មនុស្ស​ស្រី​​​​​​​លើ​លោក​មិន​ចាំបាច់​ត្រូវ​តែ​មាន​គូគ្រប់គ្នា បើ​មាន​ហើយ​ជីវិត​កាន់​តែ​វេទនា​ នៅ​លីវ​ល្អ​ជាង

  • 2018-11-25 08:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​មាន​គូ​ហើយ​ ជីវិត​កាន់​តែ​យ៉ាប់យ៉ឺន​ សុខ​ចិត្ត​នៅ​លីវ​ប្រសើរ​ជាង។ រក​មនុស្ស​ល្អ​មិន​បាន ​សុខ​ចិត្ត​អត់។

ការ​សិក្សា​មួយ​នា​ពេល​ថ្មី​ៗ​បាន​បង្ហាញ​ថា នារី​ៗ​នៅ​អាស៊ី​​ដែល​ជ្រើស​រើស​ជីវិត​នៅ​លីវ​មាន​ការ​កើន​ឡើង​រៀងរាល់​ឆ្នាំ។ ហេតុផល​ជា​ច្រើន​​កើត​ឡើង​ដោយ​សារ​ភាព​មិន​ស្មោះ​ត្រង់ អំពើ​ហិង្សា និង​ការ​មិន​ទទួល​ខុស​ត្រូវ​លើ​តួនាទី​របស់​ដៃ​គូ។

វិទ្យាស្ថាន​ស្រាវជ្រាវ​ប្រជាករ​និងសង្គម​របស់​ប្រទេស​ថៃ​បាន​ធ្វើ​ការ​ស្រាវជ្រាវ និង​រក​ឃើញ​ថា មនុស្ស​ស្រី​មួយ​ចំនួន​បាន​ជ្រើសរើស​ការ​រស់​នៅ​ម្នាក់​ឯង (រៀបការ​នៅ​អាយុ​ច្រើន នៅ​លីវ​បន្ត លែងលះ​ស្វាមី និង​មិន​យក​កូន) ដោយ​សារ​មូលហេតុ​​មួយ​ដែល​​អាច​​មក​ពី​ភាព​​ជា​អ្នក​​ដឹកនាំ​របស់​មនុស្ស​ប្រុស​មាន​ការ​ថយ​ចុះ មនុស្ស​ប្រុស​ធ្វើ​ខ្លួន​កាន់​តែ​ទន់​ជ្រាយ និង​ខ្វះ​ទំនួល​ខុស​ត្រូវ​ចំពោះ​គ្រួសារ។​

មាន​រឿង​និទាន​មួយ​ដំណាល​ថា

នៅ​លើ​ស្ពាន​ឈើ​តូច​​មួយ​មាន​គេ​សរសេរ​ផ្លាក​ថា “ចូរ​​ដើរ​ឲ្យ​ដល់​ត្រើយ​ដោយ​បិទ​ភ្នែក”។ បើ​អ្នក​ណា​អាច​ដើរ​ផុត​ស្ពាន​ដោយ​​មិន​ធ្លាក់ អ្នក​និង​គូ​ស្នេហ៍​របស់​អ្នក​នឹង​អាច​ក្លាយ​ជា​គូ​ព្រេង​នឹង​គ្នា​​ជា​រៀង​រហូត។ ដូច្នេះ​ហើយ​ទើប​មនុស្ស​ជា​ច្រើន​ព្យាយាម​មក​ដើរ​លើ​ស្ពាន​នេះ ម្ដង​ហើយ​ម្ដង​ទៀត ប៉ុន្តែ​ក៏​នៅ​តែ​ធ្លាក់​គ្រប់ពេល។ អ្នក​ខ្លះ​ដល់​ថ្នាក់​គិត​ថា ខ្ញុំ​ប្រហែល​គ្មាន​គូ​ព្រេង​នឹង​គេ​ទេ​ជាតិ​នេះ ប៉ុន្តែ​​ទី​បំផុត​ក៏​មាន​មនុស្ស​ម្នាក់​អាច​ឆ្លង​ផុត​ដល់​គោលដៅ ដោយ​មិន​ធ្លាក់។

អ្នក​គ្រប់គ្នា​ក៏​ចម្លែក​ចិត្ត​ហើយ​សួរ​ថា តើ​ដើរ​បែប​ណា​ទើប​មិន​ធ្លាក់។

ចម្លើយ​ដែល​បាន​ឮ​ ធ្វើ​ឲ្យ​គ្រប់គ្នា​ស្ងាត់​មាត់​ឈឹង។

​អ្នក​ឆ្លងផុត​នោះ​បាន​​ប្រាប់​ថា “ខ្ញុំ​លួច​បើក​ភ្នែក”។

សាក​គិត​ល​មើល ដើម្បី​សេចក្ដី​ស្នេហា មនុស្ស​គ្រប់​គ្នា​សុខ​ចិត្ត​ប្រថុយ​បិទ​ភ្នែក​ឆ្លង​ស្ពាន សុខ​ចិត្ត​បិទ​ភ្នែក និង​ធ្វើ​ជា​មិន​ឃើញ​ការ​ពិត​នានា ដែល​ចូល​មក។ គេ​​ប្រាប់​ឲ្យ​​យើង​បិទ​ភ្នែក​យើង​ក៏​​បិទ គេ​ប្រាប់​​ថា​ស្រលាញ់​ យើង​ក៏​ជឿ ដោយ​​មិន​មើល​ឲ្យ​ច្បាស់​ថា​អ្វី​ជា​ការ​ពិត។

វា​មិន​អាច​ទៅ​គោលដៅ​បាន​ទេ បើ​​មើល​មិន​ឃើញ​ផ្លូវ​នោះ។ នៅ​ពេល​ដែល​យើង​ស្រលាញ់​គ្នា​ដោយ​បិទ​ភ្នែក​បិទ​ត្រចៀក​ជិត​ឈឹង​នោះ វា​នឹង​ក្លាយ​ជា​ស្នេហា​ឆោត​ល្ងង់ និង​ខ្វះ​សតិ។

ដូច្នេះ​ហើយ​នៅ​ពេល​មាន​ស្នេហា សូម​សាកល្បង​បើក​ភ្នែក​សម្លឹង​មើល​ឲ្យ​បាន​វែង​ឆ្ងាយ កុំ​បណ្ដោយ​ឲ្យ​ស្នេហា​ធ្វើ​ឲ្យ​ភ្នែក​យើង​ខ្វាក់។ ទោះ​បី​យើង​បើក​ភ្នែក​ដើរ​ហើយ​ធ្លាក់ ក៏​វា​មិន​ឈឺ​ចាប់​ស្មើ​ការ​ធ្លាក់​មក​ទាំង​បិទ​ភ្នែក​ដែរ “ព្រោះ​យើង​ដឹង​ថា ធ្លាក់​មក​យ៉ាង​ម៉េច​ ទើប​ឈឺ​​តិច​បំផុត”។

ការ​បិទ​បេះដូង​មិន​ស្រលាញ់​អ្នក​ណា​សោះ មិន​មែន​ជា​ការ​ដោះស្រាយ​បញ្ហា ប៉ុន្តែ​ការ​​មាន​ស្នេហា​ដោយ​មាន​ភាព​វៃ​ឆ្លាត និង​មាន​សតិ​គ្រប់គ្រាន់ គឺ​ជា​ការ​ដោះស្រាយ​បញ្ហា​ដែល​ត្រឹមត្រូវ ៕

រូបភាព៖ ពិធីមង្គល សំអាងការ

ចុចអានបន្ត៖

ប្រភព៖ deejaiplus ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន