មិនចង់ឆាប់បែកបាក់គ្នា ម្នាក់ៗគួរមានចំណុចទាំងនេះរៀងៗខ្លួន
- 2018-11-27 07:37:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ឆាប់បែកបាក់គ្នា ម្នាក់ៗគួរមានចំណុចទាំងនេះរៀងៗខ្លួន
ចំណងស្នេហ៍គង់វង្សគឺជាអ្វីដែលគូរស្នេហ៍គ្រប់គ្នាចង់បាន ប៉ុន្តែពេលខ្លះមាត់ចេះតែថាចង់ តែអ្នកមិនដែលបញ្ចេញសកម្មភាពអីបន្តិចឡើយ។ បើសិនជាអ្នកតាំងចិត្តថាចង់ចងស្នេហាអ្នកឲ្យបានជាប់យូរអង្វែងនោះ ថ្ងៃនេះ កញ្ញា នឹងបង្ហើបនូវតិចនិចមួយចំនួនដែលអាចជួយឲ្យស្នេហាអ្នកកាន់តែផ្អែមល្ហែម និងរស់នៅបានយូរជាមួយអ្នក ៖
១. គិតអារម្មណ៍គ្នាទៅវិញទៅមក
ដាក់អារម្មណ៍គេក្នុងអារម្មណ៍អ្នក បើអ្នកមិនចង់បានអីដែលគេឲ្យនោះ អ្នកក៏មិនគួរធ្វើរឿងនោះដាក់គេដែរ។ ត្រូវចេះគិតគូរថ្លឹងថ្លែងអារម្មណ៍គ្នាទៅវិញទៅមក មិនមែនធ្វើអីគិតតែពីខ្លួនឯងនោះទេ។
**២. អត់ធ្មត់រវាងគ្នានឹងគ្នា**
ចំណុចនេះសំខាន់ខ្លាំងណាស់ព្រោះមនុស្សយើងតែងមានកំហុស ការលើសលោះ ការថ្នាំងថ្នាក់នឹងគ្នា តែបើស្នេហាអ្នកមានការអត់ធ្មត់នោះ វានឹងប្រសើើរឡើងវិញ។ រឿងខ្លះអត់បានក៏អត់ទៅ រឿងខ្លះអត់ទោសបានក៏អត់ទៅ អ្វីដែលសំខាន់គឺការដឹងកំហុស នឹងផ្ដល់តម្លៃឲ្យគ្នា។
៣. ផ្ដល់ពេលវេលាឲ្យគ្នា
ពេលវេលានេះមួយគឺសំខាន់ណាស់សម្រាប់ស្នេហា ទោះរវល់យ៉ាងណាក៏គួរតែរកពេលជួបគ្នា បង្កើនភាពផ្អែមល្ហែមជាមួយគ្នាុដែរ។ ម្យ៉ាងទៀតការ Call រកគ្នា ផ្ញើសាររកគ្នាគឺសុទ្ធតែរឿងដែលអ្នកត្រូវធ្វើ ព្រោះមិនបានជួបគ្នាក៏អាចនិយាយគ្នាតាមរយៈនេះដែរ។
៤. បំពេញកន្លែងដែលខ្វះខាត
បើអ្នកខ្វះភាពផ្អែមល្ហែមដាក់គ្នា អ្នកគួរតែចាប់ផ្ដើមបំពេញ និងកែប្រែវា ហើយបើអ្នកខ្វះការយកចិត្តទុកដាក់ គួរទេចាប់ផ្ដើុមខ្វល់ខ្វាយពីគ្នាឲ្យបានច្រើន។ បើដឹងថាខ្លួនឯង ឬដៃគូខ្វះខាតត្រង់ណាហើយ គួរតែបំពេញគ្នាទៅវិញទៅមក មិនមែនចាំតែចាប់កំហុសនោះទេ។
៥. រួមគ្នាដោះស្រាយបញ្ហា
បើអ្នកឈ្លោះគ្នា គួរតែលើកយកមកដោះស្រាយមិនមែនគេចចេញបាត់រៀងៗខ្លួននោះទេ។ ជជែកគ្នា ដោះស្រាយជាមួយគ្នា នេះទើបជាស្នេហាគំរូមួយ។
៦. រក្សាពាក្យសន្យា
ត្រូវគោរពពាក្យសន្យាដែលបានសន្យាជាមួយគ្នា ហើយបើដឹងថាខ្លួនឯងមិនអាចធ្វើបានទេកុំសន្យាខ្យល់អី។ ពេលខ្លះអ្នកបានតែមាត់ តែទង្វើវិញគឺសូន្យដែលជាហេតុធ្វើឲ្យម្ខាងទៀតអស់ជំនឿចិត្ត។
៧. ស្មោះត្រង់
កុំព្យាយាមលាក់បាំងគ្នាអី ព្រោះបើអ្នកចាប់ផ្ដើមមានការលាក់បាំង ការកុហកគ្នាហើយមិនយូរទេស្នេហាអ្នកនឹងត្រូវរលាយ។ មានរឿងអីក៏ដោយក៏គួរតែប្រាប់គ្នា និយាយគ្នា ជាពិសេសគឺកុំព្យាយាមកុហកដើម្បីមនុស្សម្នាក់ទៀតអី។
ទាំងនេះសុទ្ធតែជាចំណុចសំខាន់សម្រាប់ថែរក្សាស្នេហាអ្នក ព្រោះបើអ្នកឃ្លាតឆ្ងាយពីរឿងនេះហើយនោះស្នេហាអ្នកក៏មិនសូវជារីកចម្រើនប៉ុន្មានដែរ៕
ចុចអាន៖ខ្ញុំមិនត្រូវការបុរសឥតខ្ចោះនោះទេ គ្រាន់តែស្រឡាញ់ខ្ញុំឲ្យដូចខ្ញុំស្រឡាញ់គេទៅបានហើយ