៨រឿងពីជីវិតគូ មនុស្សស្រីត្រូវដឹងជាចាំបាច់ មុនសម្រេចចិត្តរៀបការ
- 2018-11-17 06:28:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨រឿងពីជីវិតគូ មនុស្សស្រីត្រូវដឹងជាចាំបាច់ មុនសម្រេចចិត្តរៀបការ
ការរៀបការមិនមែនជារឿងលេងសើចនោះទេ។ ក្ដីស្រឡាញ់របស់អ្នកមិនមែនបញ្ឈប់ត្រឹមក្រោយការរៀបការនោះឡើយ ហើយវាមានរឿងជាច្រើនដែលអ្នកមិនទាន់បានដឹង និងត្រូវប្រឈមនៅថ្ងៃខាងមុខ។ ប៉ុន្តែប្រសិនបើយើងអាចដឹងបានថារឿងអ្វីខ្លះអាចនឹងកើតឡើងនៅពេលអនាគត យើងនឹងអាចត្រៀមខ្លួនបានកាន់តែល្អ និងអាចដោះស្រាយបញ្ហាបាន ព្រោះថាក្នុងជីវិតគូ គ្មានគូណាដែលល្អឥតខ្ចោះនោះឡើយ។
១. គ្មានអ្នកណាល្អគ្រប់១០ទេ
មិនត្រឹមតែអ្នកទេដែលសម្លឹងរកភាពឥតខ្ចោះពីដៃគូ ប៉ុន្តែដៃគូរបស់អ្នកក៏ប្រហែលគិតបែបនេះដូចគ្នា។ ប៉ុន្តែក្នុងលោកនេះគ្មានអ្នកណាល្អឥតខ្ចោះគ្រប់យ៉ាងឡើយ។ អ្នកទាំងពីរគួរតែនិយាយរឿងនេះជាមួយគ្នាឲ្យបានច្បាស់ ដោយឲ្យភាគីម្ខាងទៀតបានដឹងនិងទទួលយកទាំងចំណុចល្អ និងចំណុចអាក្រក់រៀងៗខ្លួន ហើយបើមានចំណុចខុសគ្នា ត្រូវព្យាយាមស្វែងរកផ្លូវកណ្ដាលបំផុត ដើម្បីកុំឲ្យមានភាពខកបំណងច្រើនទៅថ្ងៃមុខ។
២. អ្នកអាចមិនបាននៅជាមួយគ្នាគ្រប់ពេលទេ
បើអ្នកធ្លាប់ស្រមៃថា ក្រោយពីរៀបការហើយ អ្នកទាំងពីរនឹងអាចចំណាយពេលជាមួយគ្នាបានរហូត ដោយសារបានរើផ្ទះជាមួយគ្នានោះ គឺអ្នកគិតខុសហើយ។ ផ្ទុយទៅវិញអ្នកទាំងពីរនឹងមាននាទី និងភារៈការងារដែលត្រូវទទួលខុសត្រូវរៀងៗខ្លួន។ ការមករស់នៅជាមួយគ្នា មិនមែនមានន័យថាអ្នកនឹងបាននៅក្បែរគ្នារហូតទេ ដូច្នេះហើយត្រូវត្រៀមខ្លួនត្រៀមចិត្ត សម្រាប់ពេលខ្លះដែលអ្នកត្រូវនៅផ្ទះម្នាក់ឯង ដោយមិនខឹងសម្បារ។
៣. គ្មានអ្នកណាត្រូវបំផុត និងខុសបំផុតទេ
បញ្ហាជម្លោះនៅក្នុងជីវិតគូប្រាកដជាអាចកើតឡើង។ ការបិទភ្នែកម្ខាងបើកភ្នែកម្ខាងដើម្បីឲ្យជម្លោះឆ្លងផុតទៅបាន គឺជាអ្វីដែលពេលខ្លះ អ្នកត្រូវធ្វើ ព្រោះគ្មានអ្នកណាត្រូវបំផុត ឬខុសបំផុតទេ។ ក្នុងបញ្ហាមួយៗ ការយកឈ្នះមិនមែនជាជម្រើសល្អទេសម្រាប់ជីវិតគូ។
៤. អ្នកនឹងត្រូវដោះស្រាយបញ្ហាច្រើនពាក់ព័ន្ធនឹងលុយ
ក្រោយរៀបការ អ្នកនឹងត្រូវរ៉ាប់រងបញ្ហាលុយកាក់កាន់តែច្រើនសម្រាប់គ្រួសារ។ វាអាចមិនមែនជាបញ្ហាច្រើនណាស់ណានោះទេ បើអ្នកទាំងពីរចាយលុយរៀងខ្លួន ប៉ុន្តែបើអ្នកជាគូដែលគ្រប់យ៉ាងត្រូវដាក់ជាទ្រព្យរួម វាអាចនឹងមានបញ្ហាកើតឡើងបាន។ ដូច្នេះហើយត្រូវនិយាយគ្នាឲ្យបានច្បាស់លាស់ពីដំបូងអំពីការទុកដាក់លុយកាក់នេះ ដើម្បីអាចយោគយល់គ្នាបានល្អ។
៥. បញ្ហាគ្រួសារ ជាបញ្ហាឈឺក្បាល
ត្រូវយល់ថានៅពេលរៀបការរួចហើយ គ្មានផ្លូវដែលអ្នកអាចរស់នៅសោយសុខតែពីរនាក់នោះទេ ព្រោះទាំងគ្រួសារខាងអ្នក និងគ្រួសារខាងគេ នឹងមានចំណែកជាមួយគ្រួសារអ្នកទាំងពីរបើមិនតិចក៏ច្រើន។ ពេលខ្លះអាចនឹងមានរឿងគួរឲ្យឈឺក្បាល ឬសូម្បីតែរឿងបន្តិចបន្តួចក៏ល្មមឲ្យយើងធុញ ដូចជា ពួកគាត់មកសុំជំនួយលុយកាក់ ឬមកសួរនាំរឿងដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត ដែលសុទ្ធតែជាអ្វីដែលអ្នកត្រូវឆ្លងកាត់ និងដោះស្រាយឲ្យបានល្អ។
៦. មិត្តភ័ក្ដិបាត់មុខ
បើមិនតិចក៏ច្រើនដែរចំណុចនេះ ព្រោះនៅពេលអ្នកដើរដល់កំឡុងកសាងគ្រួសារហើយ អ្នកនឹងត្រូវផ្ដល់ការយកចិត្តទុកដាក់លើគ្រួសារ ហើយការ Hang Out ជាមួយមិត្តភ័ក្ដិនឹងមិនមែនជាអ្វីដែលអាចធ្វើញឹកញាប់ទៀតឡើយ។ បើដល់ពេលមានកូនទៀតគ្រប់គ្នានឹងកាន់តែរវល់។
៧. កុំរំពឹងថាគ្រប់យ៉ាងនឹងនៅនិរន្តរ
កុំគិតថានៅពេលពាក់ចិញ្ចៀនរៀបការហើយ អ្នកទាំងពីរនឹងអាចរស់នៅជាមួយគ្នាបានរហូត ព្រោះអនាគតអ្នកមិនអាចគ្រប់គ្រងបាន ១០០%នោះទេ បើអ្នកមិនបន្ថែមភាពផ្អែមល្ហែមឲ្យគ្នា មានបញ្ហាមិនជួយគ្នាដោះស្រាយ រួមទាំងមិនបើកចិត្តជាមួយគ្នា។ នេះគឺជារឿងមូលដ្ឋានសម្រាប់ការរស់នៅក្នុងជីវិតគ្រួសារ។ ដូច្នេះហើយត្រូវធ្វើយ៉ាងណាកុំឲ្យស្នេហាអ្នកប្រែជាសោះកក្រោះទៅតាមពេលវេលាឲ្យសោះ។
៨. អ្នកនឹងមើលឃើញពិភពលោកកាន់តែធំ
អ្នកនឹងត្រូវសម្លឹងមើលពិភពលោកឲ្យបានទូលាយជាងមុន។ អ្នកអាចនឹងត្រូវបើកចិត្តឲ្យទូលាយ និងកាត់បន្ថយភាពអាត្មានិយម ដើម្បីឲ្យស្នេហាដំណើរទៅមុខកាន់តែរលូន ហើយអ្នកនឹងត្រូវមានចិត្តសប្បុរសជាមួយអ្នកដទៃកាន់តែច្រើន រួមទាំងបើកចិត្តស្ដាប់ពួកគេកាន់តែច្រើនដែរ។ នេះជារឿងល្អមែនអត់? ដូច្នេះហើយការរៀបការមានគ្រួសារមិនមែនជារឿងដែលគួរឲ្យមានសម្ពាធនោះទេ គ្រាន់តែថាអ្នកត្រូវបើកចិត្តឲ្យទូលាយ និងសម្របខ្លួនឲ្យបានល្អតែប៉ុណ្ណោះ ៕