចអានបន្ត៖ មាន ៨ ចំណុចនេះបញ្ជាក់ថាអ្នកជាមនុស្សមានភាពឆ្លាតវៃខ្ពស់ម្នាក់ហើយ