រកឯណាបានដូច Fan Bingbing នៅតែផ្ទះក៏កើបលុយកន្លះលានដុល្លារ ព្រោះឈ្នះបណ្ដឹង

  • 2018-12-15 05:49:08
  • ចំនួនមតិ 9 | ចំនួនចែករំលែក 72

ក្រោយរឿងអាស្រូវគេចពន្ធកើតឡើង កំពូលតារាសម្ដែងស្រីចិន Fan Bingbing មិនទាន់មានការងារថ្មីនៅឡើយទេ តែចំណូលរបស់នាងនៅតែកើនឡើងដោយសារឈ្នះរឿងបណ្ដឹងជាច្រើន ដែលម៉ាកយីហោផ្សេងៗយករូបភាពនាងប្រើខុសច្បាប់។

ទស្សនិកជនជាច្រើនបានមានចម្ងល់ថា ក្រោយពេលត្រូវរដ្ឋពិន័យលុយគេចពន្ធប្រមាណ១៥០លានដុល្លាររួចមគ តើតារាសម្ដែងស្រីជួរមុខចិន Fan Bingbing អាចក្ស័យធនឬអត់ ត្បិតមួយរយៈនេះ គេមិនបានឃើញនាង មានសកម្មភាពសិល្បៈ ឬក៏ទទួលគម្រោងអ្វីថ្មីនោះទេ។ យ៉ាងណាក្ដី អ្នកគាំទ្រហាក់បានធូរចិត្តបន្តិចនៅពេលដឹងថា រាជិនីទូរទស្សន៍នៅតែមានលុយចូលជារឿយៗ។

តាមនោះដែរ ក្នុងរយៈពេលតែ៨ថ្ងៃ ស្រីស្អាតវ័យ៣៧ឆ្នាំបានលុយបាន ៣លានយាន់ (កន្លះលានដុល្លារ) ដោយសារឈ្នះបណ្ដឹង។ ជាក់ស្ដែង ទោះបីជាកេរ្តិ៍ឈ្មោះរបស់តួរឿង “ព្រះនាងយេយេ” ត្រូវប៉ះពាល់ខ្លាំងក្រោយរឿងអាស្រូវក្ដី តែនៅតែមានម៉ាកយីហោតូចធំ បានយករូបភាពនាងមកប្រើមិនស្របច្បាប់ ពោលគឺគ្មានចុះកិច្ចសន្យាធ្វើជាអ្នកតំណាងអ្វីទាំងអស់។ រយៈពេលពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែធ្នូ មានក្រុមហ៊ុន៥ដែលប្រើរូប Fan Bingbing ខុសច្បាប់ ហើយនាងបានឈ្នះក្ដីទាំង៥រឿងតែម្ដង។ ដោយលុយឈ្នះបណ្ដឹងទាំងអស់បានឡើងដល់កន្លះលានដុល្លារ។ ដូចនេះ ទោះបីជានៅតែផ្ទះ ក៏តារាសម្បូររឿងអាស្រូវនៅតែមានលុយហូរចូលឆឹបៗមិនដាច់៕

ចុចអាន៖ទិន ហ្វី បង្ហាញ​ខ្លួន​ចាស់​ខ្លាំង​ក្នុង​កម្មវិធី​ថ្មី ក្រោយ​បាត់​មុខ​យូរ​ខែ

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel